(កំពង់ស្ពឺ)៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានបង្ហាញក្តីរំពឹងយ៉ាងមុតមាំចំពោះយុវជនកាកបាទក្រហមកម្ពុជា ដែលទើបទទួលបានការបំពាក់កន្សែងថ្មីចំនួន១២៥០នាក់ ដែលមកពីវិទ្យាល័យទាំង២៥ ទូទាំងខេត្តកំពង់ស្ពឺ និងក្លាយជាចំណែកថ្មីមួយទៀតក្នុងការលើកកម្ពស់គោលការណ៍គ្រឹះទាំង៧ និងគុណតម្លៃមនុស្សធម៌ ស្របតាមវិស័យស្នូលទាំង៤របស់កាកបាទក្រហមកម្ពុជា។

ថ្លែងប្រកបដោយក្តីរំពឹងនេះ ធ្វើឡើងក្នុងពេលអញ្ជើញបំពាក់កន្សែងទទួលស្គាល់សមាសភាពថ្មី យុវជនកាកបាទក្រហមកម្ពុជា ទ្រង់ទ្រាយធំ១២៥០នាក់ មកពីវិទ្យាល័យ២៥ ក្នុងខេត្តកំពង់ស្ពឺ ធ្វើឡើងនៅអាគាររដ្ឋបាលខេត្តថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥។

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងថា យុវជនកាកបាទក្រហមកម្ពុជាខេត្ត គឺជាអ្នកស្ម័គ្រចិត្តវ័យក្មេង និងជាសមាសភាគមួយនៃបណ្តាញអ្នកស្ម័គ្រចិត្ត​កាក​បាទក្រហម និងអឌ្ឍចន្ទក្រហម និងត្រូវ​បានចាត់ទុកជាឆ្អឹងខ្នងរបស់ ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម និងជាកម្លាំង​ស​កម្ម​ជួរ​មុខ​ក្នុងប្រតិបត្តិការមនុស្សធម៌នៅគ្រប់កាលៈទេសៈ។

ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន គឺពិតជាយកចិត្តទុកដាក់ខ្លាំងណាស់ ក្នុងការបន្ដកសាង ពង្រីកបណ្ដាញយុវជន និងជំរុញឱ្យចេះស្រឡាញ់ និងចូលរួមយ៉ាងសកម្ម គ្រប់សកម្មភាពមនុស្សធម៌នានាជាច្រើន ស្របតាមស្ថានភាពកាលៈទេសៈបច្ចុប្បន្ន ហើយនេះក៏ជាឱកាសដ៏ពិសេសសម្រាប់ក្មួយៗ ដែលបានស្ម័គ្រចិត្ត មកចូលរួមជាមួយកាកបាទក្រហមកម្ពុជា  ព្រោះថាការចូលរួមនេះក្មួយៗ អាចទទួលបាននូវចំណេះដឹងថ្មីៗពីមន្ដ្រីជំនាញទីស្នាក់ការកណ្ដាល ដែលចំណេះដឹងទាំងនេះមិនងាយមានឱកាសទទួលបានឡើយ។

ឧបនាយករដ្ឋមន្ត្រី ក៏បានជំរុញនិងក្រើនរំឭកដល់យុវជនដែលទើបទទួលស្គាល់ថ្មីទាំងអស់ត្រូវប្រកាន់ភ្ជាប់នៃវប្បធម៌ចែករំលែក ដោយដើរស្របតាមគំនិតដ៏ខ្ពង់ខ្ពស់ប្រកបដោយព្រហ្មវិហារធម៌បេះដូងមនុស្សធម៌របស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។

លោកបានណែនាំឲ្យបន្តខិតខំបំពេញកាតព្វកិច្ច និងអនុវត្តការងារមនុស្សធម៌បន្តពីយុវជនជំនាន់មុន ដោយគោរពតាមគោលការណ៍គ្រឹះទាំង៧ និងចក្ខុវិស័យទាំង៤របស់កាកបាទក្រហមកម្ពុជា និងត្រូវពង្រឹងចំណងសាមគ្គីភាពរវាង យុវជនកាកបាទក្រហមកម្ពុជា តាមបណ្តាគ្រឹះស្ថានឧត្តមសិក្សានានា ក្រោមការដឹកនាំរបស់ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ ដើម្បីបន្តបេសកកម្មបេះដូងមនុស្សធម៌៕