(ភ្នំពេញ)៖ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥នេះ គឺជាខួបទី៥៥ នៃព្រឹត្តិការប្រវត្តិសាស្ដ្ររដ្ឋប្រហារទម្លាក់ សម្ដេចព្រះនរោត្តម សីហនុ ព្រះប្រមុខរដ្ឋ ដោយក្រុមសេនាប្រមុខលន់ នល់ និងទ្រង់ សិរីមតៈ ដែលជាហេតុធ្វើឲ្យកម្ពុជាឈានជើងដល់មាត់ព្រោះមរណៈ នៃភ្លើងសង្គ្រាម ការទម្លាក់គ្រាប់បែក អំពើហិង្សា និងអសន្ដិសុខបានមកញាំញីប្រជាពលរដ្ឋគ្មានស្រាកស្រាន្ដ។
ជាអ្នកបន្ដវេនជំនាន់ក្រោយដ៏មានសក្ដានុពល លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រឹកថ្ងៃនេះ បានបង្ហោះសារមួយដោយលើកយកមេរៀនប្រវត្តិសាស្ដ្រដ៏ជូរចត់មួយនេះ ប្រៀបធៀបឲ្យយុវជនជំនាន់ក្រោយបានស្វែងយល់អំពីគុណតម្លៃនៃសន្ដិភាព និងភាពផុយស្រួយ នៃសន្ដិភាព និងការបំផ្លិចបំផ្លាញដោយភ្លើងសង្គ្រាម។
ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងដែលជាការលើកឡើងរបស់លោក ហ៊ុន ម៉ានី៖
«ថ្ងៃទី១៨ ខែមីនា គឺជាខួបទី៥៥ នៃរដ្ឋប្រហារទម្លាក់ សម្តេចព្រះ នរោត្តម សីហនុ ព្រះប្រមុខរដ្ឋ ដោយក្រុម សេនាប្រមុខ លន់ ណុល និងទ្រង់ សិរីមតៈ។ ថ្ងៃនេះ កាលពី៥៥ឆ្នាំមុន កម្ពុជាដ៏កំសត់របស់យើងបានