(ភ្នំពេញ)៖ ពលរដ្ឋខ្មែរអបអរសាទរចំពោះការសម្រេចចិត្តរបស់រដ្ឋបាលសហរដ្ឋអាមេរិក ដែលបិទការ ផ្សាយវិទ្យុអាស៊ីសេរី។ ចំណាត់ការបិទការផ្សាយវិទ្យុអាស៊ីសេរី គឺជាការទទួលស្គាល់ថា សុចរិតភាពនៃប្រទេសកម្ពុជា សក្តិសមនឹងទទួលបានការផ្សាយព័ត៌មានពិត និងព័ត៌មាន ដែលឆ្លុះបញ្ចាំងតថភាពរបស់សង្គមខ្មែរទាំងស្រុង នោះមិនមែនដូចជាការផ្សាយរបស់វិទ្យុ អាស៊ីសេរីកន្លងមកនោះទេ។ Fresh Exclusive មានសេចក្តីរាយការណ៍ស៊ីជម្រៅមួយជុំវិញ បញ្ហានេះ…

ចំណាត់ការបិទការផ្សាយវិទ្យុអាស៊ីសេរី ជាពិសេសវិទ្យុ RFA ជាភាសាខ្មែរនាពេលថ្មីៗនេះ ដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក ទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាជនកម្ពុជា។ ជាច្រើនឆ្នាំមកនេះ វិទ្យុអាស៊ីសេរីជាភាសាខ្មែរ ត្រូវបានចោទប្រកាន់ថា បានផ្សព្វផ្សាយព័ត៌មានមិនពិត, ព័ត៌មានញុះញង់ និងព័ត៌មានបង្កឱ្យប្រទេសកម្ពុជា ដែលមានសន្តិភាពធ្លាក់ចូលក្នុងវិបត្តិចលាចល និងវិទ្យុនេះ បម្រើឱ្យផលប្រយោជន៍ក្រុមប្រឆាំងជ្រុលនិយម ជាជាងផ្តល់ព័ត៌មានដែលឆ្លុះបញ្ចាំងនូវតថភាពសង្គមទាំងមូលរបស់ជាតិកម្ពុជា។ វិធានការបិទវិទ្យុអាស៊ីសេរីនេះ ត្រូវបានគេមើលឃើញថា គឺជាជំហានចាំបាច់មួយដើម្បីទប់ស្កាត់ការបែកបាក់ និងកត្តាអស្ថិរភាពនៅក្នុងប្រទេសកម្ពុជា។

*ហេតុអ្វីបានជារដ្ឋាភិបាលសហរដ្ឋអាមេរិកបិទការផ្សាយវិទ្យុអាស៊ីសេរី

ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសកល (USAGM) ដែលគ្រប់គ្រងវិទ្យុអាស៊ីសេរី និងការផ្សាយដទៃ ក្រោមការផ្តល់មូលនិធិរបស់រដ្ឋបាលអាមេរិកដូចជា វិទ្យុអឺរ៉ុបសេរី វិទ្យុសេរីភាព និងវិទ្យុសំឡេងអាមេរិក VOA កំពុងប្រឈមនឹងការត្រួតពិនិត្យលើភាពមិនប្រក្រតីផ្នែកហិរញ្ញវត្ថុ និងការរំលោភបំពានសន្តិសុខ។ ជាការឆ្លើយតបចំពោះភាពមិនប្រក្រតីទាំងនេះ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានផ្អាកប្រតិបត្តិការការផ្សាយទាំងឡាយដែលស្ថិត ក្រោមប្រព័ន្ធផ្សព្វផ្សាយសកល (USAGM) ក្នុងនោះរួមមានទាំងវិទ្យុអាស៊ីសេរីជាភាសាខ្មែរ និងវិទ្យុ៨ភាសាផ្សេងទៀត ដែលក្នុងមួយឆ្នាំៗរដ្ឋបាលអាមេរិកត្រូវចំណាយមិនតិចជាង៦០ លានដុល្លារឡើយ សម្រាប់តែកម្មវិធីវិទ្យុអាស៊ីសេរីដែលមាន៩ភាសានោះ។

