(ភ្នំពេញ)៖ ថ្ងៃទី១៨ មីនា ឆ្នាំ២០២៥ គឺជាខួប៥៥ឆ្នាំ នៃព្រឹត្តិការណ៍រដ្ឋប្រហារមួយ ដែលទម្លាក់សម្តេច តាទួត គឺសម្តេចព្រះ នរោត្តម សីហនុ ពីតំណែងព្រះប្រមុខរដ្ឋ ដោយលោកសេនាប្រមុខ លន់ នល់ និងបក្ខពួកដោយមានការគាំទ្រពីសហរដ្ឋអាមេរិក។
Fresh Exclusive មានសេចក្តីរាយការណ៍ ស្រាវជ្រាវស៊ីជម្រៅមួយពាក់ព័ន្ធនឹងប្រវត្តិពីអតីតកាលនេះ ដើម្បីជាមេរៀនចងចាំទុកដល់កូនខ្មែរជំនាន់ក្រោយ…
ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ គឺជាខួបលើកទី៥៥ នៃព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏ជូរចត់មួយកើតឡើងក្នុងប្រទសកម្ពុជា នោះគឺរដ្ឋប្រហារធម្មនុញ្ញ ដែលទម្លាក់អតីតព្រះប្រមុខរដ្ឋសម្តេចព្រះ នរោត្តម សីហនុ។ រដ្ឋប្រហារតាមរយៈសម្លេងបោះឆ្នោតទម្លាក់សម្តេចនៅក្នុងរដ្ឋសភានាពេលនោះ បាននាំឱ្យប្រទេសធ្លាក់ចូលក្នុងភ្លើងសង្គ្រាម។ រដ្ឋប្រហារ រៀបចំឡើងដោយលោកសេនាប្រមុខ លន់ នល់ និងគាំទ្រដោយសហរដ្ឋអាមេរិក មិនត្រឹមធ្វើឱ្យសង្គ្រាមស៊ីវិលបានឆាបឆេះប៉ុណ្ណោះទេ ថែមទាំងបានរុញច្រានកម្ពុជា ឱ្យធ្លាក់ចូលក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហមថែមទៀត។
រដ្ឋប្រហារថ្ងៃទី១៨ មីនានោះហើយ បានផ្លាស់ប្តូររបបពីរាជានិយម ក្លាយជារបបសាធារណរដ្ឋខ្មែរ, បង្កើតទិដ្ឋភាពនៃព្រឹត្តិការណ៍ចូលក្នុងព្រៃតស៊ូដើម្បីរំដោះជាតិ, មនុស្សស្លាប់រាប់ម៉ឺនសែននាក់ ដោយសារសង្គ្រាម និងក្រោយមកមានព្រឹត្តិការណ៍សម្លាប់រង្គាលក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ ព្រឹត្តិការណ៍រត់ចូលព្រៃតស៊ូសាជាថ្មី ដោយបានរំដោះប្រទេសនៅថ្ងៃទី៧ មករា ឆ្នាំ១៩៧៩, ព្រឹត្តិការណ៍ដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើកម្ពុជារយៈពេល១២ឆ្នាំ ដោយសហគមន៍អន្តរជាតិ។ ទិដ្ឋភាពការចរចារវាងក្រុមខ្មែរបដិបក្ខ ដែលយល់ព្រមលើការឈប់បាញ់គ្នា និងក្រោយមកមានការយាងមាតុភូមិនិវត្តន៍របស់សម្តេចព្រះ នរោត្តម សីហនុ និងការឡើងគ្រងរាជ្យសម្បត្តិសាជាថ្មី។ ការចូលអន្តរាគមន៍របស់បេសកកម្មអង្គការសហប្រជាជាតិ ដែលដំបូងចាប់ផ្តើមពី UNAMIC ដល់ UNTAC។ ការបោះឆ្នោតសកលខែឧសភា ឆ្នាំ១៩៩៣ ដោយពេលនោះភាគីខ្មែរក្រហម បែរជាធ្វើពហិកា។ ការបង្កើតរាជរដ្ឋាភិបាលថ្មីលើកដំបូង តាមរយៈការបោះឆ្នោតសកល។ ការចាកចេញរបស់បេសកកម្មអង្គការសហប្រជាជាតិ ដែលបន្សល់ទុកនូវសង្គ្រាមបន្តរវាងអតីតរាជរដ្ឋាភិបាលជាមួយក្រុមទ័ពព្រៃខ្មែរក្រហម។ ការដាក់ចេញនូវនយោបាយឈ្នះឈ្នះ ផ្តួចផ្តើមដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីពន្លត់ភ្លើងសង្គ្រាមស៊ីវិល និងតាមរយៈនយោបាយឈ្នះឈ្នះ រយៈពេល១០៥២យប់ និងថ្ងៃសង្គ្រាមស៊ីវិល និងភាពកលយុគក្នុងប្រទេសកម្ពុជារយៈពេលជិត៣០ឆ្នាំ ត្រូវបានពន្លត់អស់ទាំងស្រុង នៅថ្ងៃទី២៩ ធ្នូ ឆ្នាំ១៩៩៨។
ដូច្នេះបើគ្មានរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ ក៏កម្ពុជាមិនធ្លាក់ចូលក្នុងភ្លើងសង្គ្រាម និងបើគ្មានព្រះរាជបន្ទួលអំពាវនាវរបស់ព្រះអង្គឱ្យពលរដ្ឋខ្មែរ ចូលក្នុងព្រៃម៉ាគីដើម្បីការតស៊ូនោះទេ ក៏គ្មានប្រវត្តិការតស៊ូរបស់យុវជន ហ៊ុន សែន ដែលលោកគឺជាឥស្សរជនលេចធ្លោខ្លាំងជាងគេបំផុតក្នុងការជួយស្រោចស្រង់ប្រទេសកម្ពុជា ដែលមុននោះប្រទេសកម្ពុជា ស្ទើរក្លាយជាសាកសពមួយទៅហើយ ប៉ុន្តែក្រោមនយោបាយរបស់សម្តេចតេជោ ហ៊ុន សែន, កម្ពុជា អាចរស់ឡើងវិញ តាំងពីបាតដៃទទេ រហូតដល់មានការអភិវឌ្ឍដូចបច្ចុប្បន្ន និងប្រកបដោយភាពលេចធ្លោថែមទៀតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ទាំងនេះ គឺជាតថភាពនៃប្រវត្តិសាស្ត្រជាតិ។
*តើព្រឹត្តិកាណ៍១៨ មីនា ឆ្នាំ១៩៧០ បានចាប់ផ្តើមមកពីអ្វី?
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ធ្លាប់មានប្រសាសន៍ថា ក្រោមព្រះរាជបន្ទូលអំពាវនាវរបស់សម្តេចព្រះប្រមុខរដ្ឋ ព្រះបាទព្រះ នរោត្តម សីហនុ តាមវិទ្យុប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិន ដែលប្រាប់ឲ្យកូនចៅរបស់ព្រះអង្គ ងើបក្រោកឈរឡើងតស៊ូចូលព្រៃម៉ាគី ដើម្បីវាយរំលាយរបប លន់ នល់ ដែលជារបបខុសច្បាប់ និងដែលបានធ្វើរដ្ឋប្រហារថ្ងៃទី១៨ មីនា ឆ្នាំ១៩៧០ ទម្លាក់ព្រះអង្គពីតំណែងព្រះប្រមុខរដ្ឋនោះហើយ បានជម្រុញឱ្យរូបសម្តេចពេលនោះទើបមានអាយុ១៨ឆ្នាំ បានរត់ចូលក្នុងព្រៃម៉ាគី តបតាមការអំពាវនាវរបស់សម្តេចឪ។
សៀវភៅក្រោមចំណងជើងថា «ហ៊ុន សែន កម្ពុជា» បានសរសេរដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ដែលសរសេរថា សម្តេចបានសម្រេចចិត្តចូលព្រៃម៉ាគី នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៧០។ ព្រៃម៉ាគីនោះ គឺស្ថិតនៅក្នុងម្តុំចម្ការកៅស៊ូជប់ពាមជាំង ខេត្តកំពង់ចាមសព្វថ្ងៃនេះ។ សម្តេចតេជោ ដើម្បីការចងចាំនូវថ្ងៃខូបកំណើតនយោបាយលើកដំបូងក្នុងការចូលព្រៃតស៊ូរំដោះជាតិ បានយកថ្ងៃទី០៤ ខែមេសា ធ្វើជាថ្ងៃខួបកំណើត ខណៈថ្ងៃប្រសូត្រពិតប្រាកដរបស់សម្តេច គឺថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២ នោះទៅវិញទេ។
សម្តេចតេជោ ហ៊ុន សែន នាល្ងាចថ្ងៃទី១៤ មីនា ឆ្នាំ២០២៥ បានរំលឹកសាជាថ្មីនៅមូលហេតុអ្វី បាននាំឱ្យសម្តេចលះបង់យុវវ័យក្នុងពេលនោះ ចូលបម្រើកងទ័ពរំដោះនៅព្រៃម៉ាគី៖
«ហ៊ុន សែន នៅក្នុងវ័យ១៨ឆ្នាំ មិនទាន់គ្រប់១៨ឆ្នាំផង ស្ម័គ្រចិត្តតាមការអំពាវនាវរបស់សម្តេចឪ ដើម្បីចូលរួមក្នុងចលនារំដោះប្រទេសជាតិមួយនេះរបួស៥ដង។ ដើម្បីអ្វី? បន្តទៅត្រូវធ្វើសកម្មភាពដើម្បី ឥឡូវចោទចេញជាសំណួរ តើខ្ញុំវាយពួកឈ្លានពានខុសឬអត់? បើកុំមានរដ្ឋប្រហារថ្ងៃទី១៨ មីនា តើប្រទេសកម្ពុជាមានសង្គ្រាមទេ? វាអត់មានបើទុកឱ្យសម្តេចព្រះ នរោមត្ត សីហនុ ព្រះអង្គដឹកនាំប្រទេសតើកម្ពុជារីកចម្រើនដល់ណា»?
