(ភ្នំពេញ)៖ ការវិនិយោគរបស់បរទេសជាក្តីស្រេកឃ្លានមិនចេះឆ្អែតឆ្អន់នោះឡើយសម្រាប់​រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ព្រោះការវិនិយោគគឺជាធាតុដ៏ចាំបាច់សម្រាប់ជំរុញ​សេដ្ឋកិច្ចជាតិ និងជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជាឱ្យកាន់តែល្អប្រសើរ។ នីតិកាលទី៧ នៃ​រដ្ឋសភា រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញ​យុទ្ធសាស្ត្រជាច្រើនដើម្បីទាក់ទាញអ្នកវិនិយោគបរទេស ដែលសម្តេចតែងហៅថា​នយោ​បាយ «ទាក់ម៉ូយ»

កម្មវិធីគោះទ្វារអ្នកវិនិយោគជាកម្មវិធីមួយក្នុងចំណោមកម្មវិធីជាច្រើនលើកិច្ចការជំរុញការវិនិយោគ ដែលលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុ​ប្រធានទី១ ក្រុមប្រឹក្សា​អភិ​វឌ្ឍន៍​កម្ពុជា បានដាក់ចេញ ហើយអនុវត្តក្នុងនាមជាប្រតិបត្តិករផ្នែកវិនិយោគ។

ក្នុងសប្តាហ៍ទី៣ នៃខែមីនា ដើមឆ្នាំ២០២៥នេះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានដឹកនាំមន្ត្រីជាន់ខ្ពស់របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចេញទៅកាន់ខេត្តហ៊ឺណាន និងទីក្រុងសៀងហៃ ប្រទេសចិន ដើម្បីបន្តបេសកកម្មការងារទាក់ទាញអ្នកវិនិយោគ។

ថ្ងៃដំបូងនៃបេសកកម្មចាស់លើកាលបរិច្ឆេទថ្មី នាព្រឹកថ្ងៃចន្ទ ទី១៧ ខែមីនា ឆ្នាំ២០២៥​នេះ លោក ស៊ុន ចាន់ថុល អមដំណើរដោយលោកស្រី សឿង រដ្ឋចាវី ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំប្រទេសចិន បានដឹកនាំគណៈប្រតិភូ​នៃក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា, ក្រុម​ប្រឹក្សា​ភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា, និងសមាគមឧកញ៉ាកម្ពុជា ទស្សនកិច្ចការងារ ទៅកាន់ក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋាន​ខេត្តហឺណាន(Henan Airport Investment Group) និងទីស្នាក់ការក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា(Air Cambodia) ប្រចាំក្រុងចឹងចូវ ក្នុងគោលបំណងសិក្សាស្វែងយល់អំពីការប្រព្រឹត្ត​ទៅ​នៃសហគ្រាស និងជំរុញការវិនិយោគបន្ថែមទៀតនៅលើទឹកដីកម្ពុជា។

តាមរយៈជំនួបនោះ គណៈប្រតិភូកម្ពុជាក៏បានបង្ហាញអំពីបរិយាកាសវិនិយោគ ការគាំទ្រ​វិស័យឯកជនពីសំណាក់រាជរដ្ឋាភិបាល និងសក្តានុពលទេសចរណ៍របស់កម្ពុជា ទៅកាន់​ភាគីចិនផងដែរ។

មានមតិស្វាគមន៍ លោក Yi Riwu អគ្គនាយកក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋាន​ខេត្ត​ហ៊ឺណាន បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈប្រតិភូកម្ពុជា​ដែលបាន​អញ្ជើញមកបំពេញទស្សនកិច្ចនៅខេត្តហ៊ឺណាន។ បន្ថែមពីនេះ លោកក៏បានពិព័ណ៌នា​អំពីសាវតាររបស់ក្រុមហ៊ុន ក៏ដូចជាវឌ្ឍនភាពថ្មីៗនៃប្រតិបត្តិការរបស់ខ្លួនដែលបាន​ធ្វើ​ពិ​ពិធកម្មប្រកបដោយភាពជាក់ស្តែងនិយម ស្របតាមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (Belt and Road Initiative) និងគំនិតផ្តួចផ្តើមផ្លូវសូត្រអាកាស (Air Silk Road Initiative)។ ជាក់ស្តែងកាលពីពេលថ្មីៗនេះ ក្រុមហ៊ុនក៏បានធ្វើការបោះជំហានវិនិយោគ​នៅកម្ពុជាតាមរយៈការបណ្តាក់ទុនវិនិយោគក្រោមរូបភាពជាភាគហ៊ុនិកជាមួយក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា (Air Cambodia)។