ការសម្រេចចិត្តនេះ បានស្របតាមកិច្ចខិតខំប្រឹងប្រែងទូលំទូលាយដើម្បីលុបបំបាត់ការចំណាយខ្ជះខ្ជាយ ខណៈដែលអ្នករិះគន់រួមទាំងលោក Elon Musk ដែលជារដ្ឋមន្ត្រីក្រសួងប្រសិទ្ធភាព របស់រដ្ឋបាលអាមេរិក បានបញ្ជាក់រួចមកហើយថា ការផ្តល់មូលនិធិសម្រាប់ប្រព័ន្ធផ្សព្វផ្សាយបែបនោះ គឺវាហួសសម័យ និងមិនចាំបាច់ ដែលធ្វើឱ្យអ្នកបង់ពន្ធអាមេរិកត្រូវខាតលើការចំណាយក្នុងមួយឆ្នាំៗប្រមាណជិត១ពាន់លានដុល្លារ។ លោក Elon Musk បានថ្លែងថា គេគួរតែបង្វែរលុយទាំងនោះជួយលើអ្វីផ្សេង ដែលមានប្រយោជន៍នោះគឺជាជាងការផ្សាយលើវិទ្យុ ដែលហួសសម័យដូចជា វិទ្យុអាស៊ីសេរី ដែលចូលចិត្តតែនិយាយបន្ទាបបន្ថោកបង្អាប់ប្រទេសកម្ពុជា និងផ្សាយញុះញង់បង្កភាពឈ្លោះប្រកែកនិងភាពបែកបាក់រវាងខ្មែរនិងខ្មែរ។

*ការផ្សាយវិទ្យុអាស៊ីសេរីជាភាសាខ្មែរ បំផ្លាញគ្រឹះស្នូលនៃវិជ្ជាជីវៈព័ត៌មាន

ខណៈពេលដែលវិទ្យុអាស៊ីសេរី ត្រូវបានបង្កើតឡើងដំបូង ដើម្បីលើកកម្ពស់សេរីភាពសារព័ត៌មាន RFA ជាភាសាខ្មែរ បានបរាជ័យជាបន្តបន្ទាប់ក្នុងការលើកកម្ពស់សុចរិតភាពវិស័យសារព័ត៌មាន។ ជំនួសឱ្យការបម្រើជាប្រភពព័ត៌មានមិនលម្អៀង, ការផ្សាយវិទ្យុអាស៊ី សេរីជាភាសាខ្មែរ ត្រូវបានពលរដ្ឋខ្មែរមើលឃើញថា បានដើរតួជាឧបករណ៍ឃោសនាសម្រាប់ តែក្រុមប្រឆាំងដែលបំផ្លាញជាតិ ជាពិសេសអ្នកដែលមាននិន្នាការជាមួយមេខ្លោងក្រុមជ្រុលនិយម សម រង្ស៊ី។

វិទ្យុអាស៊ីសេរី ជាមួយនឹងក្រុមជ្រុលនិយមទាំងនោះ បានស្វះស្វែងណាស់ក្នុងការចង់បង្កើតរកអស្ថិរភាពកម្ពុជា ក្រោមលេសនៃការលើកកម្ពស់សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ទោះបីជាកន្លងមកលេសនៃសិទ្ធិមនុស្ស និងប្រជាធិបតេយ្យទាំងនោះ បានបង្ករូបភាពហិង្សាបំផ្លាញទ្រព្យសម្បត្តិរដ្ឋ និងឯកជនដូចជាការដុតបំផ្លាញមន្ទីរពេទ្យ, ការប្រើហិង្សាគប់គ្រាប់បែកច្នៃដបសាំង និងការប្រើអាវុធច្នៃផ្សេងៗដាក់មកលើកងកម្លាំងសន្តិសុខនៅ ក្នុងព្រឹត្តិការណ៍ឆ្នាំ២០១៣ នៅលើផ្លូវវេងស្រេងជាយរាជធានីភ្នំពេញ ដែលសុទ្ធសឹងជាប្រវត្តិញុះញង់បង្កឱ្យមានអំពើហិង្សា មានមនុស្សស្លាប់និងរបួស និងដើម្បីតែមហិច្ឆតារបស់ពួកជ្រុលនិយមដែលចង់ផ្លាស់ប្តូររបបដឹកនាំក្នុងប្រទេសតាមបែបបដិវត្តន៍ពណ៌។