*រថក្រោះ និងកម្លាំងទាហាន ត្រូវបានដាក់ពង្រាយព័ទ្ធរដ្ឋសភានៅថ្ងៃទី១៨ មីនា ឆ្នាំ១៩៧០
គឺរដ្ឋប្រហារថ្ងៃទី១៨ មីនា ឆ្នាំ១៩៧០នោះហើយ ដែលជាថ្ងៃចាប់ផ្តើមផ្លាស់ប្តូរទិដ្ឋភាពនយោបាយរបស់ប្រទេសកម្ពុជា។ រដ្ឋប្រហារ រៀបចំឡើងដោយលោកសេនាប្រមុខ លន់ នល់, ចេង ហេង និងទ្រង់ សីរីមតៈ បានចោទប្រកាន់ថា អតីតព្រះប្រមុខរដ្ឋសម្តេចព្រះ នរោត្តម សីហនុ បានគុបគិតជាមួយយួនយៀកកុង យៀកណាមខាងជើង ធ្វើការលក់ទឹកដី និងប្រទេសខ្មែរ ឱ្យវៀតណាមខាងជើង ដែលការចោទប្រកាន់ទាំងបំពានគ្មានការពិតនោះហើយ បាននាំឱ្យមានកំសួលកំហឹងផ្ទុះឡើង ពីក្នុងរង្វង់យុវជន និងបញ្ញវន្តស្នេហាជាតិ។ បាតុកម្ម ប្រឆាំងស្ថានទូតវៀតណាម និងប្រឆាំងលើអគារធ្វើពាណិជ្ជកម្មវៀតណាម បានធ្វើឱ្យស្ថានការណ៍ពេលនោះមានភាពច្របូកច្របល់ជាខ្លាំង។
អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ បច្ចុប្បន្នជាសមាជិកសភាមណ្ឌលកំពង់ចាម បានថ្លែងរំលឹកព្រឹត្តិការណ៍ថ្ងៃផ្ទុះរដ្ឋប្រហារថ្ងៃទី១៨ មីនា ដែលកាលពីប្រមាណ៥៥ឆ្នាំមុននោះ លោកគឺជាអតីតនិស្សិត និងជាសាក្សីដោយផ្ទាល់ក្នុងព្រឹត្តិការណ៍នោះផងដែរ៖
«យើងអាចនិយាយបានថា ថ្ងៃទី១៨ មីនានោះ គឺជាថ្ងៃដែលរដ្ឋសភាពបានបោះឆ្នោតទម្លាក់សម្តេចព្រះប្រមុខរដ្ឋ ប៉ុន្តែគឺប្រជាជនអាចដឹងបាន គឺនៅពេលស្អែក នៅថ្ងៃទី១៩ (មីនា) នៅពេលដែលការជជែកនៅក្នុងសភានេះ ត្រូវបានផ្សាយជាសាធារណៈ តាមវិទ្យុជាតិពីព្រោះបើតាមខ្ញុំដឹង ព្រោះក្រោយមកទៀត ខ្ញុំបានធ្វើការនៅក្នុងរដ្ឋសភាហ្នឹង គឺនៅពេលថ្ងៃប្រជុំរដ្ឋសភាហ្នឹង គឺគេយកទ័ពមកព័ទ្ធរដ្ឋសភាហើយ។
អញ្ចឹងគឺ ក្រោយពីការនិយាយហើយ គឺនៅថ្ងៃទី១៩ (មីនា) បានគេផ្សាយ…ពេលហ្នឹង ខ្ញុំដឹងគឺនៅស្ទើរគ្រប់សាលា គេឱ្យសិស្សទាំងអស់ដែលគេឱ្យដាក់មេក្រូ ដើម្បីសិស្សទាំងអស់ស្តាប់ពីការពិភាក្សានៅរដ្ឋសភានេះ អំពីការទម្លាក់…អញ្ចឹងនៅមានការចោទសំខាន់ គឺព្រះកុណាលក់ដីឲ្យយៀកកុង បញ្ហាពុករលួយ បញ្ហាអ្វីជាដើមហ្នឹងគឺបានចោទ ហើយមានពេលខ្លះក៏ប្រើពាក្យធ្ងន់ៗរហូតប៉ះដល់សម្តេចម៉ែ ថែមទៀត។ ចំពោះយើងដែលជាយុវជននោះកាលហ្នឹង គឺនិយាយរួម គឺបញ្ហានយោបាយប៉ះពាលតិចណាស់ យុវជនទីក្រុង (រងឥទ្ធិពល) ប៉ះពាល់…អ្នកធ្វើការច្រើនជាងគេ (ដែល) គិតរឿងនយោបាយ។
យុវជនកាលនោះ និយាយរួមគឺថាមានការសប្បាយលេងសើច ប៉ុន្តែក្រោយពីពេលដែលមានការប្រកាសបោះទម្លាក់ព្រះករុណានេះ គឺសំខាន់គេយល់ថា គឺចាប់ផ្តើមបណ្តេញការកងទ័ពយៀកកុង ចេញពីកម្ពុជា…និយាយរួម គឺការបណ្តេញ គឺការប្រឆាំងជនជាតិវៀតណាមទាំងអស់ដែលយើងយល់ថា ជាផ្នែកមួយនៃប្រព័ន្ធចាត់តាំងរបស់យៀកកុង»។
រដ្ឋប្រហារដែលទម្លាក់អតីតព្រះប្រមុខរដ្ឋនាជំនាន់នោះ ក៏ត្រូវបានគេចោទប្រកាន់ថា បានជាប់ទាក់ទងនឹងក្រុមសម្ងាត់ CIA របស់សហរដ្ឋអាមេរិក បើទោះបីជារដ្ឋការអាមេរិក បានបដិសេធយ៉ាងណាក្តី។
បណ្ឌិតសភាចារ្យ រស់ ចន្ត្រាបុត្រ ដែលបច្ចុប្បន្នជាទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន និងដែលបានសរសេរសៀវភៅមួយ ជាភាសាបារាំង La Republique Khmer ពាក់ព័ន្ធនឹងប្រវត្តិផ្តួលរំលំរបបសង្គមរាស្ត្រនិយមរបស់អតីតព្រះមហាវីរមហាក្សត្រ និងក្រោយមកបានបង្កើតជារបបសាធារណរដ្ឋខ្មែរនោះ បានមានប្រសាសន៍រៀបរាប់រំលឹកហេតុការណ៍កើតឡើងកាលពី៥៥ឆ្នាំមុន ដែលគេស្ទើរតែមិនជឿថា បានជាប់ពាក់ព័ន្ធ នឹងសហរដ្ឋអាមេរិកនោះទេ។
បណ្ឌិតសភាចារ្យ រស់ ចន្ត្រាបុត្រ បានថ្លែងថា ដើមចមដែលនាំឱ្យមានការផ្ទុះរដ្ឋប្រហារថ្ងៃទី១៨ មីនា ឆ្នាំ១៩៧០ គឺដោយសារតែការកើតឡើងពូនផ្តុំមកពីកម្ទេចភ្លើងតូចៗ ជាពិសេសទំនាស់សែរាជវង្ស «ស៊ីសុវត្ថិ» និងសែ «នរោត្តម» ដែលមន្ត្រីអាណានិគមនិយមបារាំង បានលើកស្ទួយក្នុងការជួយឡើងគ្រងរាជ្យសម្បត្តិ និងទំនាស់ហូរហែរទាំងនោះ បូកផ្សំនឹងការចងគំនុំនយោបាយរបស់សហរដ្ឋអាមេរិក ដែលចោទថាអតីតព្រះមហាវីរក្សត្រ មាននយោបាយមិនស្មោះត្រង់ចំពោះសហរដ្ឋអាមេរិក ដោយសារតែសម្តេចតាទួត នាពេលនោះបែរជាងាកទៅរកក្រុម ដែលប្រកាន់លទ្ធិកុម្មុយនីស្ត៖
«ទស្សន:របស់ខ្ញុំ ពីដើមខ្ញុំអត់ដឹងដូចគ្នាអញ្ចឹង ប៉ុន្តែឥឡូវនេះយើងចាប់ផ្តើមយល់បន្តិចៗ ព្រោះនិយាយឱ្យចំទៅសហរដ្ឋអាមេរិក មិនទុកចិត្តព្រះករុណា នរោត្តម សីហនុ ពីព្រោះលោកផ្លាស់ប្តូរលឿនពេក។ ហើយខ្ញុំជឿថា ទស្សន:របស់សហរដ្ឋអាមេរិក គឺថាចាត់ទុកព្រះករុណា នរោត្តម សីហនុ ជាសត្រូវហើយមិនមែនសត្រូវធម្មតាទេ គឺសត្រូវ «សូរជាតិ» នេះតាមដែលខ្ញុំមើល ពីព្រោះម៉េចបានយើងខ្ញុំ ចាប់ផ្តើមបែបនេះ ព្រោះរឿងទាំងអស់នេះខ្ញុំធ្លាប់បាននិយាយនៅ (ទូរទស្សន៍បាយន្តដែរ ពីព្រោះខ្ញុំឆ្ងល់ នៅពេលដែលព្រះករុណា នរោត្តម សីហនុ លោកសោយទីវង្គត ពេលនោះយើងមានប្រជុំអាស៊ាន លោកបារ៉ាក់ អូបាម៉ា ហ្នឹងក៏បានអញ្ជើញមកចូលរួមប្រជុំអាស៊ានហ្នឹងដែរ។
ប្រទេសគេផ្សេងទៀត ហៅថាប្រមុខរដ្ឋ ពួកគេបានទៅគោរពវិញ្ញាណក្ខ័ន្ធ របស់ព្រះករុណា នរោត្តមសីហនុ នៅក្នុងវាំងដែរ លើកលែងតែប្រធានាធិបតីអាមេរិកកាំងលោក អូបាម៉ា មួយគត់ ដែលអត់ព្រមទៅ…មួយម៉ាត់ គឺគាត់អត់និយាយទេ អញ្ចឹងយើងឃើញថាកន្លែងហ្នឹងហើយ គេជាមហាអំណាចទីមួយ…ទី២គេអត់ភ្លេចទេ អ្វីដែលព្រះករុណាធ្លាប់ធ្វើទៅលើប្រទេសគេ»។
*ប្រវត្តិទំនាក់ទំនងរវាងកម្ពុជា-សហរដ្ឋអាមេរិក៖ កម្ពុជា ផ្តល់កូនដំរីស ដល់លោក Harry Truman នៅពេលចាប់ផ្តើមការទូតដំបូងជាមួយសហរដ្ឋអាមេរិក
ប្រវត្តិដែលនាំឱ្យសហរដ្ឋអាមេរិក បានលូកដៃចូលកកូរកកាយនយោបាយកម្ពុជានាជំនាន់នោះ គឺដោយសារតែគោលនយោបាយដាក់ចេញរបស់រដ្ឋាភិបាលវ៉ាស៊ីនតោន ត្រូវតែបំបាក់ចលនាកុម្មុយនីស្ត ដែលជាចលនាប្រឆាំងនឹងនយោបាយរបស់លោកសេរី។ សហរដ្ឋអាមេរិក ក្រោយទំនាក់ទំនងការទូតជាមួយកម្ពុជាអស់រយៈពេល២០ឆ្នាំ បានសង្ស័យនិងចោទសម្តេចព្រះ នរោត្តម សីហនុ ថាមានទំនោរនយោបាយដាក់ទៅលើក្រុមកុម្មុយនីស្ត ជាជាងពួកលោកសេរី។
នេះជាប្រវត្តិខ្លះ ដែលជាប់ពាក់ព័ន្ធ រវាងទំនាក់ទំនងនយោបាយការទូតរវាងកម្ពុជា និងសហរដ្ឋអាមេរិកក្នុងជំនាន់អតីតកាល។ ឯកសារខួបលើកទី៦០នៃទំនាក់ទំនងការទូតរវាងសហរដ្ឋអាមេរិក និងកម្ពុជា រវាងឆ្នាំ១៩៥០- ២០១០ បានសរសេរថា៖ «នៅសម័យក្រោយសង្គ្រាមលោកលើកទី២ ទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងកម្ពុជា មានការប្រែប្រួលជាមួយនឹងកងកម្លាំងរបស់លោកប្រធាន ម៉ៅ សេទុង ដែលជិតបានទទួលជោគជ័យនៅក្នុងប្រទេសចិនទៅហើយ ខណៈកងទ័ពវៀតមិញប្រឆាំងនឹងអាណានិគមនិយមនោះវិញ ក៏កាន់តែមានប្រៀបលើបារាំងនៅក្នុងប្រទេសវៀតណាមភាគខាងជើងផងដែរ។ ក្នុងពេលដែលគោលនយោបាយការបរទេសអាមេរិក កាន់តែផ្តោតលើការទប់ស្កាត់ភាពរាលដាលលទ្ធិកុម្មុយនីស្តនោះ, នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ឯនេះវិញ ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកម្ពុជាពេលនោះ ក៏បានចាប់ផ្តើមគួរឱ្យកត់សម្គាល់។
