(ប៉ៃលិន)៖ រោងចក្រកែច្នៃដំណាប់ស្វាយមួយកន្លែងនៅក្នុងខេត្តប៉ៃលិន បានបញ្ចេញសំណល់រាវប៉ះពាល់ធ្ងន់ធ្ងរដល់ប្រភពទឹកសាធារណៈ។ បន្ទាប់ពីរកឃើញកំហុសឆ្គងមិនអនុលោមទៅតាមច្បាប់ស្តីពីបរិស្ថានរបស់រោងចក្រនេះ មន្ត្រីជំនាញនៃមន្ទីរបរិស្ថានខេត្ត បានចុះទៅចាត់វិធានការច្បាប់ស្តីពីបរិស្ថានផងដែរ។
រោងចក្រកែច្នៃដំណាប់ស្វាយដែលបញ្ចេញសំណល់រាវកខ្វក់ប៉ះពាល់ដល់ទឹកសាធារណៈនេះ ស្ថិតនៅភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ជារោងចក្ររបស់ក្រុមហ៊ុនកាងស៊ិនឡុងហ្វូត។
សំណល់រាវដែលបញ្ចេញពីរោងចក្រនេះ ត្រូវបានរកឃើញថា មានសភាពល្អក់ មានក្លិនជូ ផ្អូមខ្លាំង ចេញតាមលូរបស់រោងចក្រ ទៅក្នុងប្រភពលូទឹកសាធារណៈ ដែលបង្កឱ្យត្រីក្នុងអូរធម្មជាតិងាប់។ កាកសំណល់រាវនេះ បានបណ្តាលឱ្យប្រជាពលរដ្ឋទទួលរងផលប៉ះពាល់ផ្ទាល់ខ្វះខាតទឹកប្រើប្រាស់ នៅចំណុចក្បាលឡាន ភូមិភ្នំស្ពង់ ឃុំសាលាក្រៅ មាន ចំនួន៤៧គ្រួសារ។
ជាមួយគ្នានេះ ក្រុមការងារមន្ទីរបរិស្ថាន បានត្រួតពិនិត្យឃើញថាក្រុមហ៊ុន ត្រូវបានបើកដំណើរការផលិតកម្មកែច្នៃដំណាប់ស្វាយ បានរយៈពេល១៥ថ្ងៃ ហើយអាងប្រព្រឹត្តិកម្មរបស់រោងចក្រមិនបានដំណើរការនោះឡើយ។
ក្រុមការងារជំនាញបរិស្ថាន បានចុះពិនិត្យលើ៤ទីតាំងនៅជុំវិញរោងចក្រនៃទីតាំងក្រុមហ៊ុនកាងស៊ិនឡុងហ្វូត និង១ទីតាំងនៅក្នុងរោងចក្រផ្ទាល់តែម្តង។
ដើម្បីឆ្លើយតបចំពោះការប្រព្រឹត្តជាក់ស្តែងរបស់ក្រុមហ៊ុនកាងស៊ិនឡុងហ្វូត ក្រុមការងារបានធ្វើការណែនាំក្រុមហ៊ុនបញ្ឈប់ការបញ្ចេញសំណល់រាវ ចូលទៅប្រភពទឹកសាធារណៈដោយមិនបានឆ្លងកាត់ការធ្វើប្រតិកម្មត្រឹមត្រូវតាមបច្ចេកទេស ទោះក្នុងរូបភាព ឬគោលបំណងណាក៏ដោយ។
ក្រុមការងារ ក៏បានណែនាំឱ្យរៀបចំកែសម្រួលអាងប្រព្រឹត្តិកម្មចំណល់រាវឱ្យបានត្រឹមត្រូវ, ត្រូវរៀបចំរបាយការណ៍វាយតម្លៃហេត្តប៉ះពាល់បរិស្ថាន និងសង្គមឱ្យបានត្រឹមត្រូវ។ បន្ថែមពីលើនោះ រាល់ដំណើរការរោងចក្រ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ លិខិតបទដ្ឋាននានា ជៀសវាងបង្កផលប៉ះពាល់ដល់បរិស្ថាន សង្គម ជាពិសេសសុខភាព និងការរស់នៅរបស់ប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា ទង្វើរបស់រោងចក្រខាងលើនេះ បានប្រព្រឹត្តល្មើសនឹងច្បាប់ពាក់ព័ន្ធការគ្រប់គ្រងការបំពុលទឹក ជាពិសេសក្រមបរិស្ថាន និងធនធានធម្មជាតិ ដែលបានអនុម័តឱ្យប្រើប្រាស់នៅឆ្នាំ២០២៣ ក្នុងមាត្រា២៨០ មាត្រា២៨៤ ដែលកំណត់ពីការរៀបចំផែនការសកម្មភាពគ្រប់គ្រងការបំពុលទឹកសាធារណៈ ការចាត់វិធានការក្នុងករណីមានការបំពុលទឹកសាធារណៈ និងត្រងចំណុចការត្រួតពិនិត្យការបំពុលទឹកពីប្រភពជាក់លាក់៖ មាត្រា២៨៦ មាត្រា២៨៧ ដែលបានកំណត់អំពីការស្នើសុំលិខិតអនុញ្ញាតបញ្ចេញសំណល់រាវរបស់ប្រភពបំពុលជាក់លាក់ ព្រមទាំងការទទួលខុសត្រូវរបស់ម្ចាស់ប្រភពបំពុលទាំងនោះ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥កន្លងទៅថ្មីៗនេះ បានចេញសារាចរមួយស្តីពីវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលតំបន់ទឹកសាធារណៈ។