ពលរដ្ឋខ្មែរជាច្រើនបានរិះគន់វិទ្យុអាស៊ីសេរីជាយូរមកហើយចំពោះការផ្សាយរឿងតែម្ខាងដែលបំភ្លៃការពិតនៃទិដ្ឋភាពនយោបាយរបស់កម្ពុជា។ ព័ត៌មានរបស់វិទ្យុអាស៊ីសេរី គឺជាព័ត៌មាន ដែលបង្កប់ភាពចាក់ដោត និងខ្លឹមសារញុះញង់បង្កភាពបែកបាក់ ដែលមិនត្រឹមតែមានក្នុងរង្វង់ ប្រជាពលរដ្ឋខ្មែរតែប៉ុណ្ណោះទេ, ខ្លឹមសារផ្សាយព័ត៌មានដែលគ្មានវិជ្ជាជីវៈរបស់វិទ្យុអាស៊ីសេរី នោះទៀត បានដុតបញ្ឆេះកំហឹង ចង់ឱ្យខ្មែរស្អប់នឹងប្រទេសជិតខាងថែមទៀត និងការផ្សាយអាស៊ីសេរី បានធ្វើខ្វាក់ទាំងស្រុងចំពោះភាពរីកចម្រើនរបស់ជាតិខ្មែរក្រោមការកាច់ចង្កូតរបស់រាជរដ្ឋាភិបាលអាណ្ណត្តិទី៧ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។

ដូចប្រសាសន៍ កត់សម្គាល់របស់សម្តេចនាយករដ្ឋមន្ត្រី ដែលបានលើកឡើងវេលាថ្មីៗនេះអំពីខ្លឹមសារមួយចំនួន ដែលក្រុមជ្រុលនិយម និយាយចង់តែញុះញង់ឱ្យមានភាពផ្លាស់ប្តូរការដឹកនាំរាជរដ្ឋាភិ បាល។ សម្តេចបវរធិបតីបានថ្លែងថា ប្រទេសដែលប្រកាន់លទ្ធិប្រជាធិបតេយ្យពិតប្រាកដ គេមិនដែលញុះញង់ប្រជាជនរបស់គេ ឱ្យប្រឆាំងនឹងរដ្ឋាភិបាលដែលប្រជាជនបោះឆ្នោតគាំទ្រឱ្យដឹកនាំប្រទេសនោះទេ៖

«ហើយខ្ញុំឃើញ ខ្លះជាពិសេសអ្នកនៅក្រៅ ឱ្យតែអីតិចគឺយកអារឿង ដែលមិនចំណុចល្អដែលខ្លាំងក្នុងពេលនេះយកមកហើយ តែងតែភ្ជាប់…នៅដល់ណាទៀតត្រូវក្រោកឈរឡើង។ ប្រាំឆ្នាំក្រោកទៅបោះឆ្នោតម្តងបានហើយ ប្រជាពលរដ្ឋ៨០ភាគរយបោះហើយ គាត់ផ្តល់លទ្ធភាពដើម្បីធ្វើការងារបន្ត។ នៅប្រទេសប្រជាធិបតេយ្យទាំងអស់គេមិនដែលថា បោះហើយ១ឆ្នាំក្រោយបបួលទៅទម្លាក់ធ្វើអ្វីទៀតទេគេទុកឱកាសឱ្យរដ្ឋាភិបាល គ្មានរដ្ឋាភិបាលណានៅក្នុងពិភពលោក មិនប្រឈមបញ្ហាទេ! ជឿចុះ កៅអីនេះគឺជាកៅអីដោះសា្រយបញ្ហា»

ប៉ុន្តែការផ្សាយរបស់វិទ្យុអាស៊ីសេរី ដែលជ្រកក្រោមស្លាកនៃជំនួយគាំទ្ររបស់រដ្ឋាភិបាលអាមេរិកនោះ បែរជាលើកទឹកចិត្តឱ្យមានអំពើបះបោរប្រឆាំងនឹងរាជរដ្ឋាភិ បាលកម្ពុជាដែលជាប់ឆ្នោត តាមរយៈការគាំទ្ររបស់ប្រជាជនខ្មែរនោះទៅវិញ។