នៅខែឧសភា ឆ្នាំ១៩៥០ ប្រធានាធិបតីអាមេរិក លោក Harry Truman បានយល់ព្រមផ្តល់ជំនួយសេដ្ឋកិច្ច និងយោធាចំនួន២០លានដុល្លារសម្រាប់ប្រទេសកម្ពុជា…ហើយ ជំនួយនេះកាន់តែកើនឡើងជាច្រើននិងជាបន្តបន្ទាប់នៅក្នុងទសវត្សរ៍នោះ។
សហរដ្ឋអាមេរិក ចាប់ផ្តើមមានវត្តមានជាផ្លូវការនៅក្នុងប្រទេសកម្ពុជានៅក្នុងឆ្នាំ១៩៥០ និងទំនាក់ទំនងការទូតលើកដំបូងរវាងសហរដ្ឋអាមេរិកជាមួយកម្ពុជា បានចាប់ផ្តើមថ្ងៃទី២៩ មិថុនា ឆ្នាំ១៩៥០។ លោក Donald R. Heath ដែលត្រូវបានតែងតាំងជាតំណាងវិសាមញ្ញ និងពេញសមត្ថភាពរបស់សហរដ្ឋអាមេរិក បានប្រគល់សារតាំងថ្វាយសម្តេចព្រះ នរោត្តម សីហនុ នៅថ្ងៃទី១១ កក្កដា ឆ្នាំ១៩៥០។
មន្ត្រីទូតតំណាងកម្ពុជាលើកដំបូងគេប្រចាំសហរដ្ឋអាមេរិក គឺលោក នង គឹមនី។ សម្តេចព្រះ នរោត្តម សីហនុ ក្នុងការពង្រឹងទំនាក់ទំនងជាមួយនឹងសហរដ្ឋអាមេរិក បានផ្ញើជូនប្រធានាធិបតីអាមេរិក លោក Harry Truman នូវកូនដំរីសមួយក្បាល ដឹកពីភ្នំពេញទៅកាន់រដ្ឋធានីវ៉ាស៊ីនតោន។
បន្ទាប់ពីមានការតស៊ួនយោបាយដ៏តឹងតែង និងព្រះរាជបូជនីយកិច្ចដ៏ខ្ពង់ខ្ពស់របស់អតីតព្រះមហាក្សត្រខ្មែរ សម្តេចព្រះ នរោត្តម សីហនុ, ប្រទេសកម្ពុជា បានប្រកាសឯករាជ្យពេញលេញរបស់ខ្លួននៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។
ក្នុងអតីតកាលនោះ ចលនាតស៊ូប្រឆាំងនឹងអាណានិគមនិយមក្រោមរបត់លទ្ធិកុម្មុយនីស្តនិយម បានរីកចម្រើនគួរឱ្យកត់សម្គាល់។ សហរដ្ឋអាមេរិក ដែលប្រឆាំងនឹងលទ្ធិកុម្មុយនីស្ត បានចាប់ផ្តើមធ្វើការជាមួយរដ្ឋាភិបាលកម្ពុជា និងបង្កើនជំនួយយោធារបស់ខ្លួនដល់កម្ពុជា។ ឯកឧត្តម ខៀវ កាញារីទ្ធ បានមានប្រសាសន៍បញ្ជាក់នូវមូលហេតុអ្វី បានជាសហរដ្ឋអាមេរិក បានដាក់ចេញនូវគោលនយោបាយប្រឆាំងក្រុមកុម្មុយនីស្តនៅអាស៊ីអាគ្នេយ៍៖
«និយាយរួម អាមេរិកាំង មានជំហរប្រឆាំងកុម្មុយនីស្តខ្លាំង នៅក្រោយពេលដែលកូរ៉េខាងជើងវាយលុកចូលកូរ៉េខាងត្បូង។ ពេលនោះហើយដែលធ្វើឲ្យអាមេរិកកាំង យល់ថាកុម្មុយនីស្ត គឺជាគ្រោះគំរាមកំហែងធំណាស់។ ដូច្នេះហើយ ទើបអាមេរិកកាំង នៅពេលដែលសម្តេចព្រះប្រមុខរដ្ឋ លោកយាងទៅអាមេរិក ដើម្បីសុំអាមេរិកជួយ ដើម្បីធ្វើឲ្យកម្ពុជាបានឯករាជ្យ ពីប្រទេសបារាំងនោះ គឺអាមេរិកដែលជាអ្នកឃាត់ពេលដែលជួបនឹងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Foster Dulles ។ អាមេរិក បានឃាត់ព្រះកុណា គឺកុំឱ្យទាន់ចេញពីបារាំង ពីព្រោះគោលការណ៍របស់អាមេរិក បើកាលណាចេញពីបារាំង គឺកម្ពុជានឹងងធ្លាក់ចុះក្រោមការត្រួតពិនិត្យរបស់កុម្មុយនីស្តរបស់ហូជីមិញហើយ។
អញ្ចឹងគឺអាមេរិក មិនបានគាំទ្រប៉ុន្មានទេ។ នេះគឺជាចំណុចមួយ។ ទីពីរ នៅក្រោយពេលដែលមានការជួបព្រះករុណានៅឆ្នាំ១៩៥២ ឬ ១៩៥៣នេះ ខ្ញុំមិនចាំដូចជា១៩៥៣ គឺពេលនោះសង្គ្រាមនៅកូរ៉េកំពុងតែខ្លាំងណាស់។ អញ្ចឹង គឺការចាត់ទុកកុម្មុយនីស្តជាសត្រូវធំ។ នេះជាផ្នែកមួយដ៏សំខាន់របស់អាមេរិក ដែលធ្វើឱ្យអាមេរិក គឺមានគោលការណ៍មួយនេះ ជម្រុញរឿងបញ្ហាប្រឆាំងកុម្មុយនីស្តនេះនៅគ្រប់ទីកន្លែងសំខាន់ គឺបំបាត់កុម្មុយនីស្ត មុនពេលកុម្មុយនីស្តកើតទៅជាគ្រោះគំរាមកំហែងដូចកូរ៉េខាងជើង…ទាំងនេះហើយជាចំណុចមួយ ដែលអាមេរិកកាំងបានធ្វើការគាបសង្គត់កម្ពុជា ដើម្បីឱ្យចូលមកជាមួយខ្លួន ដោយការបង្កើតនូវអង្គការសេអាតូ គឺអង្គការអាស៊ីអាគ្នេយ៍ គឺជាសម្ព័ន្ធមួយ ក៏ប៉ុន្តែពេលនោះព្រះករុណា លោកបានជួបជាមួយលោកនេហ៍រុ, ជួបជាមួយលោក Sukarno ស៊ូកាណូ ដោយបានជជែកគ្នា ពីគំនិតការបង្កើតចលនាមិនចូលបក្សសម្ព័ន្ធ។ បានន័យថា ជាចលនាអព្យាក្រឹតមួយ គឺមិនចូលបក្សសម្ព័ន្ធបានន័យថា មិនចូលទៅកុម្មុយនីស្ត គឺកុំឲ្យគាត់ចូលខាងសេរី, គឺសុំនៅកណ្តាល ប៉ុន្តែចំពោះអាមេរិកកាំង ពាក្យថាអព្យាក្រិត្យ គឺមានន័យថាជាល្បិចមួយរបស់កុម្មុយនីស្តហើយ។ ដូច្នេះតាំងពីពេលនោះមក ពេលដែលយើងប្រកាសប្រកាន់ជំហរអព្យាក្រិត្យនេះ គឺអាមេរិកគឺចាប់ផ្តើមចងអរិភាពជាមួយនិងប្រទេសកម្ពុជា»។
*សហរដ្ឋអាមេរិក ព្យាយាមអូសទាញកម្ពុជាចេញពីគោលជំហរនយោបាយអព្យាក្រិត្យ
នៅក្នុងខែកុម្ភៈ ឆ្នាំ១៩៥៥ ឯកអគ្គរដ្ឋទូតអាមេរិកឈ្មោះ McClintock និងឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសលោក Walter S. Robinson និងរដ្ឋមន្រ្តីការបរទេសអាមេរិកលោក John Foster Dulles ដើម្បីការរៀបចំនយោបាយអូសទាញកម្ពុជាប្រឆាំងនឹងក្រុមកុម្មុយនីស្ត បានធ្វើទស្សនកិច្ចនៅក្រុងភ្នំពេញ និងមន្ត្រីអាមេរិកទាំងនោះបានជួបជាមួយសម្តេច ព្រះបាទ នរោត្តម សីហនុ។ គោលបំណងធំមួយរបស់សហរដ្ឋអាមេរិក គឺការរារាំងវៀតណាមខាងជើង ដែលប្រកាន់លទ្ធិកុម្មុយនីស្ត មិនឱ្យវាយដណ្តើមយកទឹកដីវៀតណាមខាងត្បូង ដែលប្រកាន់លទ្ធិលោកសេរីឡើយ។
គួរបញ្ជាក់ថា ក្នុងអតីតកាលនោះ ប្រទេសវៀតណាម មិនទាន់បានរួមជាប្រទេសនៃទឹកដីតែមួយឡើយ។ យួនយៀកកុង ដែលជាយុទ្ធជនតស៊ូរបស់រដ្ឋាភិបាលវៀតណាមខាងជើង បានធ្វើការវាយប្រហារដាក់មកលើវៀតណាមខាងត្បូង។ ដើម្បីដណ្តើមកាន់កាប់លើទឹកដីវៀតណាមខាងត្បូង នាជំនាន់នោះ ក្រុមតស៊ូយៀកកុង និងយៀកណាមខាងជើង បានប្រើប្រាស់ទឹកដីកម្ពុជា ក្នុងការដឹកជញ្ជួនស្បៀង និងដឹកគ្រាប់រំសេវឱ្យកម្លាំងទ័ពប្រយុទ្ធរបស់ខ្លួន ធ្វើការវាយប្រហារដាក់មកលើរដ្ឋការវៀតណាមខាងត្បូង ដែលបញ្ហានោះហើយ បាននាំឱ្យសហរដ្ឋអាមេរិក ដែលជួយវៀតណាមខាងត្បូង ធ្វើការទម្លាក់គ្រាប់បែកដាក់ មកលើទឹកដីកម្ពុជា។
មន្ត្រីសហរដ្ឋអាមេរិក នៅក្នុងជំនួបជាមួយសម្តេចព្រះ នរោត្តម សីហនុ បានបង្ហាញសំណុំឯកសារនៃភស្ថុតាងនិយាយថា ទឹកដីព្រះរាជាណាចក្រកម្ពុជា ជំនាន់នោះជិតនឹងក្លាយជាទឹកដី ដោយអំពើវាតទីនៃលទ្ធិកុម្មុយនីស្តហើយ។ មន្ត្រីអាមេរិកនិយាយថា មធ្យោបាយតែមួយ គត់ដើម្បីជួយសង្គ្រោះកម្ពុជា គឺតម្រូវចាំបាច់ឱ្យកម្ពុជា ទទួលយកការការពារពីអង្គការសេអាតូ South East Asia Treaty Organization អង្គការសន្ធិសញ្ញាអាស៊ីអាគ្នេយ៍ ដែលបង្កើតឡើង នាខែកញ្ញា ឆ្នាំ១៩៥៤។
