(ព្រៃវែង)៖ លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បានណែនាំគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក ត្រូវបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងរាល់ឧបាយកល ដែលប៉ុន ប៉ងបំផ្លិចបំផ្លាញ ឬធ្វើឲ្យរាំងស្ទះដល់សុខសន្តិភាព សុខសុវត្ថិភាព និងសណ្តាប់ធ្នាប់ នៅមូលដ្ឋាន ព្រមទាំងបន្តខិតខំបំពេញតួនាទី ភារកិច្ចរបស់ខ្លួនឲ្យបានល្អប្រសើរ និងបន្តដោះស្រាយបញ្ហាប្រឈម សំណើ សំណូមពរ និងផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ដើម្បីបង្កើនជំនឿជាក់របស់ប្រជាពលរដ្ឋ មកលើរាជរដ្ឋាភិបាលអាណត្តិថ្មី។
ការថ្លែងបែបនេះរបស់អភិបាលខេត្តព្រៃវែង បានធ្វើឡើងនៅក្នុងកិច្ចផ្សព្វផ្សាយសេចក្តីជូនដំណឹងស្តីពីការរៀបចំសន្តិសុខ សណ្ដាប់ធ្នាប់ សោភ័ណភាព អនាម័យបរិស្ថាន និងរបៀបរៀបរយសាធារណៈ ក្នុងខេត្តព្រៃវែង នៅសាលាខេត្តព្រៃវែងនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥។
បន្ថែមលើសពីនេះលោក សួន សុម៉ាលីន បានគូសបញ្ជាក់ថា កិច្ចប្រជុំផ្សព្វផ្សាយនាថ្ងៃនេះ គឺជាកិច្ចប្រជុំដ៏មានសារៈសំខាន់មួយ ដែលរដ្ឋបាលខេត្តព្រៃវែង បានរៀបចំឡើង ដើម្បីផ្សព្វផ្សាយ និងពង្រឹងការអនុវត្តលើការងារគ្រប់គ្រង ផ្សារនានាក្នុងខេត្តព្រៃវែង ឲ្យមានសណ្តាប់ធ្នាប់ មានរបៀបរៀបរយ មិនប៉ះពាល់ដល់សោភណ្ឌភាព និងប្រយោជន៍សាធារណៈ។
អភិបាលខេត្ត បន្តទៀតថា ផ្អែកតាមខ្លឹមសារសេចក្តីជូនដំណឹងស្តីពី ការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ សោភណ្ឌភាព អនាម័យបរិស្ថាន របៀប រៀបរយសាធារណៈផ្សារគ្រប់ប្រភេទទូទាំងខេត្តព្រៃវែង នេះ អាជ្ញាធរ គ្រប់ថ្នាក់នៃក្រុង ស្រុក ឃុំ សង្កាត់ និងមន្ទីរ អង្គភាពដែលពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តឲ្យមានប្រសិទ្ធ ភាពខ្ពស់ និងប្រកបដោយការទទួលខុសត្រូវបំផុត ដោយមិនត្រូវឲ្យមានបាតុភាពណាមួយកើតឡើងនៅក្នុងមូលដ្ឋាន របស់ខ្លួននោះឡើយ។
អភិបាលខេត្តបានផ្ដាំផ្ញើអាជ្ញាធរ និងកងកម្លាំងពាក់ព័ន្ធត្រូវធ្វើការណែនាំ ដល់បងប្អូនប្រជាពលរដ្ឋ និងត្រូវហាមឃាត់ជាដាច់រាល់ការសាងសង់សំណង់រឹង នៅដីចំណីផ្លូវ។ ចំពោះបងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់ការដ្ឋាន សាងសង់សំណង់នានា ដែលស្ថិតនៅតាមដងផ្លូវសាធារណៈទាំងអស់ ត្រូវរៀបចំធ្វើរបងបិទបាំង ហ៊ុំព័ទ្ធការដ្ឋានរបស់ខ្លួន ដោយធ្វើការ កែលម្អឱ្យមានសោភ័ណភាព របៀបរៀបរយ និងអនាម័យ បរិស្ថាន ឱ្យបានល្អប្រសើរ។ សិក្សាត្រួតពិនិត្យ និងរៀបចំទីតាំង ចំណតយានយន្តគ្រប់ប្រភេទ,សួនច្បារ និងរបៀបរៀបរយជុំវិញទីប្រជុំជនផ្សារ។
