(ភ្នំពេញ)៖ លោក គង់ វិបុល រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានលើកឡើងថា យុទ្ធសាស្រ្តកៀរគរចំណូលរយៈពេលមធ្យម ២០២៤-២០២៨ ដែលបានដាក់ឱ្យអនុវត្តពេលថ្មីៗនេះ នឹងបង្កើតបរិយាកាសអំណោយផលដល់សកម្មភាពសេដ្ឋកិច្ច និងជំរុញសកម្មភាពពាណិជ្ជកម្ម។
ការលើកឡើងរបស់ លោក គង់ វិបុល ធ្វើឡើងក្នុងសិក្ខាសាលាស្តីពីកាតព្វកិច្ចពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ និង បច្ចុប្បន្នភាពច្បាប់ និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារ នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥នេះ។ សិក្ខាសាលានេះ មានការចូលរួមពីអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងបណ្តាក្រុមហ៊ុននានា ទាំងជាតិ និងអន្តរជាតិ ដែលកំពុងធ្វើធុរកិច្ចនៅកម្ពុជា។
លោកបានគូសបញ្ជាក់ថា នៅក្នុងយុទ្ធសាស្រ្តកៀរគរចំណូល រយៈពេលមធ្យម ២០២៤-២០២៨ ដែលបានកែទម្រង់ និងបានដាក់ឱ្យអនុវត្ត រាជរដ្ឋាភិបាលបានផ្តោតទៅលើអភិក្រមចំនួន៥ ដែលរួមមាន៖
ទី១. ធានាកំណើនសេដ្ឋកិច្ច បង្កើតបរិយាកាស អំណោយផលដល់សកម្មភាពសេដ្ឋកិច្ច ជំរុញសកម្មភាពពាណិជ្ជកម្ម ។
ទី២. មិនបង្កើតពន្ធថ្មី និងមិនដំឡើងអត្រាពន្ធនោះទេ លើកលែងតែអាករពិសេសមួយចំនួន ដែលរដ្ឋាភិបាលគិតថា ទំនិញនោះជាទំនិញដែលប៉ះពាល់ដល់សុខភាព ដូចជាថ្នាំជក់ជាដើម។
ទី៣. ពង្រឹងយន្តការឆ្លើយតបជាមួយអ្នកជាប់ពន្ធ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងពង្រឹងអភិក្រមចំពោះមន្រ្តីប្រមូលពន្ធ ពោលគឺត្រូវពង្រឹងឱ្យមានប្រសិទ្ធភាព ក្នុងការបម្រើសេវាដល់អ្នកជាប់ពន្ធ ដោយប្រើនូវបច្ចេកវិទ្យាព័ត៌មាន តាមរយៈការបន្តធ្វើទំនើបកម្មបន្ថែមទៀត ក្នុងការបម្រើផ្តល់សេវា
ទី៤.រៀបចំវិធានការដែលមានចរិក បង្កើនចំណូល ប៉ុន្តែមិនបង្កឱ្យមានវិធានការទំនាស់សេដ្ឋកិច្ច និង
ទី៥. ជំរុញការចូលរួមពីវិស័យឯកជន។
លោក បានគូសបញ្ជាក់ថា អភិក្រមទាំងនេះ គឺជាអ្វីដែលអ្នកវិនិយោគ និងអ្នកធ្វើអាជីវកម្មទាំងឡាយចង់បាន។
លោកបានមានប្រសាសន៍ថា ក្នុងនាមជាអ្នកប្រមូលពន្ធ អគ្គនាយកដ្ឋានពន្ធដារ ចង់ប្រមូលចំណូលតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលឱ្យស្របតាមច្បាប់ និងដើម្បីធ្វើយ៉ាងណាឱ្យអ្នកជាប់ពន្ធអាចព្យាករណ៍បាននូវកម្រិតនៃការជាប់ពន្ធរបស់ខ្លួន និងធ្វើឱ្យមានគណនេយ្យភាព និងតម្លាភាពក្នុងការប្រមូល-បង់ពន្ធ។
ជាមួយគ្នានេះ លោកជំរុញឱ្យ សហគ្រាសទាំងអស់ត្រូវតែគោរពគោលការនូវអភិបាលកិច្ចល្អ ក្នុងការធ្វើអាជីវកម្ម ដើម្បីរួមគ្នា ចាប់ដៃគ្នា ជំរុញកំណើនសេដ្ឋកិច្ច។ ហើយប្រសិនបើមានបញ្ហាត្រូវជជែកគ្នា ដើម្បីដោះស្រាយ ជៀសវាងការបកស្រាយខុសគ្នា ដែលធ្វើឱ្យកម្ពុជាមានកេរ្តិ៍ឈ្មោះមិនល្អ៕