សម្តេចតាទួត បានច្រានចោលសំណើចង់ឱ្យកម្ពុជាចូលរួមក្នុងអង្គការសេអាតូ និងបានមានបន្ទូលប្រាប់លោក John Foster Dulles ថា ឯកសារដែលបង្ហាញដោយសហរដ្ឋអាមេរិកនោះ គឺខុសស្រឡះពីរបាយការណ៍របស់ព្រះអង្គទទួលបាន។ សម្តេចតាទួត បានបញ្ជាក់ប្រាប់មន្ត្រីអាមេរិកវិញថា កម្ពុជាគ្មានបំណងចូលរួមក្នុងអង្គការសេអាតូនោះឡើយ។ សម្តេចតាទួត បានមានបន្ទូលបន្តថា កម្ពុជាចេះមើលថែទាំខ្លួនឯង និងការពារព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាប្រទេសអព្យាក្រិត្យ និងក្នុងនាមជាអ្នកគោរពប្រតិបត្តិខ្ជាប់ខ្ជួនតាមព្រះពុទ្ធសាសនា។ ដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់អាមេរិកក្នុងខែកុម្ភៈឆ្នាំ១៩៥៥ពេលនោះ គឺជាចំណុច ចាប់ផ្តើមការចង់ជម្រុញឱ្យកម្ពុជាបោះបង់ចោលនយោបាយអព្យាក្រិត្យ ដោយងាកមករកប្លុកលោកសេរី ដើម្បីការរួមដៃគ្នាប្រឆាំងនឹងលទ្ធិកុម្មុយនីស្ត។
ទោះបីជាមានព្រះរាជបន្ទូលបដិសេធ, សហរដ្ឋអាមេរិក នៅបន្តប្រើនយោបាយបញ្ចុះបញ្ចូលរបស់ខ្លួនដើម្បីអាចមានឱកាសទាញកម្ពុជាបានមកវិញ ហេតុដូច្នេះហើយសហរដ្ឋអាមេរិក នៅបន្តគោលនយោបាយល្បួងអូសទាញរបស់ខ្លួនចំពោះប្រទេសកម្ពុជា។ សហរដ្ឋអាមេរិក ដើម្បីស្វែងរកឱកាសនោះ បានចុះកិច្ចព្រមព្រៀងយោធាការពារប្រទេសជាមួយនឹងសម្តេចព្រះនរោត្តមសីហនុ នៅខែឧសភា ឆ្នាំ១៩៥៥ ដែលនាំឱ្យកម្មវិធីជំនួយអាមេរិក មកកម្ពុជានាពេលនោះបានកើនដល់ចំនួន៥០លានដុល្លារក្នុងមួយឆ្នាំៗ។
សម្តេចតាទួត ទោះជាយ៉ាងណាក៏ដោយ ក្នុងគំនាបពីប្រទេសមហាអំណាចលោកសេរី បានបង្កើតសកម្មភាពនយោបាយការទូតជាមួយបណ្តាប្រទេសផ្សេងៗ ដែលមានគោលនយោបាយស្រដៀងគ្នានឹងកម្ពុជា។ សម្តេចតាទួត បានធ្វើព្រះរាជទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌា និងបានចុះហត្ថលេខា ជាមួយ នាយករដ្ឋ មន្ត្រីលោក Jawaharla Nehru នេហ៍រុ ក្នុងការអនុវត្តតាមគោលការណ៍បញ្ចសីលា គោរពអធិបតេយ្យភាព ឯករាជ្យភាព និងមិនឈ្លានពានគ្នា ការស្មើភាពគ្នា ការគោរពគ្នា និងការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងគ្នាទៅវិញទៅមក ព្រមទាំងលើកស្ទួយគោលការណ៍សន្តិសហវិជ្ជមាន។
នៅក្នុងខែមេសា ឆ្នាំ១៩៥៥ សម្តេចតាទួត បានយាងចូលរួមសន្និសីទប្រទេសអាស៊ីអាហ្វ្រិក នៅក្នុង ក្រុងបានឌុង នៃប្រទេសឥណ្ឌូណេស៊ី ជាមួយវត្តមានមេដឹកនាំមកពីប្រទេស២៩ និងពេលនោះគឺជាឱកាសដំបូងរបស់ព្រះអង្គក្នុងការជួបជាមួយនាយករដ្ឋមន្ត្រីចិនលោក ជូ អេន ឡាយ Zhou Enlai និងរដ្ឋមន្ត្រីការបរទេសវៀតណាមខាងជើង ផាម វ៉ាន់ដុង។
សៀវភៅអាគ្នេយ៍ ២០ឆ្នាំក្នុងសង្គ្រាម CIA បានសរសេរដកស្រង់ប្រសាសន៍របស់នាយករដ្ឋមន្ត្រីចិន ជូ អេនឡាយ ពាក់ព័ន្ធនឹងការចង់ដឹងនូវគោលជំហររបស់រាជរដ្ឋាភិបាលកម្ពុជាជំនាន់នោះ ស្តីពីគោលនយោបាយរបស់សហរដ្ឋអាមេរិក ដែលចង់ពង្រីកឥទ្ធិពលនៅអាស៊ីអាគ្នេយ៍។ សម្តេចតាទួត បានរំលឹកសម្តីរបស់លោក ជូ អេនឡាយ ដែលសាកសួរទៅព្រះអង្គថា «តើខ្ញុំ (សម្តេចព្រះនរោត្តម សីហនុ) នឹងអនុញ្ញាតឱ្យសហរដ្ឋអាមេរិក កសាងមូលដ្ឋានយោធា ឬចុះហត្ថលេខាចងជាសម្ព័ន្ធមិត្តជាមួយអាមេរិកដែរឬទេ?»។
សម្តេចតាទួត បានមានព្រះរាជបន្ទួលតបថា «កម្ពុជា នឹងមិនសម្របសម្រួលជាដាច់ខាត បើការសម្រេចចិត្តណាមួយនោះ ធ្វើឱ្យប៉ះពាល់ឯករាជ្យតជាតិរបស់ខ្លួន»។ ព្រះរាជបន្ទូលរបស់សម្តេចតាទួត ត្រូវបានដកស្រង់បន្តទៀតថា ពេលនោះលោក « ជូ អេនឡាយ បានសម្តែងការពេញចិត្តយ៉ាងខ្លាំងចំពោះចម្លើយរបស់ខ្ញុំ ហើយបានតបថា កម្ពុជាមានសិទ្ធិពេញលេញក្នុងការការពារមាតុភូមិរបស់ខ្លួន និងអំពាវនាវស្នើសុំជំនួយពីបរទេស»។ បណ្ឌិតសភាចារ្យ រស់ ចន្ត្រាបុត្រ បានថ្លែងថា ជំនួបនាក្រុងបានឌុង ដែលជាឱកាសដំបូងរបស់សម្តេចតាទួត ក្នុងការជួបជាមួយថ្នាក់ដឹកនាំនៃបណ្តាប្រទេសដទៃនោះ គឺជាជំនួបមួយ ដែលបំណងចង់បង្កើតចលនាមិនចូលបក្សសម្ព័ន្ធ៖
«យើងទាមទារឯករាជ្យ…ម្នាក់ៗនេះ ខំប្រឹងធ្វើម៉េចដើម្បីការពារឯករាជ្យរបស់ខ្លួនត្រូវតែបង្កើត ជាចលនាមួយ, ចលនាហៅថាមិនចូលបក្សសម្ព័ន្ធ នៅអព្យាក្រឹត្យ។ អញ្ចឹងហើយ បានវាមានស្អី ដែលជាកិច្ចហៅថាប្រជុំអន្តរជាតិពិភពលោក ហៅថាប្រជុំបានឌុង នៅឥណ្ឌូនេស៊ី អញ្ចឹងអ្នកដែលនាំគ្នាដើម្បីហៅថា ពូកែហ្នឹង មានដូចជាលោកស៊ូកាណូ មានដូចជាលោកនេហ៍រុ មានដូចជាខាងចិន មានលោក ជូ អេនឡាយ អីហ្នឹង បីនាក់ធំៗហ្នឹង។ ប៉ុន្តែអ្នកទាំងអស់ហ្នឹង មានគំនិតអញ្ចឹងមែន ធ្វើមែនប្រជុំគ្នាមែន ប៉ុន្តែអត់មានកម្លាំង កម្លាំងសេដ្ឋកិច្ចក៏អត់, កម្លាំងទ័ពក៏អត់មាន កម្លាំងបច្ចេកវិទ្យាក៏អត់មាន។ អញ្ចឹងយើងឃើញថា ចង់មែនបានជុំគ្នាមែន បានជជែកគ្នាមែនអ្វីដែលជាកិច្ចព្រមព្រៀងនៅទីក្រុងបានឌុង វាមានមែន។ ប៉ុន្តែប្រទេសនីមួយៗអត់មានលទ្ធភាព អត់មានសមត្ថភាពដើម្បីនិងការពារខ្លួនឯងទេ។
អញ្ចឹងហើយ នៅពេលហ្នឹងដែលព្រះករុណា នរោត្តម សីហនុ បានយាងទៅប្រទេសឥណ្ឌាហ្នឹងទៅសួរលោកនេហ៍រុហ្នឹងដើម្បីសុំឲ្យលោកជួយ។ លោកសួរថា ចុះបើសិនជាកម្ពុជាហ្នឹងមានបញ្ហា គេវាយប្រហារមកលើកម្ពុជា តើកម្ពុជាអាចហ្នឹងរកទ័ពរបស់ប្រទេសណា ឬកម្លាំងណា ដែលអាចទៅជួយការពារបានទេ? អញ្ចឹងបានលោកនេហ៍រុ ហ្នឹងបានឆ្លើយតបមកព្រះករុណា នរោត្តម សីហនុ វិញថា ខាងយើងទាំងអស់គ្នា មិនអាចបញ្ជូនទ័ពទៅជួយកម្ពុជាកើតទេ។
រឿងទាំងអស់នោះបើចង់ដឹងឱ្យព្រះករុណាសួរលោក ជូ អេនឡាយ នៅប្រទេសចិនវិញទៅ អញ្ចឹងរឿងទាំងអស់ហ្នឹងវាមានអញ្ចឹង។ នៅពេលហ្នឹង ព្រះករុណាប្រហែលជាលោកយល់ថា អ្វីដែលជាអាកប្បកិរិយារបស់សហរដ្ឋអាមេរិក ជាមួយកម្ពុជា ជាមួយប្រទេសដែលទើបចេញពីអាណានិគមនេះគឺថា ពិបាក ពីព្រោះសហរដ្ឋអាមេរិក ជាប្រទេសដែលឈ្នះសង្គ្រាមលោកលើកទី២, ជាអ្នកមាន បើយើងនិយាយមែនទែនម្ចាស់ពិភពលោក។ អញ្ចឹងហើយបានក្រោយដែលបានឯករាជ្យលោកគិតរឿងហ្នឹង, រឿងហ្នឹងដើម្បីធ្វើម៉េចឱ្យរស់ដោយសន្តិភាព អញ្ចឹងហើយបានលោកយកអ្វី ដែលជាផ្លូវមាគ៌ាអព្យាក្រឹតភាព ហើយមិនចូលបក្សសម្ព័ន្ធណាទាំងអស់ទៅតាមអ្វីដែលជាទស្សន:ហៅថា បាវចនារបស់តតិយលោក»។
*សម្តេចព្រះ នរោត្តម សីហនុ ដាក់រាជ្យបង្កើតគណបក្សនយោបាយលើកដំបូង
យើងសូមរំលឹកថយក្រោយបន្តិចថា នៅខែមិនា ឆ្នាំ ១៩៥៥, ព្រះករុណាព្រះបាទនរោត្តម សីហនុបានដាក់រាជ្យ ដើម្បីទ្រង់អាចបង្កើតគណបក្សសង្គមរាស្ត្រនិយម ហើយបានចូលរួមបោះឆ្នោត នៅចុងឆ្នាំ១៩៥៥នោះ។