ប៉ុន្តែនៅទីបំផុត ក្រោមការត្រួតពិនិត្យលើភាពមិនប្រក្រតីផ្នែកហិរញ្ញវត្ថុ និងការរំលោភបំពានសន្តិសុខ វិទ្យុអាស៊ីសេរី និងវិទ្យុផ្សេងទៀត ក្រោមការគ្រប់គ្រងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសកល (USAGM) ត្រូវបានផ្អាកការផ្សាយរបស់ខ្លួន។ ការបិទការផ្សាយរបស់វិទ្យុអាស៊ីសេរីនេះ គឺជាការបង្ហាញនូវនយោបាយថ្មីរបស់លោក ដូណាល់ ត្រាំ ដែលមើលឃើញការផ្សាយព័ត៌មាន ដែលមានលក្ខណៈជ្រៀតជ្រែកផ្ទៃក្នុងប្រទេសដទៃ គឺជានយោបាយហួសសម័យ និងមិនចាំបាច់ឱ្យពលរដ្ឋអាមេរិក ត្រូវចំណាយក្នុងមួយឆ្នាំៗប្រមាណជិត១ពាន់លានដុល្លារទៀតនោះឡើយ។

ការសម្រេចបិទវិទ្យុអាស៊ីសេរីជាភាសាខ្មែរ គឺជាភស្តុតាងបន្ថែមទៀតថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន មិនគាំទ្រក្រុមជ្រុលនិយម ដែលស្វែងរកការបង្កើតអស្ថិរភាពនោះទេ។ ប្រទេសកម្ពុជា គឺជាប្រទេសដែលប្រជាជនរបស់ខ្លួនទទួលស្គាល់ថា ការដឹកនាំប្រទេស គឺត្រូវបានជ្រើសរើសតាមរយៈការបោះឆ្នោតនៃបែបប្រជាធិបតេយ្យ មិនមែនតាមរយៈការឃោសនាដែលគាំទ្រដោយបរទេស ឬយុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិតដែលដឹកនាំដោយគណបក្សប្រឆាំងនោះឡើយ។

ចំណាត់ការបិទវិទ្យុអាស៊ីសេរី មិនមែនជាការវាយប្រហារលើសេរីភាពសារព័ត៌មានទេ ប៉ុន្តែជាវិធានការការពារកិត្តិយសសហរដ្ឋអាមេរិកផង និងការបំបាត់ភាពប្រក្រតីដែលយកលុយញើស ឈាមរបស់ពលរដ្ឋអាមេរិក ទៅចំណាយលើភាពអត់ប្រយោជន៍ក្រោមស្លាកសិទ្ធិមនុស្សនិងប្រជាធិបតេយ្យក្លែងក្លាយ។

ប្រជាជនកម្ពុជាគាំទ្រយ៉ាងខ្លាំងចំពោះការផ្អាកវិទ្យុអាស៊ីសេរី ដោយមើលឃើញថា វាជាជំហានចាំបាច់មួយក្នុងការការពារវឌ្ឍនភាពរបស់ប្រទេសជាតិ។ នៅពេលដែលប្រទេសកម្ពុជា បន្តកសាងអនាគតប្រកបដោយសន្តិភាព និងវិបុលភាព វាជារឿងសំខាន់ដែលគេត្រូវមាននូវប្រព័ន្ធផ្សព្វផ្សាយដែលមានការទទួលខុសត្រូវ និងឆ្លុះបញ្ចាំងការពិតទាំងស្រុងដែលកំពុងកើតឡើង នៅក្នុងសង្គមនៃប្រទេសកម្ពុជា ដែលទាំងនេះ គឺខុសគ្នាទាំងស្រុងពីការផ្សាយព័ត៌មានរបស់វិទ្យុអាស៊ីសេរី និងបក្ខពួកដែលផ្សាយតែព័ត៌មានអាក្រក់និងមិនពិតអំពីជាតិកម្ពុជាខ្លួនឯង។

ពលរដ្ឋខ្មែរសាទរ ចំពោះការសម្រេចចិត្តរបស់រដ្ឋបាលសហរដ្ឋអាមេរិកក្នុងចំណាត់ការ ដែលទទួលស្គាល់ថា សុចរិតភាពនៃប្រជាជាតិនីមួយ ដូចជាប្រទេសកម្ពុជានេះជាដើម សក្តិសមនឹងទទួលបានការផ្សាយព័ត៌មានពិត និងព័ត៌មានដែលឆ្លុះបញ្ចាំងតថភាពរបស់សង្គមខ្មែរទាំងស្រុង នោះមិនមែនដូចជាការផ្សាយរបស់វិទ្យុអាស៊ីសេរីកន្លងមកនេះឡើយ៕