(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន រសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំមហោស្រពតន្ត្រី និងចម្រៀងកុមារ ពានរង្វាន់ក្រសួងព័ត៌មាន ឆ្នាំ២០២៥ ដើម្បីត្រៀមចូលរួមអបអរការប្រារព្ធទិវាកុមារអន្តរជាតិ ១មិថុនា, ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៥ នាពេលខាងមុខនេះ។
កិច្ចប្រជុំពិនិត្យមើលការងាររួមរបស់គណៈកម្មការរៀបចំមហោស្រពតន្ត្រី និងចម្រៀងកុមារ ពានរង្វាន់ក្រសួងព័ត៌មាន ឆ្នាំ២០២៥ ដែលបានធ្វើឡើងនៅទីស្តីការក្រសួង។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថា «កម្មវិធីមហោស្រពតន្ត្រី និងចម្រៀងកុមារពានរង្វាន់ក្រសួងព័ត៌មាន ឆ្នាំ២០២៥» នឹងត្រូវចាប់ផ្តើមប្រឡងក្នុងពេលឆាប់ៗនេះ។ បទចម្រៀងថ្មីៗបង្កប់ដោយអត្ថន័យខ្លឹមសារ អប់រំជាច្រើនបទតាមរយៈការចូលរួមតាក់តែង និពន្ធរបស់ប្អូនៗកុមារា-កុមារី លោកគ្រូ-អ្នកគ្រូ មាតា-បិតាសិស្ស នឹងត្រូវផុសចេញពីសំឡេងរបស់ប្អូនៗកុមារនៅលើឆាកកម្មវិធីមហោស្រពតន្ត្រី និងចម្រៀងកុមារពានរង្វាន់ ក្រសួងព័ត៌មានប្រចាំឆ្នាំ២០២៥នេះ។
តាមរយៈសេចក្តីជូនដំណឹងស្តីពីមហោស្រពតន្ត្រី និងចម្រៀងកុមារពានរង្វាន់ក្រសួងព័ត៌មាន ឆ្នាំ២០២៥ បានជំរុញលើកទឹកដល់មាតា បិតា អាណាព្យាបាល លោកគ្រូ អ្នកគ្រូ សាលារដ្ឋ-ឯកជន សហគមន៍ និងអង្គការនានា ពិសេសកុមារា-កុមារី រូបណាដែលមានជំនឿចិត្តលើទេពកោសល្យ ភាពប៉ិនប្រសព្វ លើកាយវិការ និងទឹកដមសំឡេងរបស់ខ្លួន សូមអញ្ជើញទំនាក់ទំនងមកដាក់ពាក្យប្រឡងនៅក្រសួងព័ត៌មាន។
លក្ខខណ្ឌនៃការចូលរួមប្រឡង៖ សិស្សានុសិស្សដែលមានអាយុចាប់ពី ៨ឆ្នាំ ដល់១៣ឆ្នាំ ១ក្រុមចំនួន ៥នាក់ កំពុងសិក្សានៅសាលា បឋមសិក្សាតាមបណ្តាសាលារៀនរដ្ឋ សាលាឯកជន អង្គការ និងសហគមន៍នានា ក្នុងរាជធានី ខេត្ត ក្រុង។ បទចម្រៀងដែលត្រូវចូលរួមប្រឡងតម្រូវឱ្យធ្វើការតាក់តែងនិពន្ធនូវទំនុកច្រៀង និងបទភ្លេងថ្មីចំនួន២បទ ដោយអត្ថន័យក្នុងបទចម្រៀងត្រូវផ្តោតលើការអប់រំជាចម្បង រួមមានដូចជា៖ ការអប់រំផ្នែកសុភាវធម៌ គុណធម៌ សីលធម៌ សុជីវធម៌ ការគោរពឪពុកម្តាយ ចាស់ព្រឹទ្ធាចារ្យ ស្រលាញ់ការសិក្សា ស្រលាញ់បរិស្ថាន ការគោរព ច្បាប់ចរាចរណ៍ និងការជៀសឱ្យឆ្ងាយពីគ្រឿងញៀនជាដើម ជាពិសេសបទចម្រៀងត្រូវតាក់តែងឱ្យស្រប តាមវ័យរបស់កុមារ។
ដូច្នេះសូម មាតា-បិតា អាណាព្យាបាល លោកគ្រូ-អ្នកគ្រូ សាលារដ្ឋ-ឯកជន សហគមន៍ និងអង្គការទាំងអស់ ជួយជំរុញឱ្យប្អូនៗកុមារា-កុមារី មានភាពក្លាហានក្នុងការទទួលយកការអប់រំតាមរយៈ សិល្បៈ ចម្រៀងដើម្បីបណ្តុះ ផ្នត់គំនិតកុមារឱ្យមានសេចក្តីក្លាហាន ទទួលយកនូវសិទ្ធិទាំង៤ គឺសិទ្ធិរស់រាន សិទ្ធិអភិវឌ្ឍន៍ សិទ្ធិទទួលបានការ ការពារ និងសិទ្ធិនៅក្នុងការចូលរួម ជាពិសេសដើម្បីចូលរួមអបអរសាទរខួបលើកទី៧៦ នៃទិវាអន្តរជាតិ១មិថុនា ខួបលើកទី២៤ នៃទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៥។
នៅក្នុងឱកាសនៃកិច្ចនេះដែរ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងនូវអំណរគុណចំពោះថ្នាក់ដឹកនាំអស់ លោក លោកស្រីជាសមាជិក សមាជិកា នៃគណៈកម្មការរៀបចំមហោស្រពតន្ត្រី និងចម្រៀងកុមារ ពានរង្វាន់ក្រសួងព័ត៌មាន ដែលបានខិតខំប្រឹងប្រែងនៅក្នុងការរៀបចំនូវមហោស្រពតន្ត្រី និងចម្រៀងកុមារ កាលពីឆ្នាំ២០២៤ ប្រកបដោយជោគជ័យ៕