សម្តេចតាទួត ពេលនោះបានឈ្នះការបោះឆ្នោតខែកញ្ញា ដោយស្រួល ហើយព្រះអង្គបានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី។ នយោបាយរបស់សម្តេចព្រះ នរោត្តម សីហនុ គឺនយោបាយអព្យាក្រិត្យ មានន័យថា ព្រះអង្គមិនប្រឆាំងប្រទេសកុម្មុយនីស្ត ឬប្រឆាំងប្រទេសលោកសេរីឡើយ ប៉ុន្តែចំពោះសហរដ្ឋអាមេរិក នយោបាយអព្យាក្រិត្យ មានន័យថាជាល្បិចរបស់ក្រុមកុម្មុយនីស្តតែប៉ុណ្ណោះ។ សហរដ្ឋអាមេរិក ដែលប្រឆាំងប្តូរផ្តាច់នឹងលទ្ធិកុម្មុយនីស្ត ក្រោយមកគឺនៅខែតុលា ឆ្នាំ១៩៥៦ បានផ្លាស់ប្តូរឯកអគ្គរដ្ឋទូតថ្មីរបស់ខ្លួនឈ្មោះ Carl W. Strom។
ឯកសារសហរដ្ឋអាមេរិក បានសរសេរថា ក្នុងជំនាន់នោះ ទោះបីជាទំនាក់ទំនងនៃប្រទេសទាំង២ ត្រូវបានពង្រឹងក៏ពិតមែន ប៉ុន្តែសហរដ្ឋអាមេរិក បានបន្តចោទថា ទំនោរនយោបាយ សម្តេចព្រះ នរោត្តម សីហនុ បានទោរទន់ទៅរកសាធារណរដ្ឋប្រជាមានិតចិន។ សហរដ្ឋអាមេរិក ខឹងសម្តេចព្រះនរោត្តម សីហនុ និងចោទថា ព្រះអង្គបានទៅធ្វើទស្សនកិច្ចនៅប្រទេសចិន និងទៅប្រទេសកុម្មុយនិស្តដទៃទៀត នៅឆ្នាំ១៩៥៧។ សហរដ្ឋអាមេរិកបន្តចោទទៀតថា សម្តេចតាទួត ថែមទាំងទទួលយកជំនួយសេដ្ឋកិច្ចពីប្រទេសកុម្មុយនីស្តនោះទៀត។
សម្តេចព្រះ នរោត្តម សីហនុ ក្នុងជំហរនយោបាយអព្យាក្រិត្យ ខណៈមានទំនាក់ទំនងជាមួយ នឹងសហរដ្ឋអាមេរិកហើយ ព្រះអង្គក៏បានភ្ជាប់ចំណងការទួតជាផ្លូវការជាមួយសាធារណរដ្ឋប្រជាមានិតចិនផងដែរ នៅខែកក្កដា ឆ្នាំ១៩៥៨។ សហរដ្ឋអាមេរិក ពេលនោះបានខឹងកម្ពុជា និងបានកោះហៅតំណាងទូតរបស់គេត្រឡប់ទៅសហរដ្ឋអាមេរិកវិញ។ សម្តេចតាទួត ក្នុងការបង្ហាញថា សម្តេចដែលកំពុងអនុវត្តនយោបាយ អព្យាក្រិត្យមិនលំអៀងទៅភាគីណាមួយនោះ បានសម្របសម្រួលខ្លួនដោយការទទួលយក ការអញ្ជើញរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ដើម្បីធ្វើទស្សនកិច្ចក្នុងសហរដ្ឋអាមេរិក។ ដំណើរទស្សនកិច្ចរបស់សម្តេចតាទួតទៅកាន់សហរដ្ឋអាមេរិក មិនត្រូវបានសាធារណរដ្ឋប្រជាមានិតចិន បានច្រណែននិន្ទា ឬខឹងសម្បារដូចសហរដ្ឋអាមេរិកខឹងកម្ពុជាក្នុងការធ្វើទំនាក់ទំនងគ្នាឡើយ។
ដំណើរទស្សនកិច្ចរបស់អតីតព្រះមហាក្សត្រ លើទឹកដីសហរដ្ឋអាមេរិកនាពេលនោះ រួមមានការឈប់សំចតនៅទីក្រុងវ៉ាស៊ីនតោន ទីក្រុងញូយ៉ក, នៅ Detroit, នៅ Chicago និង នៅ Los Angeles ផងដែរ ។ ដំណើរទស្សនកិច្ចនោះ បានជួយធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំង២ កម្ពុជានិងសហរដ្ឋអាមេរិក មានភាពល្អប្រសើរមកវិញ។ នៅខែកក្កដា ឆ្នាំ១៩៥៩ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃសហរដ្ឋអាមេរិក លោក Fred A. Seaton បានធ្វើដំណើរមកប្រទេសកម្ពុជា ដើម្បីសម្ពោធផ្លូវមិត្តភាពកម្ពុជា-អាមេរិក ដែលគេស្គាល់ថាជាផ្លូវជាតិលេខ៤។ ស្លាកសំគាល់នៅចុងទាំងសងខាងនៃផ្លូវជាតិលេខ៤នោះ មានចារឹកព្រះរាជបន្ទូលរបស់សម្តេចព្រះ នរោត្តម សីហនុ និងប្រសាសន៍របស់លោកប្រធានាធិបតីអាមេរិក Eisenhower ដែលបានក្លាយជាកំណត់ត្រាគួរឱ្យកត់សម្គាល់។
ព្រះរាជបន្ទូលរបស់សម្តេចព្រះនរោត្តមសីហនុសរសេរថា៖ «នេះគឺជាផ្លូវមិត្តភាព ដែលត្រូវបានកសាងឡើងតាមរយៈការខិតខំសហប្រតិបត្តិការគ្នា រវាងអាមេរិកនិងកម្ពុជា ដែលបានធ្វើការក្នុងស្មារតីសេរីភាព និងភាតរភាពដើម្បីសំរេចបំណងឯករាជ្យសេដ្ឋកិច្ចនៃប្រទេសនេះ»។
ចំណែកលោកប្រធានាធិបតី Eisenhower បានសរសេរថា៖ «ផ្លូវនេះ ដែលកសាងឡើងដោយការខិតខំរួមគ្នារបស់ប្រទេសកម្ពុជា និងសហរដ្ឋអាមេរិក គឺជានិមិត្តរូបនៃមិត្តភាពរបស់ប្រជាជននៃប្រទេសយើងទាំងពីរ និងបំណងប្រាថ្នារួមគ្នារបស់យើង ដែលចង់អោយប្រទេសកម្ពុជា ក្លាយជាប្រទេសមានសេរីភាព ឯករាជ្យ និងវិបុលភាព»។
ពាក្យសម្តីរបស់ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ បានបង្ហាញនូវភាពស្និទ្ធស្នាលរវាងគ្នានិងគ្នាណាស់ ប៉ុន្តែការពិតនៃទង្វើនយោបាយ មិនបានស្របគ្នានោះឡើយ។ សម្តេចព្រះ នរោត្តម សីហនុ ដែលជាប្រមុខរដ្ឋនាពេលនោះ នៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការរក្សាអព្យាក្រឹត្យភាពនៃប្រទេសកម្ពុជា ដោយមានគោលបំណងសំខាន់ គឺចៀសវាងការពាក់ព័ន្ធក្នុងសង្គ្រាមវៀតណាម ប៉ុន្តែដោយសារតែកម្លាំងទ័ពរដ្ឋាភិបាលខ្មែរពេលនោះខ្សោយ មិនសូវមានបទពិសោធន៍ ទើបកម្ពុជាមិនអាចទប់ស្គាត់សកម្មភាពទន្ទ្រានបរទេសលើទឹកដីខ្មែរបានឡើយ។ បើទោះបីជាព្រះអង្គមានសម្ព័ន្ធភាពជាមួយប្រទេសមហាអំណាចទាំង២ ទាំងសហរដ្ឋអាមេរិកនិងចិន យ៉ាងណាក៏ដោយ។ សហរដ្ឋអាមេរិក ដែលមិនចង់ឱ្យកម្ពុជាមានទំនាក់ទំនងជាមួយប្រទេសចិនកុម្មុយនីស្ត ក្រោយមកទៀតបានបន្តចោទថា សម្តេចតាទួត មានទំនោរលំអៀងទៅប្រទេសចិន ជាងសហរដ្ឋអាមេរិក។
នៅខែមករា ឆ្នាំ១៩៦៤ សហរដ្ឋអាមេរិក បានចាប់ផ្តើមកាត់បន្ថយបុគ្គលិករបស់ខ្លួននៅភ្នំពេញ។ ចំណែកកម្ពុជា បានកោះហៅលោកឯកអគ្គរដ្ឋទូត នង គីមនី ប្រចាំនៅសហរដ្ឋអាមេរិក វិលត្រឡប់មកកម្ពុជាវិញដែរ។ នៅខែឧសភា ឆ្នាំ១៩៦៥ ទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងកម្ពុជា ត្រូវបានកាត់ផ្តាច់ជាផ្លូវការ។ ភាពតានតឹងកាន់តែកើនឡើង ដោយសហរដ្ឋអាមេរិកបានធ្វើការចោទប្រកាន់ថា ពួកកុម្មុយនិស្តវៀតណាម ធ្វើការដឹកជញ្ជូនគ្រឿងផ្គត់ផ្គង់តាមកំពង់ផែក្រុងព្រះសីហនុ និងចោទថា កម្ពុជាមានកិច្ចព្រមព្រៀងជាមួយចិន និងវៀតណាមខាងជើង ក្នុងការរក្សាទុកអាវុធនិងថ្នាំពេទ្យជាដើម។
ប្រធានាធិបតីអាមេរិកឈ្មោះ Lyndon Johnson នៅចុងឆ្នាំ១៩៦៥ បានបើកភ្លើងខៀវអោយមានប្រតិបត្តិការសំងាត់ចូលក្នុងប្រទេសកម្ពុជា ដើម្បីកំទេចមូលដ្ឋានរបស់ពួកយៀកកុង នៅលើទឹកដីកម្ពុជា។ ការវាយប្រហារនេះ បានបង្កើតនូវកំសួលកំហឹងជាខ្លាំងពីប្រជាពលរដ្ឋខ្មែរ ដែលរងគ្រោះតាមជន បទ ដោយពួកគេបានចងគំនុំជាមួយនឹងសហរដ្ឋអាមេរិក និងដែលគេបានចាត់ទុកថា ជាប្រទេសចក្រពត្តិឈ្លានពាន។
ប៉ុន្តែបន្តិចក្រោយមក ទំនាក់ទំនងរវាងកម្ពុជានិងសហរដ្ឋអាមេរិក ហាក់ដូចជាមានសញ្ញាល្អមកវិញ នាខែវិច្ឆិកា ឆ្នាំ១៩៦៧ ដែលពេលនោះមានដំណើរទស្សនកិច្ចរបស់លោកជំទាវ JF Kennedy ដែលធ្វើឱ្យទំនាក់ទំនងការទូត ដែលកាត់ផ្តាច់នោះបានល្អសាជាថ្មីមួយភ្លែត។ ក្រោយពីពេលនោះមក សហរដ្ឋអាមេរិក បានបញ្ជួនមន្ត្រីបេសកជនប្រធានាធិបតីឈ្មោះ Chester A. Bowles ដែលបានមកដល់ភ្នំពេញ នាខែមករា ឆ្នាំ១៩៦៨។ ប៉ុន្តែនាចុងខែមករា ឆ្នាំ១៩៦៨ ដដែលនោះ នៅពេលដែលមានព្រឹត្តិការណ៍វាយប្រហារបុណ្យចូលឆ្នាំ Tet Offensive ដោយក្រុមយុទ្ធជនវៀតកុង បានធ្វើការវាយប្រហារនៅលើទឹកដីវៀតណាមខាងត្បូងនោះ ទំនាក់ទំនងដែលទើបបានស្តាររវាងកម្ពុជានិងអាមេរិកនោះ ក៏ត្រូវបានបង្អាក់សាជាថ្មីទៀត។
