(ព្រះសីហនុ)៖ រដ្ឋបាលស្រុកព្រៃនប់ បានប្រារព្ធពិធីបុណ្យឆ្លងសាលាឆាន់ សមិទ្ធផលនានា និងផ្កាប្រាក់សាមគ្គី នៅអាស្រមព្រែកស្វាយ ឃុំតានៃ សមិទ្ធផលនេះកើតចេញពីសន្ធាជ្រះថ្លា របស់បងប្អូនពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋានទាំងអស់ ដែលមានសទ្ធាជឿជាក់ លើគុណព្រះសម្មាសម្ពុទ្ធ ដើម្បីបំពេញបុណ្យកុសលទៅតាមទំនៀមទំលាប់ប្រពៃណី សម្រាប់ជាប្រយោជន៍ដល់ព្រះពុទ្ធសាសនា និងសង្គមជាតិ។
ពិធីបុណ្យនេះប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោក សេក សាវ៉ុន ប្រធានក្រុមប្រឹក្សាស្រុកព្រៃនប់ លោក អ៉ី ធារិន អភិបាលស្រុក និងភរិយា ព្រមទាំងមានការចូលរួមពីលោក លោកស្រីសប្បុរសជនគ្រប់មជ្ឈដ្ឋានទាំងអស់ ព្រះតេជគុណ ព្រះមន្រ្តីសង្ឃ ព្រះសង្ឃ លោកអាចារ្យ គណៈកម្មការជាច្រើនអង្គ រូប កងកម្លាំងទាំងបីប្រភេទ និងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សជាច្រើនអ្នកផងដែរ។
លោក អ៉ី ធារិន បានថ្លែងថា តាមរយៈពិធីបុណ្យឆ្លងសាលាឆាន់ សមិទ្ធផលនានា និងផ្កាប្រាក់សាមគ្គី នៅអាស្រមព្រែកស្វាយនាព្រឹកនេះ គឺជាពិធីបុណ្យសាសនា ដ៏សំខាន់សម្រាប់ពុទ្ធបរិស័ទទាំងអស់ ដែលប្រារព្ធឡើង ដើម្បីរំលឹកដល់ព្រះគុណដ៏អស្ចារ្យរបស់ព្រះសម្មាសម្ពុទ្ធជាសាសនានៃពិភពលោក ពិធីនេះមិនត្រឹមតែជាការរំលឹកនូវគុណរបស់ព្រះពុទ្ធប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជា ឱកាសសម្រាប់ពុទ្ធបរិស័ទ បងប្អូនប្រជាពលរដ្ឋ លោកយាយ លោកតា គណៈកម្មការ អាចារ្យអាចចូលរូមធ្វើបុណ្យ និងចូលរួមគោរព និងប្រតិបត្តិនូវព្រះធម៌រំដោះនូវឧបសគ្គនានា និងអប់រំចិត្តឱ្យបានទទួលនូវសេចក្តីស្ងប់សុខ ហើយពិធីបុណ្យនេះមានគោលបំណងសំខាន់ៗដូចខាងក្រោម៖
ពិធីបុណ្យឆ្លងឧបដ្ឋានសាលាមានន័យថា ដើម្បីបរិច្ចាគសម្បត្តិដល់ព្រះសង្ឃ បុណ្យឆ្លងឧបដ្ឋាន គឺជាប្រពៃណីដែលពុទ្ធបរិស័ទធ្វើដើម្បីផ្តល់អំណោយដល់ព្រះសង្ឃ ដែលជាអ្នកបន្តព្រះពុទ្ធសាសនាពិធីបុណ្យនេះធ្វើឡើង ដើម្បីជួយឧបត្ថម្ភព្រះសង្ឃឱ្យមានសម្ភារៈប្រើប្រាស់សម្រាប់ការសិក្សាព្រះធម៌ និងការអប់រំពុទ្ធបរិស័ទ។ ពិធីនេះទៀតសោត ក៏បានចូលរួមអភិវឌ្ឍសង្គម ពោលការចូលរួមរបស់ពុទ្ធបរិស័ទក្នុងការកសាងសាលាតាមរយៈការផ្តល់ទីកន្លែងសិក្សា និងអប់រំដល់កុមារ និងយុវជន ដែលកំពុងទទួលការសិក្សាផ្នែកធម៌វិន័យ ក្នុងពុទ្ធសាសនា ការទទួលយកចំណេះដឹង និងការបង្រៀនជាស្នូលសំខាន់ដល់អនាគតយុវជននៅក្នុងសង្គម។