ជាការឆ្លើយតប លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងអំណរគុណចំពោះ​ការ​ធ្វើ​បដិសណ្ឋារកិច្ចប្រកបដោយមេត្រីភាពរបស់ភាគីមិត្តចិ​នជូនចំពោះគណៈ​ប្រតិភូ​កម្ពុជា​នាឱកាសនេះ។ លោកឧបនាយករដ្ឋមន្ត្រី ក៏បានសម្តែងការវាយតម្លៃខ្ពស់ជូនចំពោះភាព​រីកលូតលាស់ឥតឈប់ឈររបស់ក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានខេត្តហឺណាន និយាយជារួម និងក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជានិយាយដោយឡែក ដែលបានជះ​ផល​វិជ្ជមានមកលើការអភិវឌ្ឍសហគមន៍វាសនារួមកម្ពុជា-ចិន។

លោកឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តភាគីមិត្តក្នុងការពិនិត្យលទ្ធភាព​ពង្រីក​គោល​ដៅហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជាដើម្បីលើកកម្ពស់ការតភ្ជាប់រវាងប្រជាជន និងប្រជាជន (People to People - P2P) ជាពិសេសការតភ្ជាប់រវាងធុរជន និងធុរជន (Business to Business - B2B) និងដើម្បីសម្រេចគោលដៅការទាក់​ទាញភ្ញៀវទេសចរពីខេត្តហ៊ឺណាន មកទស្សនាកម្ពុជាឱ្យបាន១លាននាក់ ក្នុងឆ្នាំ​២០​២៥នេះ។ បន្ថែមពីនេះ លោកឧបនាយករដ្ឋមន្ត្រីបានអញ្ជើញលោក​អគ្គនាយកក្រុម​ហ៊ុន​វិនិយោគអាកាសយានដ្ឋានខេត្តហឺណាន និងសហការីពិនិត្យលទ្ធភាព និងឱកាសក្នុង​ការមកទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីពង្រឹង និងពង្រីកមុខសញ្ញាវិនិយោគរបស់ខ្លួនបន្ថែមទៀតតាមរយៈការឆក់យកឱកាសវិនិយោគលើវិស័យដែលមានសក្តានុពល និងស្របតាមឯកទេសរបស់ក្រុមហ៊ុន។

សូមជម្រាបជូនថា ក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានខេត្តហ៊ឺណាន គឺជាសហ​គ្រាស​រដ្ឋដែលមានឯកទេសលើមុខសញ្ញាវិនិយោគពាក់ព័ន្ធនឹងការអភិវឌ្ឍនគរូបនីយកម្ម, ការវិនិយោគលើនគរូបនីយកម្ម, បច្ចេកវិទ្យា, ប្រតិបត្តិការ, សួនបច្ចេកវិទ្យា, និងឧស្សាហកម្មផ្នែកបច្ចេកវិទ្យា។

ក្នុងឱកាសនោះ ដោយទទួលបានការអនុញ្ញាតពីឧបនាយករដ្ឋមន្ត្រី លោក អ៊ិត វិជិត នាយកប្រតិបត្តិ នៃក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជា បានជម្រាបជូនអំពីសក្តានុពលទេសចរណ៍នៅក្នុងប្រទេសកម្ពុជា ខណៈដែល អ្នកឧកញ៉ា គួន ធីតា សមាជិកា នៃសមាគមឧកញ៉ាកម្ពុជា បានលើកឡើងអំពី​បរិយា​កាសធុរកិច្ច និងការវិនិយោគនៅកម្ពុជា ដែលមានអំណោយផលខ្ពស់ចំពោះ​ការវិនិយោគឯកជន៕