មួយឆ្នាំក្រោយមក គឺនៅថ្ងៃទី២០ មករា ឆ្នាំ១៩៦៩ ប្រធានាធិបតីថ្មីអាមេរិក លោក Richard Nixon បានឡើងកាន់តំណែង។ លោកប្រធានាធិបតី Richard M. Nixon បានបញ្ជាឱ្យមានយុទ្ធនាការទំលាក់គ្រាប់បែកដោយសំងាត់ នៅភាគខាងកើតប្រទេសកម្ពុជា ដែលត្រូវបានគេហៅថា Operation Menu ។ យុទ្ធនាការរយៈពេល១៤ខែ ដែលបានចាប់ផ្តើមនៅថ្ងៃទី១៨ ខែមិនា ឆ្នាំ១៩៦៩ មានជើងយន្តហោះចំនួនជាង ២៣០,៥១៦ជើង ហើយគ្រាប់ដែលបានទំលាក់មានទំងន់សរុបចំនួន ២,៧៥៦,៩៤១តោន។
ការទម្លាក់គ្រាប់បែកដាក់មកលើកម្ពុជានាពេលនោះ ត្រូវបានរដ្ឋបាលអាមេរិក លាក់ទុកមិនឱ្យឮខ្ចរខ្ចាយឡើយ រហូតមកដល់ឆ្នាំ១៩៧៣ ទើបសាធារណជនអាមេរិក បានដឹងពីការទំលាក់គ្រាប់បែកក្នុង ប្រតិបត្តិការ Operation Menu នៅលើទឹកដីកម្ពុជានោះ។ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ១៩៦៩ ស្ថានទូតអាមេរិក បានចាប់ផ្តើមបើកសាឡើងវិញនៅភ្នំពេញ ប៉ុន្តែមិនមានបុគ្គលិកច្រើនទេ ក្នុងនោះមានលោក Lloyd M. Rives ជាភារៈធារី និងមានបុគ្គលិកចំនួន ៨នាក់តែប៉ុណ្ណោះ។
សមាជិកព្រឹទ្ធសភាអាមេរិក Mansfield បានធ្វើដំណើរមកភ្នំពេញ ដែលជាដំណើរលើកទី៣ របស់លោក ដើម្បីធ្វើកិច្ចប្រជុំមិត្តភាពជាមួយសម្តេចព្រះ នរោត្តម សីហនុ។ ប៉ុន្តែទោះបីមានការស្តារទំនាក់ទំនងឡើងវិញយ៉ាងណាក៏ដោយ ហេតុការណ៍ទម្លាក់គ្រាប់បែកដោយយន្តហោះ B52 របស់អាមេរិកតាមបណ្តោយព្រំដែន បានធ្វើឱ្យស្ថានការណ៍កាន់តែមានភាពតានតឹងកាន់តែខ្លាំងឡើង។ មន្ត្រីមួយចំនួនក្រោមបង្គាប់របស់អតីតព្រះប្រមុខរដ្ឋ ត្រូវគេសង្ស័យថា បានងាកជំហរមកគាំទ្រសហរដ្ឋអាមេរិកខ្លះហើយ ក្នុងនយោបាយប្រឆាំងនឹងលទ្ធិកុម្មុយនីស្ត។
នៅក្នុងខែមីនា ឆ្នាំ១៩៧០ នៅពេលសម្តេច សីហនុ កំពុងទស្សនកិច្ចនៅក្រៅប្រទេស និងកំពុងគង់នៅក្នុងអតីតសហភាពសូវៀត រដ្ឋប្រហារថ្ងៃទី១៨ មីនា បានកើតឡើងនៅក្នុងក្រុងភ្នំពេញ។ ព្រះអង្គក្រោយមក បានយាងទៅកាន់ប្រទេសចិន។ សភាជាតិ បានបោះឆ្នោតជាឯកច្ឆ័ន្ធ ដកសេចក្តីទុកចិត្តពីព្រះអង្គ។ លោក លន់ នល់ បានក្លាយជាប្រមុខរដ្ឋថ្មី ហើយបានដឹកនាំការធ្វើសេចក្តីព្រាងលើរដ្ឋធម្មនុញ្ញថ្មី។
នៅខែតុលា ឆ្នាំ១៩៧០ លោក លន់ នល់ បានប្រកាសបង្កើតរបបសាធារណរដ្ឋខ្មែរ ដោយមានរបៀបវារៈសំខាន់ គឺការបណ្តេញជនជាតិវៀតណាមចេញពីទឹកដីកម្ពុជា។ មេខ្លោងរដ្ឋប្រហារលោក លន់ នល់ បាន សហការជាមួយវៀតណាមខាងត្បូង និងសហរដ្ឋអាមេរិក និងលោកសេនាប្រមុខរូបនោះ បានបំបាត់នយោបាយអព្យាក្រិត្យចេញពីកម្ពុជា ដោយងាកទាំងស្រុងមករកសហរដ្ឋអាមេរិក។ របបសាធារណរដ្ឋខ្មែរលោក លន់ នល់ គឺជារបបមួយដែលពឹងផ្អែកទាំងស្រុងទាំងជំនួយយោធានិងសេដ្ឋកិច្ចលើសហរដ្ឋអាមេរិក។
ឯកឧត្តម ខៀវ កាញារីទ្ធ បានថ្លែងថា ដោយសារតែកង្វះភាពយល់ដឹងរបស់មេដឹកនាំខ្មែរជំនាន់ នោះលើនយោបាយការបរទេស បាននាំឱ្យរបបសាធារណរដ្ឋខ្មែរ លោក លន់ នល់ បានធ្លាក់ក្នុងអន្ទាក់នយោបាយរបស់សហរដ្ឋអាមេរិក៖
«មេរៀនដែលទាញធំបំផុតគឺទីមួយ បើសិនជាពេលនោះ អ្នកដឹកនាំនយោបាយខ្មែរដូចជាលោក លន់ នល់ និងអ្នកមួយចំនួននោះ មើលអំពីសភាពការណ៍អន្តរជាតិ គឺច្បាស់ជាមិនធ្វើរដ្ឋប្រហារ ឬទៅសុំជំនួយអាមេរិកកាំងទេ,ពីព្រោះពីឆ្នាំ១៩៦៨នេះ គឺចាប់ផ្តើមរៀបចំបោះឆ្នោតត្រៀមបោះឆ្នោតហើយ…អញ្ចឹងទាំងបេក្ខជន ទាំងប្រធានាធិបតី ដែលកាន់អំណាចអ្នកណាក៍និយាយអំពីការដកទ័ពចេញពីវៀតណាមនោះដែរ។ អញ្ចឹងយើងឃើញហើយថា គេនឿយណាយនឹងសង្រ្គាម ប៉ុន្តែយើងទេ ដែលមិនមើលពីសភាពការណ៍អន្តរជាតិ។
អញ្ចឹងដឹងតែថា ដណ្តើមយកអំណាច…ពឹងអាមេរិកកាំងចូលជួយឱ្យអាមេរិកាំងវាយយៀកកុង ប៉ុន្តែគាត់មិនបានគិតថាទី១ គឺបណ្តាញរបស់ពួកយៀកកុងច្រើន ដោយសារតែគេបានរៀបចំបណ្តាញរបស់ខ្មែរក្រហម…ដូច្នេះហើយ យើងចាំទេ គឺការបះបោរនៅសំឡូត បានន័យថា ខ្មែរក្រហមមានអង្គការចាត់តាំង, មានប្រព័ន្ធរបស់ខ្លួនហើយ គ្រាន់តែប្រព័ន្ធហ្នឹងវាមិនបានធំទេ។
ដូច្នេះពេលដែល លន់ នល់ ធ្វើរដ្ឋប្រហារភ្លាម គេគិតថា ទាំងអាមេរិកាំងវាយពីខាងត្បូង, ទ័ព លន់ នល់ មួយចំនួននឹងវាយកៀបទៅយួនយៀកកុងវិញ ដូចអ្វីដែលយើងថានៅក្នុង Sandwich អញ្ចឹង, ប៉ុន្តែគេភ្លេចគិតថា ទីមួយសមត្ថភាពរបស់កងទ័ពកម្ពុជា គឺអន់ណាស់ គឺជាកងទ័ពដែលយើងមិនបានទៅរៀនសូត្រពីគេ, មិនដែលធ្វើសមយុទ្ធធំ, មិនដែលអីទាំងអស់, អាវុធក៍កំប៉ិកកំប៉ុក សំលៀកបំពាក់ ក៏មិនគ្រប់គ្រាន់។
សូមជម្រាបថា នៅក្នុងឆ្នាំ១៩៧០នោះ ប្រាក់ខែរបស់ទាហានធម្មតាសាមញ្ញ ដែលថ្នាក់ក្រោមបំផុត គឺមួយខែតែ៥០០រៀលទេ, ដូច្នេះគឺវាស្ថិតនៅស្ថានភាពក្រប៉ុ ន្តែមិនក្រប៉ុន្មានទេ។ លោក ស៊ឺន សាន ពេលដែលគាត់បោះឆ្នោតសម័យ អ៊ុនតាក់ គាត់ប្រកាសហើយ សម័យគាត់៥០០រៀល ទិញគោបានមួយនឹម, ប៉ុន្តែបើយើង និយាយពីរឿងទ័ព ទីមួយគឺសម្ភារៈ, ទីពីរ បទពិសោធន៍នៃសង្រ្គាម មិនមានន័យថាយើងត្រូវច្បាំងទេ តែយើងដកពិសោធន៍ពីគេ ពេលនោះគឺកម្ពុជាយើងៗអត់…អញ្ចឹងយើងមានកងទ័ពសម្រាប់កសាងផ្លូវសម្រាប់អីទាំងអស់។ ប៉ុន្តែរៀនដកពិសោធន៍ពីគេគឺអត់, អញ្ចឹងអ្នកនយោបាយយើងអត់មើលសភាពការណ៍អន្តរជាតិ, ទ័ពយើងក៏ខ្សោយ…អញ្ចឹងពេលយើងចង់ដេញ យៀកកុង វាមិនមែនដេញយៀកកុងបានឯណា គឺយៀកកុងទេ ដែលដេញយើងវិញនោះ»។
*សម្តេចព្រះ នរោត្តម សីហនុ បង្កើតរដ្ឋាភិបាលក្រៅប្រទេសក្រោយរដ្ឋប្រហារ
ក្រោយរដ្ឋប្រហារថ្ងៃទី១៨ មីនា ឆ្នាំ១៩៧០, សម្តេចព្រះ នរោត្តម សីហនុ ដែលពេលនោះកំពុងគង់នៅក្រៅប្រទេស បានបង្កើតរដ្ឋាភិបាលមួយ ប្រកាសចេញពីសាធារណរដ្ឋប្រជាមានិតចិន។ ឈ្មោះរដ្ឋាភិបាលបរទេសនោះ គឺរាជរដ្ឋាភិបាលបង្រួបបង្រួមជាតិកម្ពុជា (Gouvernement Royal d'Union Nationale de Kampuchea ឬ GRUNK) ដោយបានអំពាវនាវអោយពលរដ្ឋខ្មែរ រត់ចូលព្រៃម៉ាគី ដើម្បីតស៊ូប្រឆាំងនឹង លន់ នល់, ចេង ហេង, អ៊ិន តាំ និងទ្រង់ សីរីមតៈ ដោយព្រះអង្គចាត់ទុកថាពួកគេគឺជាពួកក្បត់ជាតិ។ ព្រះរាជអំពាវនាវតាមវិទ្យុក្រុងប៉េកាំងថ្ងៃទី២៣ មីនា ឆ្នាំ១៩៧០នោះហើយ គឺជារបត់នៃប្រវត្តិសាស្ត្រមួយ ដែលបានបង្ហាញនូវការលះបង់ភាពយុវវ័យរបស់យុវជន ហ៊ុន សែន ដែលឈ្មោះដើមកំណើត ហ៊ុន ប៊ុនណាល់។