ចំណែកឯអត្ថន័យពិធីបុណ្យផ្កាប្រាក់សាមគ្គី គឺធ្វើឡើងដើម្បីលើកស្ទួយសាមគ្គីភាពក្នុងសហគមន៍៖ គឺជាកិច្ចការដែលមានន័យសំខាន់ក្នុងការសាមគ្គីភាពរវាងប្រជាជននៅក្នុងសហគមន៍ ពិធីនេះលើកទឹកចិត្តពុទ្ធបរិស័ទឱ្យបរិច្ចាគសម្បត្តិ ឬធ្វើអំពើល្អជូនសង្គម ដើម្បីចែករំលែកសេចក្ដីសុខ និងជួយសង្គមឱ្យកាន់តែរីកចំរើន។ បង្កើតទំនាក់ទំនងសន្តិភាព និងសីលធម៌ក្នុងសង្គម៖ ការរៀបចំពិធីបុណ្យនេះគឺបណ្ដុះបណ្ដាលមនុស្សឱ្យគោរពសីលធម៌រៀបចំចិត្ត និងបង្រួបបង្រួមចិត្តឱ្យមានភាពស្ងប់សុខ មានមេត្តា ករុណា នៅក្នុងខ្លួន និងបង្កើតនូវការទំនាក់ទំនងប្រកបដោយស្នាមញញឹម។
លោកអភិបាលស្រុកបានគូសបញ្ជាក់ថា ពិធីបុណ្យឆ្លងសាលាឆាន់ សមិទ្ធផលនានា និងផ្កាប្រាក់សាមគ្គី នៅអាស្រមព្រែកស្វាយនាពេលនេះ មិនត្រឹមតែជាពិធីបុណ្យសាសនា ប៉ុន្តែវាក៏ជាពិធីបុណ្យមួយដែលមានន័យសំខាន់ក្នុងការបង្កើតឱកាសឱ្យពុទ្ធបរិស័ទអនុវត្តធម៌ បរិច្ចាគទ្រព្យសម្បត្តិ និងចូលរួមអភិរក្សសាសនាហើយពិធីបុណ្យនេះក៏ជាវិធីមួយដ៏មានតម្លៃក្នុងការរួមគ្នាលើកស្ទួយសន្តិភាព និងការរីកចម្រើនរបស់សង្គមនៅក្នុងបច្ចុប្បន្ន និងទៅអនាគត។
ឆ្លៀតក្នុងឱកាសនោះ ដើម្បីឆ្លើយតបនូវគុណូបការៈ រួមនិងកាយវិការដ៏មហាសប្បុរសរបស់ពុទ្ធបរិស័ទទាំងអស់ក្នុងការចូលរួមចំណែកកសាងសមិទ្ធផលនានាក្នុងព្រះពុទ្ធសាសនា, លោក អ៉ី ធារិន អភិបាលស្រុកព្រៃនប់ សូមផ្តាំផ្ញើ និងក្រើនរំលឹកដល់ព្រះសង្ឃ អាចារ្យ គណៈកម្មកាវត្តទាំងអស់ ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទដែលរស់នៅក្នុងភូមិព្រៃកស្វាយទាំងអស់ត្រូវចេះថែរក្សារាល់សមិទ្ធផលដែលមានស្រាប់ឱ្យបានល្អ ត្រូវចូលរួម និងអភិវឌ្ឍន៍វត្ត (អាស្រម) ឱ្យកាន់តែមានការរីកចំរើនទៅមុខទៀតដើម្បីប្រែក្លាយទីវត្តអារាមដែលបម្រើដល់វិស័យពុទ្ធចក្រ និងជាថ្នាលបណ្តុះបណ្តាលអប់រំផ្លូវចិត្ត និងអប់រំមនុស្សជំនាន់ក្រោយឱ្យក្លាយទៅជាធនធានមនុស្សដែលជាតិត្រូវការចាំបាច់៕