(ភ្នំពេញ)៖ បន្ទាប់ពីបានបញ្ចប់ការប្រឡងជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លី ដើម្បីបម្រើការនៅតាមលេខាធិការដ្ឋានចំនួន១៣ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ រួចមក នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបន្តរៀបចំការប្រឡងដូចគ្នានេះ នៅក្នុងរាជធានី ខេត្ត ចំនួន ១២ទៀត។
ថ្លែងក្នុងឱកាសចុះពិនិត្យមើលការប្រឡងជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លី សម្រាប់បម្រើការងារពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ នៅលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកំពង់ឆ្នាំង នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥នេះ លោក ជឺ ចំណាន អនុប្រធាន គ.ជ.ប បានថ្លែងអំណរគុណដល់ អនុគណ:កម្មការរៀបចំការប្រឡងខេត្តកំពង់ឆ្នាំង ដែលបានខិតខំយកចិត្តទុកដាក់ក្នុងការរៀបចំការប្រឡងជ្រើសរើសនេះ ដោយអនុវត្តបានត្រឹមត្រូវតាមច្បាប់ បទបញ្ជា នីតិវិធី និងសេចក្ដីណែនាំរបស់ គ.ជ.ប។
លោកបានបញ្ជាក់ថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥នេះ គឺជាដំណាក់កាលសំខាន់មួយក្នុងដំណើរការរៀបចំការបោះឆ្នោត នោះគឺការរៀបចំបញ្ជីបោះឆ្នោត ដែលធានាបាននូវភាពពេញលេញ ភាពត្រឹមត្រូវ និងមានបច្ចុប្បន្នភាព។
ហេតុនេះ លោក ជឺ ចំណាន បានក្រើនរំឭកដល់មន្ត្រីកិច្ចសន្យារយៈពេលខ្លីដែលបានប្រឡងជាប់ទាំងអស់ ទូទាំង២៥ រាជធានី ខេត្ត មេត្តាយកចិត្តទុកដាក់ខ្ពស់ ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ បទបញ្ជា នីតិវិធី ក្រមសីលធម៌ និងលិខិតបទដ្ឋានគតិយុត្តនានា របស់ គ.ជ.ប ដើម្បីធានាឱ្យបាននូវភាពត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាព ដែលអាចទទួលយកបានពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសគឺគណបក្សនយោបាយដែលចូលរួមប្រកួតប្រជែងការបោះឆ្នោត។
ជាចុងក្រោយ លោក ជឺ ចំណាន បានជូនពរដល់មន្ត្រីទាំងអស់សូមទទួលបានសុខភាពល្អ សំណាងល្អ និងជោគជ័យក្នុងការបំពេញភារកិច្ច៕