រដ្ឋប្រហារថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ បានជះឥទ្ធិពលយ៉ាងខ្លាំងដល់យុវជននាសម័យនោះ។ សៀវភៅ «ហ៊ុន សែន កម្ពុជា» បានសរសេរថា ត្រឹមតែរយៈពេលមិនដល់មួយខែនៃការអំពាវនាវរបស់សម្ដេចឪនោះ គិតត្រឹមថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៧០ មានយុវជនប្រមាណជាង៣០០នាក់ បាននាំគ្នារត់ចូលព្រៃម៉ាគី ដើម្បីបម្រើក្នុងជួរកងទ័ពរំដោះជាតិកម្ពុជា។ ព្រៃម៉ាគី គឺជាព្រៃស្រោងដ៏ធំមួយ មានមូលដ្ឋាននៅស្រុកមេមត់ខេត្តកំពង់ចាម (បច្ចុប្បន្នស្ថិតនៅក្នុងខេត្តត្បូងឃ្មុំ)។ ក្នុងចំណោម យុវជនប្រមាណ៣០០នាក់ ដែលបានរត់ចូលព្រៃនាពេលនោះ ក៏រួមមាន សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផងដែរ។
សៀវភៅ «ហ៊ុន សែន កម្ពុជា» បានដកស្រង់ប្រសាសន៍សម្តេចតេជោ ដែលថ្លែងបញ្ជាក់ថា «នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩៧០ ក្រោយ៥ថ្ងៃនៃរដ្ឋប្រហារថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០, វិទ្យុប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិន បានផ្សព្វផ្សាយសេចក្ដីថ្លែការណ៍របស់សម្ដេចឪហើយព្រះអង្គ អំពាវនាវឱ្យបង្កើតរណសិរ្សរួបរួមជាតិដ៏ធំមួយព្រមទាំងកងទ័ពរំដោះជាតិផង»។
ក្រោយមករបបសាធារណរដ្ឋខ្មែរ លោក លន់ នល់ ដែលពឹងដង្ហើមដកទាំងស្រុងលើជំនួយយោធា និង សេដ្ឋកិច្ចពីសហរដ្ឋអាមេរិក ត្រូវបានដួលបរាជ័យនៅថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥ បន្ទាប់ពីសហរដ្ឋអាមេរិក បានបញ្ឈប់ការគាំទ្រកម្ពុជានាពេលនោះ ដែលនាំឱ្យរបបដឹកនាំដោយ លន់ នល់ ត្រូវបះជើង។
ឯកសារនៃខួបលើកទី៦០ នៃទំនាក់ទំនងការទូតសហរដ្ឋអាមេរិកនិងកម្ពុជា បានសរសេរបង្ហាញថា លោកសេនាប្រមុខ លន់ នល់ គឺជាមេដឹកនាំដ៏ទន់ខ្សោយម្នាក់។ លន់ នល់ មិនត្រឹមតែចាយខ្ជះខ្ជាយលើលុយជំនួយសហរដ្ឋអាមេរិកអស់ ១,៦០០លាន ដុល្លារប៉ុណ្ណោះទេ ប៉ុន្តែក្រោមការដឹកនាំរបស់គាត់ថែមទាំងធ្វើឱ្យមានមនុស្សស្លាប់ក្នុងសង្គ្រាមពេលនោ អស់ចំនួន ៥០ម៉ឺននាក់ថែមទៀត។
យុវជន ហ៊ុន សែន កើតថ្ងៃទី៥ សីហា ឆ្នាំ១៩៥២ នៃភូមិកំណើត ពាមកោះស្នា ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នៅក្នុងឆ្នាំ១៩៦៤ បានមកស្នាក់នៅក្នុងវត្តនាគវ័ន នាក្រុងភ្នំពេញ ដើម្បីបន្តការសិក្សានៅវិទ្យាល័យឥន្ទ្រទេវី។ ឆ្នាំ១៩៧០ គ្រាដែលកម្ពុជា បានធ្លាក់ចូលក្នុងភ្លើងសង្គ្រាមដោយសាររដ្ឋប្រហារថ្ងៃទី១៨ មីនា និងតបតាមព្រះរាជបន្ទូលអំពាវនាវរបស់សម្តេចព្រះ នរោត្តម សីហនុ ឱ្យប្រជាជនខ្មែររត់ចូលព្រៃដើម្បីតស៊ូ ក្នុងវ័យ១៨ឆ្នាំ ក៏បានធ្វើដំណើរពីក្រុងភ្នំពេញ ទៅចូលរួមជាមួយនឹងចលនាតស៊ូទ័ពព្រៃក្នុងព្រៃម៉ាគី។ នៅមួយថ្ងៃមុន រំដោះក្រុងភ្នំពេញថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥, យុទ្ធមិត្ត ហ៊ុន សែន បានរងរបួសអំបែងគ្រាប់ផ្លោងចំភ្នែកខាងឆ្វេង បណ្តាលឱ្យពិការដូចបច្ចុប្បន្ន។
នៅក្នុងឆ្នាំ១៩៧៧ ដោយមើលឃើញនូវទង្វើសម្លាប់រង្គាលនៃនយោបាយប្រល័យពូជសាសន៍ របស់របបខ្មែរក្រហមប៉ុលពត លោកបានចាកចេញពីគ្រួសារ និងភៀសខ្លួនចេញតស៊ូនៅក្នុង ប្រទេសវៀតណាម និងបានដឹកនាំចលនាតស៊ូ «រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា» ដើម្បីការជួយរំដោះប្រទេស។ ឆ្នាំ១៩៧៨ យុវជន ហ៊ុន សែន បានក្លាយជាសមាជិកស្ថាបនិកនៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា។ របបខ្មែរក្រហម ប៉ុលពត បានដួលរលំក្រោមទង់រណសិរ្សសាមគ្គីសង្គ្រោះជាតិ នៅថ្ងៃទី៧ មករា ឆ្នាំ១៩៧៩។
ដូច្នេះបើគ្មានរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ ក៏កម្ពុជា មិនធ្លាក់ចូលក្នុងភ្លើងសង្គ្រាម និងបើគ្មានព្រះរាជបន្ទួលរបស់សម្តេចព្រះ នរោត្តម សីហនុ អំពាវនាវឱ្យពលរដ្ឋខ្មែរ ចូលក្នុងព្រៃម៉ាគី ដើម្បីការតស៊ូនោះទេ ក៏គ្មានប្រវត្តិការតស៊ូរបស់យុវជន ហ៊ុន សែន ដែលលោកគឺជាឥស្សរជនលេចធ្លោខ្លាំងជាងគេបំផុត ក្នុងដំណើរការជួយស្រោចស្រង់ប្រទេសកម្ពុជា តាំងពីចំណុចសូន្យរហូតមកទល់នឹងបច្ចុប្បន្ន។
*តើព្រឹត្តិការណ៍ថ្ងៃទី១៨ មីនា ឆ្នាំ១៩៧០ បានផ្តល់មេរៀនអ្វីសម្រាប់កម្ពុជា?
ព្រឹត្តិការណ៍ថ្ងៃទី១៨ មីនា ឆ្នាំ១៩៧០ បានក្លាយជាមេរៀននៃបទពិសោធន៍ផ្សេងៗដែលកូនខ្មែរជំនាន់ក្រោយគប្បីត្រូវប្រុងប្រយ័ត្ននិងចៀសវាង។ បទពិសោធន៍ពីព្រឹត្តិការណ៍ដ៏ជូរចត់នោះបានបង្ហាញថា គឺ «សង្គ្រាមត្រជាក់រវាងប្រទេសមហាអំណាចនោះទេ ដែលជាផលប្រយោជន៍ធំបំផុត» និងកម្ពុជា គ្រាន់តែកូនអុកមួយ សម្រាប់ល្បែងនៃនយោបាយរបស់ប្រទេសលោកសេរី ដែលប្រឆាំងនឹងលោកកុម្មុយនីស្តតែប៉ុណ្ណោះ។
ដើមចមដ៏ធំបំផុតដើម្បីដុតបញ្ឆេះកំហឹងឱ្យខ្មែរធ្លាក់ចូលក្នុងកំហឹង គឺការលាបពណ៌នូវនយោបាយបរទេសលេបទឹកដីខ្មែរ ដូចអ្វីដែលក្រុមជ្រុលនិយមខ្មែរមួយក្តាប់តូចនៅក្រៅប្រទេស បាននិងកំពុងរកលេសបង្កើតដើម្បីឱ្យមានការផ្ទុះសង្គ្រាមសាឡើងវិញ ក្រោមការបំពក់កំហឹងថា រាជរដ្ឋាភិបាល បានបណ្តោយឱ្យប្រទេសវៀតណាម ឬប្រទេសថៃ លេបយកទឹកដីខ្មែរ ជាថ្នូរនៃការកាន់អំណាច។ ប៉ុន្តែលេសដ៏ចាស់គំរិល និងក៏គ្មានប្រយោជន៍ចំពោះល្បែងនយោបាយរបស់ប្រទេសលោកសេរី និងលោកកុម្មុយនីស្តទៀតនោះ បានធ្វើឱ្យនយោបាយលាបពណ៌ «យួនឬសៀមលេបទឹកដីខ្មែរ» បានក្លាយជាទង្វើសាបរលាបមិនអាចបំពក់កំហឹងជ្រុលនិយមនេះ ឱ្យឆាបឆេះសាជាថ្មីនៅកម្ពុជាទៀតបានឡើយ។
ម្យ៉ាងទៀត ភាពដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខនៃនយោបាយឈ្នះឈ្នះ ដែលបំបាត់សង្គ្រាមស៊ីវិល និងធ្វើឱ្យទឹកដីកម្ពុជាមានសុខសន្តិភាពពិតប្រាកដតាំងពីចុងឆ្នាំ១៩៩៨ រហូតមកទល់នឹងបច្ចុប្បន្ននេះ បានធ្វើឱ្យការប៉ុនប៉ងរបស់មេខ្លោងក្រុមជ្រុលនិយម សម រង្ស៊ី ដែលដាក់ចេញនូវចលនាបដិវត្តពណ៌ «ផ្ការីក» ក្លាយជា «ផ្កាមិនដែលរីក» ទាល់តែសោះ ដោយសារឥទ្ធិពលនៃនយោបាយឈ្នះឈ្នះ ដែលបានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព២៦ឆ្នាំរួចមកហើយ។
ឯកឧត្តម ខៀវ កាញារីទ្ធ បានថ្លែងថា កម្ពុជាមានសំណាងណាស់ដែលមានឥស្សរជននយោបាយកំពូលដ៏វាងវៃ គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន៖
«ទីមួយយើងអាចថាសម្តេច ហ៊ុន សែន លោកគឺមានការវាងវៃណាស់នៅក្នុងសភាពការណ៍។ ខ្ញុំយកឧទាហរណ៍តែមួយគត់ ដែលថាលោកវាងវៃ គ្រាន់តែបញ្ហាដែលពេលរស្ស៊ី វាយចូលអ៊ុយក្រែន អ្នកណាក៏គិតថា យើងនឹងបោះឆ្នោតអនុប្បវាទ សូម្បីតែថៃ ក៏បោះអនុប្បវាទដែរ។ ថៃមិនធ្លាប់ជំពាក់គុណរុស្ស៊ីទេ។ ប៉ុន្តែបែរជាកម្ពុជា បានធ្វើឲ្យគេភ្ញាក់ផ្អើលតែម្តង… គឺកម្ពុជាបោះឆ្នោតប្រឆាំងនឹងការដែលរុស្ស៊ី វាយលុកទៅលើអ៊ុយក្រែន។ ការឆ្លាតវៃរបស់សម្តេច ហ៊ុន សែន គឺបានបញ្ជាក់, ពីព្រោះយើងជាប្រទេសតូច។ បើយើងគាំទ្រប្រទេសធំវាយប្រទេសតូច…គេវាយយើងវិញ យើងធ្វើយ៉ាងម៉េច?
