(សៀមរាប)៖ ថ្មីៗកន្លងមកនេះ នាយកដ្ឋានអភិរក្សតំបន់ការពារធម្មជាតិដីគោកខាងជើងបឹងទន្លេសាប អគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ នៃក្រសួងបរិស្ថាន និងមជ្ឈមណ្ឌល BETTER LIVING ក្រោយការសម្របសម្រួលពីមជ្ឈមណ្ឌល JIFPRO (Japan International Forestry Promotion and Cooperation) បានឈានដល់ការចុះហត្ថលេខាលើគម្រោង ស្តារព្រៃឈើឡើងវិញក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន»។
លោក ស្រី ស៊ុនលាង អគ្គនាយកនៃអគ្គនាយកដ្ឋាន តំបន់ការពារធម្មជាតិ បានលើកឡើងថាគម្រោងនេះ បានរៀបចំឡើងចូលរួមចំណែកអនុវត្តយុទ្ធនាការ «ពន្លកបៃតង» មុំទី២ «ភាពបៃតង» នៃយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលត្រូវបានដាក់ចេញសំដៅឆ្ពោះទៅសម្រេចការអភិវឌ្ឍ ប្រកបដោយអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។
ក្នុងពិធីនៃការចុះកិច្ចព្រមព្រៀងគម្រោងស្តារព្រៃឈើឡើងវិញ ក្នុងឧទ្យានជាតិភ្នំគូលែន លោក Jun Manabe ប្រធាន ក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌល BETTER LIVING បានបញ្ជាក់ថា មជ្ឈមណ្ឌលគាំទ្រគោលដៅយុទ្ធនាការ «ពន្លកបៃតង» និងបង្ហាញពីស្មារតីយ៉ាងមុតមាំ ក្នុងការគាំទ្រសកម្មភាពស្តារព្រៃឈើឡើងវិញក្នុងឧទ្យានជាតិព្រះជ័យវរ្មន-នរោត្តម «ភ្នំគូលែន» ក្នុងតំបន់ព្រៃរេចរឹលលើផ្ទៃដី ទំហំប្រមាណ ៣០ហិកតា ចាប់ពីឆ្នាំ២០២៥-២០៣០ និងបន្តការថែទាំរហូតដល់ឆ្នាំ ២០៣២។
សូមបញ្ជាក់ថា ការស្តារព្រៃឈើឡើងវិញនឹងត្រូវអនុវត្ត ដោយមានការចូលរួមពីសហគមន៍មូលដ្ឋាន ក្រោមការដឹកនាំ គ្រប់គ្រងនិងតម្រង់ទិសផ្នែកបច្ចេកទេស ពីនាយកដ្ឋានជំនាញ សម្របសម្រួលដោយមន្ត្រីឧទ្យានុរក្សរបស់ឧទ្យានជាតិ ដើម្បីលើកកម្ពស់ ការយល់ដឹងពីវិធាននៃការស្តារព្រៃឈើ ឡើងវិញ បង្កើនការអប់រំពីកិច្ចគាំពារបរិស្ថាន និងសង្គម។
គួររម្លឹកផងដែរថា ចាប់តាំងឆ្នាំ២០២៣-២០២៤ មជ្ឈមណ្ឌល JIFPRO បានគាំទ្រគម្រោងស្តារព្រៃឈើឡើងវិញ សាកល្បង ដោយដាំឈើចម្រុះចំនួនជាង ៦ ៧៤០ដើម លើផ្ទៃដីព្រៃរេចរឹល ទំហំ ៦ហិកតា ស្ថិតក្នុងឧទ្យានជាតិព្រះជ័យវរ្មន-នរោត្តម «ភ្នំគូលែន»។ តាមរយៈលទ្ធផលជាវិជ្ជមាននៃការអនុវត្តគម្រោង សាកល្បង (អត្រារស់រហូតដល់ ៧២%) ទើបគម្រោង THE BLUE AND GREEN PROJECT ដំណាក់កាលទី៣ របស់មជ្ឈមណ្ឌល បានជ្រើសយកប្រទេសកម្ពុជា អនុវត្តគម្រោង ចាប់ពីឆ្នាំ២០២៥ តទៅបន្តទៀត៕