(ភ្នំពេញ)៖ ក្រសួងព័ត៌មាន តាមរយៈសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥នេះ បាននាំយកថវិកា ១០០លានរៀល ដែលប្រមូលបានពីការរៀបចំព្រឹត្តិការណ៍រត់ «ម៉ារ៉ាតុងដើម្បីមនុស្សធម៌» កាលពីព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ ប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីចូលរួមចំណែកក្នុងគាំទ្រផ្នែកសុខុមាលភាពកុមារ និងទារក។

ពិធីប្រគល់ថវិកានេះដឹកនាំដោយលោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្រ្តា ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងព័ត៌មាន តំណាងលោក នេត្រ ភក្រ្តា រដ្ឋមន្រ្តី ក្រសួងព័ត៌មាន និងមានការចូលរួមពីលោក Zheng Xian Jiang ប្រធានអង្គភាពសារព័ត៌មាន ASEAN Top News និងសហការីមួយចំនួនផងដែរ។ ការប្រគល់ថវិកាមនុស្សធម៌នេះបានធ្វើឡើងនៅមន្ទីរពេទ្យគន្ធបុប្ផា។

គួរឱ្យដឹងថា ព្រឹត្តិការណ៍រត់ «ម៉ារ៉ាតុងដើម្បីមនុស្សធម៌» (Run for Charity) ផ្តួចផ្តើមឡើងដោយលោករដ្ឋមន្ត្រី នេត្រ ភក្ត្រា និងមានការសហការរៀបចំពីអង្គភាពសារព័ត៌មាន ASEAN Top នៅក្នុងបរិវេណ សួន អេកូ ផាក, ហ្គ្រេនស្តា ផ្លាទីនឹម អេកូ ខូលិកសិន នៃបុរី ប៉េង ហួត បឹងស្លោ ដោយប្រមូលបានថវិកាចំនួន ១០០លានរៀល សម្រាប់ប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីសុខុមាលភាពទារក និងកុមារនៅកម្ពុជា។

ព្រឹត្តិការណ៍បើករត់ «ម៉ារ៉ាតុងដើម្បីមនុស្សធម៌» នេះបានធ្វើឡើងក្រោមអធិបតីភាពលោករដ្ឋមន្ត្រី នេត្រ ភក្ត្រា និងលោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា ដោយមានការចូលរួមពីអ្នកចូលរួមដែលជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងព័ត៌មាន សាធារណជន និងវិស័យឯកជន និងអង្គភាពសារព័ត៌មាន និងដៃគូឧត្ថម្ភនានា។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានឱ្យដឹងថា ព្រឹត្តិការណ៍នេះរៀបចំឡើងក្នុងគោលបំណងរៃអង្គាសថវិកាគាំទ្រដល់មូលនិធិគន្ធបុប្ផាកម្ពុជា និងលើកកម្ពស់សុខុមាលភាពសង្គម។ «ម៉ារ៉ាតុងដើម្បីមនុស្សធម៌» ទទួលបានការគាំទ្រយ៉ាងច្រើនពីសាធារណៈជន ដោយមានអ្នកចុះឈ្មោះចូលរួមរត់ប្រមាណ ១,៦០០នាក់ និងមានជនបរទេសចំនួន ១៧សញ្ជាតិ ដោយរត់ក្នុងរយៈចម្ងាយ ៤.៤គីឡូម៉ែត្រ និង ៦.៦គីឡូម៉ែត្រ។ ក្រៅពីការរត់ អ្នកចូលរួមក៏អាចទស្សនាស្តង់ផលិតផលប្រមាណជាង២០ស្តង់ផងដែរ។

លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា ក្រោមដំបូលសុខសន្តិភាព និងការអភិវឌ្ឍ ការរៀបចំព្រឹត្តិការណ៍នេះបានផ្តល់ឱកាសជួបជុំលេងកីឡា ដូចពាក្យស្លោកថា «កីឡារស់ក្នុងសន្ដិភាព»។ តាមរយៈនេះលោកបានអំពាវនាវឱ្យប្រជាពលរដ្ឋ និងយុវជនទាំងអស់ ក្រៅពីការបំពេញការងារ និងសិក្សា ត្រូវនាំគ្នាលេងកីឡា ដើម្បីឱ្យមានសុខភាពរឹងមាំ បង្កើនទំនាក់ទំនងល្អ និងមានភាពស្និទ្ធស្នាលជាដើម។

នាឱកាសនោះដែរ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានថ្លែងអំណរគុណចំពោះទឹកចិត្តដ៏ថ្លៃថ្លារបស់បងប្អូនជនរួមជាតិ ភ្ញៀវបរទេស ជាពិសេសក្រុមហ៊ុនឯកជនដែលបានចូលរួមសហការ ចូលរួមគាំទ្រកម្មវិធីរត់ «ម៉ារ៉ាតុងដើម្បីមនុស្សធម៌» ក្នុងនោះក្រុមហ៊ុន Huawei Cambodia, ក្រុមហ៊ុន ASEAN Top News, សមាគមចិន CCIA Members, ធនាគារ FTB, ក្រុមហ៊ុនបុរី ប៉េង ហួត, ក្រុមហ៊ុន Dynamic, ក្រុមហ៊ុន Midas, ក្រុមហ៊ុន Honor, ក្រុមហ៊ុន P.P.M, ក្រុមហ៊ុន Terratex, ក្រុមហ៊ុន Pocari Sweat, ក្រុមហ៊ុន Vital និង មីជាតិ, ក្រុមហ៊ុន Starbalm Gel, ក្រុមហ៊ុន ចេក ពិសិដ្ឋ, ក្រុមហ៊ុន Media ដែលបានធ្វើឱ្យបរិយាកាសនៃកម្មវិធីកាន់តែអធិកអធមខ្លាំង៕