អញ្ចឹងលោកបានមើលឆ្ងាយ មើលដកពិសោធន៍ការងារច្រើន។ នេះគឺជាភាពវៃឆ្លាតរបស់លោក ដែលធ្វើឱ្យកម្ពុជាយើងបាននៅមានការរីកចម្រើន ពីព្រោះមានរឿងច្រើនទៀត ប៉ុន្តែខ្ញុំគ្រានតែយកឧទាហរណ៍មួយទេ។
ប៉ុន្តែទីពីរ ជាសំណាងមួយ ពីព្រោះពេលដែលសម្តេច ហ៊ុន សែន រៀបចំប្រទេសឡើងវិញនេះសង្រ្គាមត្រជាក់បានរលត់បាត់។ អញ្ចឹងសង្រ្គាមត្រជាក់ ដែលរលត់បាត់នេះវាធ្វើឱ្យភាពតានតឹងនៃនយោបាយភូមិសាស្ត្រ មានការថយចុះច្រើន។ ជាការពិតហើយ វាមានភាពតានតឹងដែរ នៅក្នុងសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា ប៉ុន្តែពេលនោះក៏សំណាងដែរ ពីព្រោះបើសិនដូចជាសភាពការណ៍នៅអឺរ៉ុប ពេលដែលគ្រាន់ថ្នាក់ដឹកនាំនៃប្រទេសមួយចំនួន នៅអឺរ៉ុបខាងកើត ធ្វើកំណែទម្រង់…ហើយភ្លាមនោះ ស្រាប់តែអាមេរិកប្រកាសថា នេះគឺជាការប្រឆាំងនឹងកុម្មុយនីស្ត… ហើយទីបំផុតគេយកទៅសម្លាប់ចោល ឬគេទម្លាក់,។
សម្តេចហ៊ុន សែន គឺជាមនុស្សតែមួយគត់លើពិភពលោក ហើយក្នុងពិភពសង្គមនិយម គឺជាមនុស្សតែមួយគត់ ដែលបានទទួលស្គាល់កែប្រែកម្មសិទ្ធិឯកជនលើដីធ្លីផលិតកម្ម, អត់មានអ្នកណាដែលមាននោះទេ ពីព្រោះធម្មតានៅក្នុងសង្គមនិយម គឺមធ្យោបាយផលិតកម្មនោះហើយ វាគឺជាឆ្អឹងខ្នងនៃសង្គមនិយម ប៉ុន្តែសំណាងនៅពេលនោះ គឺអាមេរិកកាំង គុំនឹងវៀតណាម។ អញ្ចឹងអាមេរិកកាំង គឺប្រើខ្មែរក្រហមនេះ គឺគាត់ប្រើពាក្យមួយ “Bleed to White” ដែលមានន័យថា «បង្ហូរឈាមវៀតណាមទាំងអស់តាមរយៈពួកខ្មែរក្រហម»។
អញ្ចឹងនៅពេលនោះ នៅឆ្នាំ៨៦ សម្តេច ហ៊ុន សែន បានធ្វើកំណែទ្រង់ដីធ្លីនេះ អាមេរិកាំងមិនបានផ្តោតលើ ហ៊ុន សែន ទេ ពីព្រោះបើផ្តោតលើ ហ៊ុន សែន, ថា ហ៊ុន សែន ប្រឆាំងកុម្មុយនីស្ត ហ៊ុន សែន និងក្លាយជាវីរបុរស…នោះទីមួយ, ទីពីរ បើផ្តោតលើ ហ៊ុន សែន ថាជាអ្នកប្រឆាំងកុម្មយនីស្ត អាមេរិកកាំង អត់មានលេស ដើម្បីជួយអភិបាលចំរុះត្រីភាគីនោះទេ។ ដោយសំខាន់ អ្វីដែលអាមេរិកកាំង ចង់ជួយត្រីភាគីនោះ គឺសំខាន់ ដោយសារតែចង់សងសឹកវៀតណាម…អញ្ចឹងដោយសារគំនិតចង់សងសឹកនេះ អាមេរិក អត់លើកពីរឿង ហ៊ុន សែន នោះទេ…អញ្ចឹងអាមេរិក គិតជួយតែខាងត្រីភាគី, ដែលទាំងនេះហើយ បានធ្វើឱ្យ ហ៊ុន សែន បានធ្វើកំណែទម្រង់បានជោគជ័យ…វាធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាបានរឹងមាំ ហើយបង្កើនការទុកចិត្តរបស់ប្រជាជន…នេះគឺជាចំណុច។
អញ្ចឹងបានថាទាំងអស់ សម្តេច ហ៊ុន សែន មានពីរ, គឺទីមួយ គឺប្រាជ្ញាវាងវ័យរបស់ថ្នាក់ដឹកនាំ…ទីពីរ គឺបញ្ហាកាលៈទេសៈ ភូមិសាស្ត្រនយោបាយ ដែលជាផ្នែកមួយបញ្ចូលគ្នា…ហើយដូចខ្ញុំតែងនិយាយថា «មនុស្សគិត ទេវតាសម្រេច»។
គួរកត់សម្គាល់ដែរថា មេរៀនជាប្រវត្តិសាស្ត្រនេះទៀត នៅបានបង្ហាញភាពខុសគ្នានៃរបៀបអនុវត្តនយោបាយអព្យាក្រិត្យថែមទៀត ខណៈសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចតាទួត គឺតែងប្រកាន់ខ្ជាប់ដូចគ្នានៃនយោបាយអព្យាក្រិត្យមិនចូលបក្ខសម្ព័ន្ធដូចគ្នា ។ បណ្ឌិតសភាចារ្យ រស់ ចន្ត្រាបុត្រ បានបង្ហាញនូវភាពខុសគ្នាខ្លះ រវាងការអនុវត្តនយោបាយ អព្យាក្រិត្យរបស់សម្តេចព្រះនរោត្តម សីហនុ កាលពីក្នុងអតីតកាល និងនយោបាយអព្យាក្រិត្យបច្ចុប្បន្ន របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន៖
«នៅក្នុងរឿងទាំងអស់នេះយើងឃើញថា ពាក្យក្នុងបាវចនៈដូចគ្នា។ បាវចនដូចគ្នានេះគឺបានសេចក្តីថាម៉េច? គឺថា ប្រទេសភាគច្រើនដើម្បីសេចក្តីសុខ ជាពិសេសប្រទេសតូចតាច។ ប្រទេសតូចតាចនេះ វាត្រូវតែប្រកាសអញ្ចឹង ប្រកាសថាយើងអព្យាក្រិត្យ អាហ្នឹងទី១។ ទី២យើងស្រឡាញ់សន្តិភាព កន្លែងហ្នឹងហើយ ដែលជាគោលជំហរនយោបាយមួយ ដែលយើងអាចឱ្យមហាអំណាចទាំងអស់ហ្នឹង យល់អំពីគោលការណ៍របស់យើង។ ហើយគោលការណ៍ទាំងអស់នេះ យើងមិនមែនត្រឹមតែនិយាយទេ សម្តេចតេជោ ហ៊ុន សែន លោកបានធ្វើជាមួយអ្នកនយោបាយខ្មែរផ្សេងៗទៀត តាំងតែពីបក្សហ៊្វុនស៊ិនប៉ិចហ្នឹង ធ្វើរដ្ឋធមនុញ្ញដាក់នៅក្នុងបាវចនាកំពូលរបស់កម្ពុជាទៀត… ហ្នឹងទី១ ដើម្បីហៅថា ឱ្យអ្នកទៅក្រោយ ឬទៅមុខក៏ដោយ គឺថាឱ្យយកអាហ្នឹងជាគោលការណ៍ ជាគោលនយោបាយរបស់ខ្លួន។
រឿងរកស៊ី គឺជារឿងមួយផ្សេងទៀត តែបើរឿងធ្វើនយោបាយ វាមានងាកឆ្វេងងាកស្តាំ ដែលហៅថារឿងមួយទៀត ប៉ុន្តែគោលការណ៍ដើម្បីខ្មែររស់ ដើម្បីសន្តិភាព យើងមិនអាចហៅថា ដើរហួសពីហ្នឹងទេ។ ពីព្រោះយើងជាប្រទេសតូចមួយ បើយើងនិយាយមែនទែនគេចង់ឲ្យយើងងាប់ៗ ចង់ឱ្យរស់ៗ អញ្ចឹងបានថា យើងត្រូវធ្វើម៉េចឱ្យជៀសរួច។ ហ្នឹងហើយអញ្ចឹងបានថាអ្វីដែលជាសម្តេចតេជោ ហ៊ុន សែន គឺថាលោកប្រកាន់ហ្នឹង ជារឿងមួយដែលល្អប្រពៃណាស់។ ហើយជាពិសេសសម្រាប់បច្ចុប្បន្ន ក៏ដូចទៅជាអនាគតរបស់កម្ពុជា។ ហើយរឿងទាំងអស់ហ្នឹងហើយ វាអាចដូចជា…បើយើងនិយាយភាសាមួយទៀត ដូចជាបាលីមួយអញ្ចឹង គេថាអាចចងខ្មែរទាំងអស់គ្នាហ្នឹងឱ្យនៅជុំលើទស្សន:លើគំនិតហ្នឹង… ពីព្រោះបើយើងមើលគ្រប់សព្វបែបយ៉ាងទៅថាយើងមិនអាចលោតហួសពីបាវចនាទាំងបីហ្នឹងទេ។
អញ្ចឹងបានកន្លែងហ្នឹងហើយ បានជាការដែលយើង និយាយមែនទែនជាចក្ខុវិស័យ ជា Vision របស់សម្តេចតេជោ ហ៊ុន សែន នេះគឺថា កន្លែងហ្នឹងដែលល្អមែនទែន ដែលខ្ញុំបាទក៏ដូចបងប្អូនខ្មែរទាំងអស់គោរពថាដែលយើងត្រូវតែយកគោលការណ៍ហ្នឹង ហើយដែលយើងអាច…ហើយគេក៏មើលយើងកន្លែងហ្នឹងដែរ។ អញ្ចឹងបានសព្វថ្ងៃយើងខំប្រឹង សម្តេចតេជោ ហ៊ុន សែន លោកខំប្រឹងបង្ហាញនូវសុឆន្ទ: របស់លោក ក៏ដូចជារបស់រដ្ឋាភិបាលកម្ពុជារបស់កម្ពុជា ដែលថាយើងមិនមែនទៅឆ្វេង យើងមិនមែនទៅស្តាំ ហើយយើងក៏មិនមែនជាអ្នកចង់បង្កឱ្យមានអសន្តិសុខឬសង្គ្រាមនៅលើទឹកដីកម្ពុជា ក៏ដូចជានៅក្នុងតំបន់ដែរ។
អញ្ចឹងបានជាយើងខំប្រឹង…មានស្អីតែបន្តិច ក៏យើងបង្ហាញគេដែរ មានអីបន្តិចបង្ហាញគេ ដើម្បីបង្ហាញនូវអ្វី ដែលសុទ្ធចិត្តរបស់យើង ដូចជាក្នុងរឿងគ្រាន់តែយើង ធ្វើកន្លែងរីសត កន្លែងគេហៅថាសប្បាយរីករាយសម្រាប់ទទួលភ្ញៀវ, វាលយន្តហោះនៅកោះកុង ហ្នឹងគេចោទថា យើងជាមូលដ្ឋានឱ្យចិន បានជាយើងត្រូវបង្ហាញភ្លាម…រួចនៅពេលនេះយើងឃើញហើយថា ស្មានថាអត់មាន Drone ឬ Sattelite?
តាមថតមើលរហូត នៅកំពង់សោម តាមរហូតថ្ងៃនេះឃើញអញ្ចេះ…ថ្ងៃនោះឃើញអញ្ចោះ យកមកវិភាគទាំងអស់ គ្រាន់តែធ្វើព្រែកជីកហ្វូណនតេជោ ក៏យើងមានបញ្ហាដែរ។ គ្រាន់តែ CLV ក៏មានបញ្ហាដែរ អញ្ចឹងគេចាក់យើង បានយើងបង្ហាញឱ្យគេមើល ហើយអ្នកឯងចង់ទៅមើល នាំអ្នកឯងទៅមើលទៀត ដូចជានៅខាងរាម នៅខាងអ្វីទាំងអស់ហ្នឹង យើងអត់មានលួចលាក់អីទេ ព្រោះយើងចង់បានសន្តិភាព យើងឆ្អែតហើយនូវសង្គ្រាម យើងឆ្អែតហើយនូវរបបប្រល័យពូជសាសន៍។
អញ្ចឹងយើងចង់ធ្វើម៉េចហៅថាឱ្យវារស់រានមានជីវិត ជាអ្នកហៅថាឯករាជ្យ ជាអ្នកដែលហៅថាមានវប្បធម៌ខ្ពង់ខ្ពស់ កន្លែងហ្នឹងដែលយើងឃើញថា សម្តេចលោកយល់ពីរឿងហ្នឹង ហើយដែលលោកខំប្រឹងដើម្បីធ្វើឱ្យសមិទ្ធផលហ្នឹងក្លាយទៅជាការពិត។ អញ្ចឹងបានជាយើងឃើញថា អ្វីដែលជាសំណង់ អ្វីដែលជាការដែលរៀបធ្វើហ្នឹង គឹថាលោកមានចក្ខុវិស័យមួយដែលថាយើងធ្វើហើយ យើងចង់បានអញ្ចឹង ធ្វើម៉េចការចង់បានអញ្ចឹង ឱ្យចេញជារូបរាងដើម្បីបញ្ជាក់ឱ្យគេថាយើងមិនមែនជាអ្នកស្រឡាញ់សង្គ្រាមទេ ហើយយើងក៏មិនមែនចង់យកអ្នកណាធ្វើជាសត្រូវដែរ»។
ក្រោមដំបូលសន្តិភាពនៃនយោបាយឈ្នះឈ្នះ, ទឹកដីកម្ពុជារយៈពេល២៦ឆ្នាំមកនេះ គឺជាទឹកដី ដែលគ្មានសង្គ្រាមឡើយ ពីព្រោះបទពិសោធន៍នៃរដ្ឋប្រហារថ្ងៃទី១៨ មីនា ឆ្នាំ១៩៧០ បានក្លាយជាមេរៀនមួយ ដែលប្រជាជនខ្មែរបានឆ្លងកាត់ដោយជាក់ស្តែង និងប្រជាជនទូទាំងប្រទេស បានប្តេជ្ញាមិនឱ្យលេសនយោបាយបរទេសលេបយកទឹកដីខ្មែរដែលគ្មានការពិត ទាល់តែសោះនោះ បង្កជាឈ្នួនផ្ទុះសង្គ្រាមជាលើកទី២លើទឹកដីកម្ពុជាទៀតបានឡើយ៕