(សៀមរាប)៖ លោក ណូ លីដា អគ្គនាយក នៃសាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានមានប្រសាសន៍លើកទឹកចិត្តដល់សិប្បកម្ម និងសហគ្រាសជលផលក្រោយប្រមូលផល ចូលរួមដាក់ពាក្យស្នើសុំកញ្ចប់គាំទ្រពីកម្មវិធីហិរញ្ញវត្ថុគាំទ្រការវិនិយោគ ISF ក្រោមការគាំទ្រថវិកាពី សហភាពអឺរ៉ុប (EU) ឱ្យបានច្រើន ដើម្បីបង្កើនការកែច្នៃផលិតផលជលផលរបស់ខ្លួន ស្របតាមស្ដង់ដារម្ហូបអាហារ និងបង្កើនទំនុកចិត្តអតិថិជន។

ការណ៍នេះ បានធ្វើឡើងនាឱកាសដែលលោក ចុះជួបជាមួយសិប្បកម្ម និងសហគ្រាសជលផលក្រោយប្រមូលផល នៅខេត្តសៀមរាបកាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤ កន្លងទៅ។

លោកអគ្គនាយក បានបង្ហាញពីសារប្រយោជន៍ជាច្រើនដែលសហគ្រាសនឹងទទួលបាន តាមរយៈការចូលរួមក្នុងកម្មវិធី ISF ដែលជាការរួមបញ្ចូលកញ្ចប់មូលនិធិរបស់គម្រោង CAPFISH-Capture របស់អង្គការ UNIDO និងរដ្ឋបាលជលផល ប្រាក់កម្ចីដែលមានការធានា ពី CGCC និងសហវិនិយោគផ្ទាល់ពីសហគ្រាស ប្រកបដោយបរិយាប័ន្ន និងចីរភាព។

បន្ថែមពីនេះ លោក ណូ លីដា បានបញ្ជាក់ថា កម្មវិធីនេះ មានការចូលរួមធនធានពីសហគ្រាសផ្ទាល់ ១០% កម្ចីអាជីវកម្មពីគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមរហូតដល់ ៥០% និងកញ្ចប់មូលនិធិគម្រោងរហូតដល់ ៤០% ដែលគាំទ្រជាសម្ភារបរិក្ខារ ដើម្បីធ្វើទំនើបកម្មអាជីវកម្ម អនុលោមតាមលក្ខខណ្ឌតម្រូវសុវត្ថិភាពម្ហូបអាហារ និងជម្រុញការឈានចូលទីផ្សារថ្នាក់ជាតិ តំបន់ និងអន្តរជាតិ៕

សូមទស្សនាវីដេអូទាំងស្រុងរបស់ លោក ណូ លីដា៖