(ភ្នំពេញ)៖ លោក ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានមានប្រសាសន៍ឱ្យដឹងថា ការកាត់ទោសលើក្រុមអ្នកជ្រុលនិយម មិនមែនធ្វើទុក្ខបុកម្នេញនោះទេ ប៉ុន្តែជាការអនុវត្តច្បាប់ និងដើម្បីធានាការពារសុខសន្តិភាព ដែលរដ្ឋាភិបាលខំកសាងឡើងដោយលំបាក។ ការថ្លែងរបស់លោក ប៉ែន បូណា បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ ដែលជជែកលើប្រធានបទ «សន្តិភាពគ្មានទេធាតុជ្រុលនិយម»។
លោករដ្ឋមន្រ្តីបានបញ្ជាក់ដែរថា ដោយសារតែក្រុមជ្រុលនិយមនេះ តែងតែមានចេតនា និងបានញុះញង់ឱ្យមានបះបោរ ឬបង្កភាពវឹកវរនៅក្នុងសង្គមនាពេលកន្លងមក ដែលទង្វើនេះគឺផ្ទុយនឹងច្បាប់ដែលមាននៅក្នុងប្រទេសកម្ពុជា ទើបនាំឱ្យមានការអនុវត្តច្បាប់បែបនេះ។ ពោលគឺមិនមែនជាការរឹតត្បិតសេរីភាព ឬក៏ធ្វើទុក្ខបុកម្នេញនោះឡើយ ព្រោះប្រជាពលរដ្ឋខ្មែរច្រើនណាស់បានរស់នៅក្នុងសេចក្ដីសុខ ជាមួយសន្តិភាព ហើយមិនមានអារម្មណ៍ថាមានការធ្វើទុក្ខបុកម្នេញ ដូចក្រុមជ្រុលនិយមនោះឡើយ។
ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជន ទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