(ភ្នំពេញ)៖ សំណង់លូមូលបេតុង សម្រាប់នគរបាលព្រំដែនប៉ុស្តិ៍វាលធំ និងប៉ុស្តិ៍ជ័យឃ្លាំង ស្ថិតក្នុងស្រុកស្នួល ខេត្តក្រចេះ ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសន្យាធ្វើជូនកាលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ ក្នុងពេលធ្វើដំណើរចុះពិនិត្យសកម្មភាព ជួសជុលផ្លូវរបស់កងវិស្វកម្មអគ្គបញ្ជាការ និងស្ថានភាពជីវភាពរស់នៅ របស់ប្រជាពលរដ្ឋរស់នៅ តាមបណ្ដោយព្រំដែនកម្ពុជា-វៀតណាម នៅពេលនេះបានសាងសង់រួចរាល់ ដើម្បីងាយស្រួលដល់កងកម្លាំងនគរបាល ធ្វើដំណើរបំពេញភារកិច្ច។

ជាមួយគ្នានេះ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ក៏បានអរគុណដល់កងវិស្វកម្មអគ្គបញ្ជាការ ដែលបានជួយកសាងនូវសំណង់ទាំងនេះ បានយ៉ាងឆាប់រហ័ស ដើម្បីសម្រួលដល់ការបំពេញភារកិច្ចរបស់បងប្អូន នគរបាលព្រំដែននៅប៉ុស្តិ៍ទាំងពីរខាងលើ៕