(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ បានសហការជាមួយសភាពាណិជ្ជកម្មកម្ពុជា រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «កាតព្វកិច្ចពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ និងបច្ចុប្បន្នភាពច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ស្តីពីពន្ធដារ»» ក្រោមអធិបតីភាពលោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ និងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួល ក្រុមការងារផ្នែកឯកជន សម្រាប់យន្តការរាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.ឯ.រ.ជ)។
ពិធីនេះក៏មានការចូលរួម លោកអគ្គនាយករង ថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានពន្ធដារ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ប្រធាន ថ្នាក់ដឹកនាំ សមាជិក-សមាជិកានៃសមាគម និងសភាពាណិជ្ជកម្មនានានៅកម្ពុជា ក៏ដូចជាអភិបាល បណ្ណាធិការ តំណាងសហគ្រាស ភ្នាក់ងារសេវាកម្មពន្ធដារ ចូលរួមផ្ទាល់ប្រមាណជាង ១ ១០០នាក់ និងចូលរួមតាមប្រព័ន្ធអនឡាញ (Zoom Meeting) ពីអង្គភាពថ្នាក់កណ្តាល និងសាខាពន្ធដារខេត្ត-ខណ្ឌ។