(កំពង់ស្ពឺ)៖ ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានណែនាំដល់ក្រុមគ្រួពេទ្យយកចិត្តទុកដាក់ និងចាត់តំណាងចុះសួរសុខទុក្ខដោយផ្ទាល់ ករណីប្រជាពលរដ្ឋដែលរងគ្រោះថ្នាក់ ក្នុងហេតុការណ៍ក្រឡាប់រថយន្ដទេសចរណ៍ ៤៥កៅអី នៅជំរាលភ្នំគិរីរម្យ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥។
ជនរងគ្រោះក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះ តាំងពីវេលាកើតហេតុ រហូតមកដល់ពេលនេះ គឺទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីក្រុមគ្រូពេទ្យជំនាញ និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងមានការសួរសុខទុក្ខលោកបណ្ឌិត ជាម ច័ន្ទសោភណ្ឌ អភិបាលខេត្តកំពង់ស្ពឺផងដែរ។
ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានរៀបរាប់យ៉ាងដូច្នេះថា «ក្រោយទទួលបានសេចក្តីរាយការណ៍ពីករណីគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងនៅតាមបណ្តោយផ្លូវចុះពីឧទ្យានជាតិ ព្រះសុរាម្រិត-កុសមៈ គីរីរម្យ ដែលបណ្តាលឲ្យមានអ្នករងរបួសធ្ងន់ ស្រាល ជាច្រើននាក់ ខ្ញុំក៏បានចាត់តំណាងក្រុមការងារទៅសួរសុខទុក្ខ និងតាមដានស្ថានភាពសុខភាពរបស់បងប្អូន។ ខ្ញុំសូមជូនពរឲ្យបងប្អូនឆាប់បានជាសះស្បើយពីរបួសដើម្បី ឆាប់បានត្រលប់ទៅកាន់ស្រុកកំណើតវិញ ក្នុងខេត្តស្វាយរៀង។ ខ្ញុំសូមថ្លែងអំណរគុណ និងកោតសរសើរដល់ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ អាជ្ញាធរពាក់ព័ន្ធ ក្រុមសង្រ្គោះ និងក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ដែលបានខ្នះខ្នែងជួយដល់បងប្អូនដែលជួបហេតុការណ៍ដ៏អកុសលនេះ»។
សូមជម្រាបថា រថយន្ដទេសចរណ៍ប្រភេទ៤៥កៅអីមួយគ្រឿង បានប្រឡាប់ធ្លាក់ជំរាលភ្នំគិរីរម្យ នារសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥នេះ បានបណ្ដាលឲ្យមនុស្សប្រមាណ២០នាក់ រងរបួសធ្ងន់ ស្រាល។ ហេតុការណ៍នេះកើតឡើងនៅចំណុចផ្លូវចំណោត ក្បែររមណីយដ្ឋានវីរៈប៊ុនថាំ (ខ្នងភ្នំគិរីរម្យ) ស្ថិតក្នុងភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ចំពោះជនរងគ្រោះ គឺជាភ្ញៀវទេសចរមកពីខេត្តស្វាយរៀង បានជួលរថយន្តក្រុងប្រភេទ៤៥កៅអីខាងលើ មកលេងជាក្រុមនៅលើខ្នងភ្នំគិរីរម្យ ហើយបន្ទាប់មកក៏បន្តដំណើរទៅលេង ទីតាំងកម្សាន្តវីរៈប៊ុនថាំ ដែលទើបស្ថាបនារួចរាល់ថ្មី ក្រោយមកក៏ជួបឧបទ្ទវហេតុគ្រោះថ្នាក់ពេលវិលត្រឡប់មកវិញ។ ករណីក្រឡាប់ធ្លាក់រថយន្តចូលជ្រោះនេះ គឺផ្តើមចេញពីការដាច់ហ្រ្វាំង ពេលចុះចំណោតខ្លាំង៕