(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ រួមជាមួយតំណាងរដ្ឋបាលខេត្តសៀមរាប តំណាងអាជ្ញាធរអប្សរា តំណាងគ្រឹះស្ថានអង្គរ នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញចុះពិនិត្យមើលទីតាំង និងស្ថានភាពជាក់ស្តែងនៅទីលានជល់ដំរី និងសួនរុក្ខជាតិអង្គរ ក្នុងតំបន់ឧទ្យានអង្គរ ដើម្បីសិក្សាដំណើរការរៀបចំតំបន់កម្សាន្តអង្គរនាពេលរាត្រី (Angkor by Night)។

សូមជម្រាបថា ការចុះពិនិត្យនេះ ក្រោយទទួលបានគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារវិស័យទេសចរណ៍ឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥។

តាមក្ដីរំពឹង ក្រោយរៀបចំតំបន់កម្សាន្តអង្គរនាពេលរាត្រី (Angkor by Night) សង្ឃឹមថា នឹងមានភ្ញៀវទេសចរទៅលេងកម្សាន្ដ ដែលជាចំណែករុញសក្ដានុពលនៃវិស័យទេសចរណ៍នៅខេត្តសៀមរាបកាន់តែរីកចម្រើនបន្ថែមទៀត៕