(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ទី១៧ ខែមីនា ឆ្នាំ២០២៥ នេះ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយលោក Li Guoying រដ្ឋមន្រ្តីក្រសួងធនធានទឹកនៃសាធារណរដ្ឋប្រជាមានិតចិន នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម។
ថ្លែងក្នុងកិច្ចជំនួបនោះ លោករដ្ឋមន្ត្រី ថោ ជេដ្ឋា បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅដល់គណៈប្រតិភូដឹកនាំដោយលោករដ្ឋមន្ត្រីក្រសួងធនធានទឹកចិន ព្រមទាំងបានបញ្ជាក់ឡើងវិញនូវចំណងមិត្តភាពដ៏រឹងមាំកម្ពុជា-ចិន និងទំនាក់ទំនងកិច្ចសហប្រតិបត្តិការដៃគូយូរអង្វែង ជាពិសេសក្នុងការគ្រប់គ្រងធនធានទឹក ដើម្បីចូលរួមការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា។
លោករដ្ឋមន្ត្រី ថោ ជេដ្ឋា ក៏បានជម្រាបជូនគណៈប្រតិភូ អំពីបេសកកម្មរបស់ក្រសួងធនធានទឹក និងឧតុនិយម ក្នុងការធានានូវសន្តិសុខទឹក ការអភិវឌ្ឍ និងការគ្រប់គ្រងទឹកប្រកបដោយនិរន្តរភាពសម្រាប់ពហុវិស័យ ជាពិសេសការអភិវឌ្ឍនិងថែទាំប្រព័ន្ធធារាសាស្ត្រ ដើម្បីទ្រទ្រង់ផលិតភាពកសិកម្ម ការពង្រឹងប្រព័ន្ធព្យាករណ៍អាកាសធាតុនិងការការពារទឹកជំនន់ និងការពង្រឹងអភិបាលកិច្ចទឹកនិងកិច្ចសហប្រតិបត្តិការទឹកឆ្លងដែន ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលផ្តោតលើអាទិភាពគន្លឹះចំនួន៥គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។
ក្នុងជំនួបពិភាក្សានេះ លោករដ្ឋមន្ត្រី បានបញ្ជាក់ពីជំហរក្នុងការបង្កើនទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ ហើយបានប្តេជ្ញាពង្រឹងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការពេជ្រ សំដៅកសាងសហគមន៍កម្ពុជា-ចិននៃអនាគតរួមគ្នាប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់។ ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រីក៏បានស្នើដល់ភាគីចិន ដើម្បីស្វែងរកនូវកិច្ចសហប្រតិបត្តិការទ្វេភាគីលើកិច្ចការមួយចំនួនដូចជា៖
១៖ ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទឹក ជាពិសេសក្នុងការធ្វើទំនើបកម្មប្រព័ន្ធធារាសាស្ត្រឱ្យមានភាពពេញលេញ
២៖ ការកសាងសមត្ថភាព និងការផ្ទេរបច្ចេកវិទ្យា ដើម្បីបង្កើនការគ្រប់គ្រងធនធានទឹក
៣៖ ការពង្រីកបណ្តាញធារាសាស្ត្រ និងឧតុនិយម ដើម្បីទប់ទល់នឹងគ្រោះមហន្តរាយ
៤៖ ការស្រាវជ្រាវរួមគ្នា និងការច្នៃប្រឌិតក្នុងការអភិរក្សទឹក និងធានាភាពធន់នឹងអាកាសធាតុ៕