ក្នុងសារាចរនេះ សម្តេចមហាបវរធិបតី បានគូសបញ្ជាក់ថា ទោះបីជាមានបញ្ញត្តិវិធានការគ្រប់គ្រង និងត្រួតពិនិត្យការបំពុលទឹក ប្រភពទឹកសាធារណៈ បានចែងនៅក្នុងច្បាប់ ឬលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធមួយចំនួនក្តី ក៏ការអនុវត្តវិធានការការពារគុណភាពទឹកតំបន់ទឹកសាធារណៈ រួមទាំងវិធានការគ្រប់គ្រង និងត្រួតពិនិត្យការបញ្ចេញសំណល់រាវ ឬសារធាតុបំពុលទឹកនានា នៅមានកម្រិត និងមិនទាន់ឆ្លើយតបទៅនឹងកំណើនសកម្មភាពនៃការអភិវឌ្ឍនាពេលថ្មីៗនេះនៅឡើយ ជាហេតុបង្កឱ្យមានកង្វល់អំពីការបំពុលប្រភពទឹកសាធារណៈ និងសុខភាពប្រជាពលរដ្ឋ ដែលអាស្រ័យនឹងប្រភពទឹកទាំងនោះ។
យោងលើបញ្ហាប្រឈមខាងលើនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវផ្តល់កិច្ចសហការដល់ក្រសួងបរិស្ថាន ដើម្បីអនុវត្តវិធានការសំខាន់ៗមួយចំនួនដូចខាងក្រោម៖
១៖ ជំរុញម្ចាស់កម្មសិទ្ធិ ឬអ្នកទទួលខុសត្រូវនៃរោងចក្រ សហគ្រាស សួនឧស្សាហកម្ម តំបន់ សេដ្ឋកិច្ចពិសេស អាជីវកម្មធនធានរ៉ែ មូលដ្ឋានសុខាភិបាល ទីសត្តឃាត និងមន្ទីរពិសោធន៍ជាដើម ត្រូវបំពាក់ និងដំណើរការប្រព័ន្ធប្រព្រឹត្តកម្មសំណល់រាវ និងបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យការបញ្ចេញសំណល់រាវ ស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន និងមានផែនការ មធ្យោបាយ និងសម្ភារៈបច្ចេកទេសឆ្លើយតបបន្ទាន់ក្នុងករណីកើតមានឧបទ្ទវហេតុការបំពុលទឹក។
២៖ ជំរុញម្ចាស់កម្មសិទ្ធិ ឬអ្នកទទួលខុសត្រូវនៃអគារអាជីវកម្ម សេវាកម្ម បុរីលំនៅឋាន អគារសហកម្មសិទ្ធិ រមណីយដ្ឋាន សណ្ឋាគារ ភោជនីយដ្ឋាន ផ្សារ ផ្សារទំនើប ឬមណ្ឌលកម្សាន្តជាដើម ត្រូវបំពាក់ ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ឱ្យស្របតាមស្ដង់ដាសុវត្ថិភាពបរិស្ថាន មុននឹងបង្ហូរទៅតំបន់ទឹកសាធារណៈ ឬបង្ហូរចូលបណ្តាញលូសាធារណៈ ដែលភ្ជាប់ទៅស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់រួម។
៣៖ ជំរុញការអនុវត្តនិរន្តរភាពកសិកម្ម តាមរយៈការគ្រប់គ្រង ការប្រើប្រាស់ជីកសិកម្ម ថ្នាំកសិកម្ម សារធាតុចិញ្ចឹម ឱ្យបានសមស្របតាមលក្ខខណ្ឌសុវត្ថិភាពនិងស្តង់ដាបរិស្ថាន ចៀសវាងការបង្ហូរ ឬលេចជ្រាបសំណល់រាវពីតំបន់កសិកម្ម ដែលបង្កការបំពុលដល់ប្រភពទឹកសាធារណៈ។
៤៖ ជំរុញកិច្ចសហប្រតិបត្តិការកិច្ចគាំពារបរិស្ថានឆ្លងដែនជាមួយបណ្តាប្រទេសជិតខាង និងក្នុងតំបន់ និងចូលរួមសហការចាត់វិធានការបន្ទាន់ក្នុងការកាត់បន្ថយការបំពុលទឹកសាធារណៈ ដោយអនុលោមតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
៥៖ ជំរុញការរៀបចំហេដ្ឋារចនាសម្ព័ន្ធតាមដាននិងគ្រប់គ្រងគុណភាពទឹកសាធារណៈ តាមរយៈការដំឡើងស្ថានីយតាមដានគុណភាពទឹកស្វ័យប្រវត្ត កសាងមជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យគុណភាពទឹកសាធារណៈ និងបំពាក់រថយន្តតាមដានគុណភាពទឹកសាធារណៈចល័ត។
៦៖ ជំរុញការសិក្សាស្រាវជ្រាវផ្នែកបរិស្ថានទឹក ផលប៉ះពាល់នៃការបំពុលទឹកដល់សុខភាពសាធារណៈ ជីវៈចម្រុះ និងសេដ្ឋកិច្ច និងការស្ដារគុណភាពទឹកដែលទទួលរងការបំពុល។
៧៖ ជំរុញលើកកម្ពស់ការយល់ដឹង និងបំផុសការចូលរួមពីសាធារណជន ក្នុងកិច្ចគាំពារគុណភាពទឹកសាធារណៈ តាមរយៈការរៀបចំវេទិកាសាធារណៈ ការផ្សព្វផ្សាយសារ ឬភាពយន្តអប់រំខ្លី៕