(ភ្នំពេញ)៖ សង្ក្រាន្តតិចណូឆ្នាំ២០២៥ នឹងប្រព្រឹត្តិទៅថ្ងៃទី២៩ និង៣០ ខែមីនាខាងមុខនេះ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(សាលាតិចណូ) ក្នុងគោលបំណងអបអរសាទរបុណចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ចូលរួមថែរក្សាវប្បធម៌ប្រពៃណីខ្មែរ និងជាពេលវិស្សមកាលមួយសម្រាប់សិស្សនិស្សិត និងសារធារណជនចូលរួមកម្សាន្តសប្បាយផងដែរ។

ក្នុងនោះ សង្ក្រាន្តតិចណូ ក៏បានរៀបចំ ពិធីសូត្រមន្ត ក្រុងពលី និងបួងសួង លើកទង់ ស្រង់ព្រះ ពូនភ្នំខ្សាច់ និងរាប់បាត្រ ការដង្ហែក្បួនទេវតាឆ្នាំថ្មី និងលេងល្បែងប្រជាប្រិយជាច្រើន ដូចជាចោលឈូង បោះអង្គុញ វាយក្អម និងល្បែងកម្សាន្តសប្បាយៗដូចជា កញ្ញាធ្លាក់ទឹក គប់ប៉ោងប៉ោង ទីតាំងបាញ់ធ្នូបុរាណ និងមានស្តង់លក់ម្ហូបអាហារ និងវត្ថុអនុស្សាវរីយ៍នានាផងដែរ។ជាពិសេសមានឆាកតន្ត្រីដ៏ធំសម្បើមចូលរួមពីសំណាក់តារាល្បីៗជាច្រើនរូប និងតន្ត្រីអេឡិចត្រូនិច(EDM) ព្រមទាំងឆាកតន្ត្រីសម្តែងរបាំបុរាណ របាំប្រជាប្រិយ និងមានការប្រគំតន្ត្រីស្គរដៃរាំលេងចង្វាក់ប្រពៃណី។