លោកបានបន្តថា អាជ្ញាធរត្រូវណែនាំ ដល់បងប្អូនប្រជាពលរដ្ឋ ដែលលក់ដូរទំនិញ ត្រូវរៀបចំឱ្យមានសណ្តាប់ធ្នាប់ របៀបរៀបរយល្អ ប្រសើរ ជៀសវៀងលក់ដូរលើចិញ្ចើមផ្លូវសាធារណៈ។ ពង្រឹងការគ្រប់គ្រង ថែទាំ និង រៀបចំរបៀបរៀបរយលក់ដូរ ក្នុងនិងជុំវិញបរិវេណផ្សារ ដោយធានាបាននូវ សណ្តាប់ធ្នាប់ និងអនាម័យល្អ។
ជាមួយគ្នានេះ ត្រូវផ្សព្វផ្សាយ ណែនាំ ដល់ប្រជាពលរដ្ឋ ឱ្យរៀបចំបោសសម្អាត ធ្វើអនាម័យបរិស្ថាន និងរបៀបរៀបរយនៅទីធ្លាមុខផ្ទះ ព្រមទាំងរៀបចំលម្អ សោភ័ណភាពផ្ទះឱ្យបានស្អាត ជាពិសេសបោសសម្អាត ប្រមូល និងវេចខ្ចប់សំរាម និងសំណល់ រឹង-រាវគ្រប់ប្រភេទ ឱ្យបានត្រឹមត្រូវ និងណែនាំអ្នកម៉ៅការភាស៊ី ឱ្យអនុវត្តការប្រមូល និងដឹកជញ្ជូន សំរាមឱ្យបានល្អ និងទាន់ពេលវេលា។ ត្រួតពិនិត្យ និងមានវិធានការរាល់ភាពអសណ្តាប់ធ្នាប់ និងគ្មានរបៀបរៀបរយនានា ព្រមទាំងត្រូវណែនាំ បំផុស ដល់គ្រប់ម្ចាស់អាជីវកម្ម សេវាកម្មនានា និងប្រជាពលរដ្ឋតាមដងផ្លូវក្នុងទីប្រជុំជនទាំងអស់ ឱ្យយកចិត្ត ទុកដាក់ និង ចូលរួមកែលម្អសោភណភាពទីតាំង និងលំនៅដ្ឋាន ឱ្យបានសមរម្យ។
លោកបានបន្ថែមថា អាជ្ញាធរពាក់ព័ន្ធសូមមានវិធានការចំពោះស្លាកយីហោ ការតសំយ៉ាប និងការដាក់តាំងនានាដែលខុសគោលការណ៍ និងការកំណត់របស់ អង្គភាពជំនាញ និងអាជ្ញាធរ ហើយធ្វើឱ្យប៉ះពាល់ សោភណភាពរបៀបរៀបរយទីប្រជុំជន។
គ្រប់មន្ទីរ អង្គភាព គ្រឹះស្ថានសិក្សា មូលដ្ឋានអាជីវកម្ម វត្តអារាម វិហាសាសនា និងគ្រប់លំនៅដ្ឋានប្រជាពលរដ្ឋ ក្នុងទីប្រជុំជន ឲ្យធ្វើការកែលម្អសោភណភាពខាងមុខ និងខាងក្នុងបរិវេណ ឲ្យបានសមរម្យ។ បំផុសដល់ អង្គភាពសាធារណៈវិស័យឯកជននានា ឲ្យចូលរួមសកម្មភាពកែលម្អ និងអភិវឌ្ឍខេត្ត តាមរយៈការដាក់ បង្គោលភ្លើង-ភ្លើងបំភ្លឺសាធារណៈ និងការដាំដើមឈើលម្អឱ្យបានគ្រប់ៗគ្នា។ កៀគរធនធាននានា ដើម្បីយកមកធ្វើការកែលម្អ និងអភិវឌ្ឍន៍ទីប្រជុំជន ឱ្យកាន់តែមានការវិវត្តន៍ប្រកបដោយ សោ ភណភាព និងប្រណិតភាព។ ចាត់តាំង និងរៀបចំឱ្យមានសកម្មភាព ទិវាអនាម័យបរិស្ថាន សំដៅលើកកម្ពស់ទស្សនទាន ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ៕