(កោះកុង)៖ រដ្ឋបាលខេត្តកោះកុង និងមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានរៀបចំពិធីដង្ហែរក្បួន ដែលជ័យលាភីលេខ១ នៃសំណុំសកម្មភាពបង្រ្គប់កម្រិត២គំរូ ចំណាត់ថ្នាក់លេខ១ ប្រចាំឆ្នាំ២០២៤ ជាលើកទី២ បន្ទាប់ពីទទួលជ័យលាភីលេខ១ កាលពីឆ្នាំ២០១៩ ម្តងរួចមកហើយ។

ជាមោទនភាពមួយ ដែលសម្រាប់ខេត្តកោះកុង ដែលមន្ទីរពេទ្យបង្អែកខេត្ត បានបន្តទទួលជ័យលាភីលេខ១ ផ្នែកសំណុំសកម្មភាពបង្រ្គប់កម្រិត២គំរូ ប្រចាំឆ្នាំ២០២៤ ក្រោមប្រឹងប្រែងបំពេញទៅលក្ខខណ្ឌសំខាន់ៗ របស់គណៈកម្មការវាយតម្លៃជាអន្តរក្រសួង។

ពិធីនេះក្រោមវត្តមាន លោក ថុង ណារ៉ុង ប្រធានក្រុមប្រឹក្សាខេត្ត, លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង, ប្រធានមន្ទីរសុខាភិបាលខេត្ត លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរបង្អែកខេត្តកោះកុង មន្ត្រីរាជការគ្រប់បណ្តាអង្គភាព សិស្សានុសិស្សប្រជាពលរដ្ឋយ៉ាងកុះករ នាថ្ងៃទី១៧ខែមីនា ឆ្នាំ២០២៥។

លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន បានឲ្យដឹងថា លក្ខខណ្ឌនៃការចូលរួមប្រឡងប្រណាំងជាអង្គភាពគំរូ ផ្តល់សេវាសាធារណៈឆ្នាំ២០២៤កន្លងទៅនេះ ពុំមែនជារឿងងាយស្រួលនោះទេ ចំពោះការដណ្តើមជ័យលាភី ប៉ុន្តែទោះយ៉ាងណាថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាលមន្ទីរពេទ្យ បានរួមគ្នា អនុវត្តបំពេញទៅល្អប្រសើរ ទៅតាមការកំណត់របស់ក្រសួងមុខងារសាធារណៈ ប្រកបដោយសុក្រិត្យភាព និងយុត្តិធម៌។

បន្ទាប់ពីបានរៀបចំពិធីសំណេះសំណាល និងអបអរសាទរ ចំពោះលទ្ធផលនៃការប្រឡងប្រណាំងអង្គភាពផ្ដល់សេវាសាធារណៈគំរូ ឆ្នាំ២០២៤ រវាងថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកសុខាភិបាល និងប្រជាពលរដ្ឋ លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន បានបន្ថែមថា លក្ខខណ្ឌចំនួន៨នោះគឺ ទី១ ការផ្តល់សេវាសាធារណ ទី២ ការផ្តល់សេវាសុខាភិបាល ទី៣ ការគ្រប់គ្រងហិរញ្ញវត្ថុ ទី៤ ការអភិវឌ្ឍន៍ធនធានមនុស្ស ទី៥ ការរៀបចំសោភណ្ឌបរិស្ថាន ទី៦ ចុះផ្តល់ពិនិត្យព្យាបាលនៅតាមសហគមន៍ ទី៧ ដោះស្រាយសំណូមពររបស់អ្នកជំងឺ និងទី៨ គំនិតច្នៃប្រឌិតក្នុងអង្គភាពផ្ទាល់តែម្តង។

លោកស្រី មិថុនា ភូថង អភិបាលខេត្ត បានថ្លែងថា នេះជាមោនភាពមួយ ដែលមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានទទួលជ័យលាភីចំនួនលើកទី២ប្រចាំឆ្នាំ ក្នុងការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋក្នុងការព្យាបាលអ្នកជំងឺ និងក្រុមសិលធម៌វិជ្ជាជីវៈរបស់លោកគ្រូពេទ្យ និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធបរិវេណមន្ទីរពេទ្យ ថែរក្សាបរិស្ថានឲ្យលសោមភ័ណ្ឌ បានល្អដើម្បីផាសុខភាពប្រជាពលរដ្ឋ៕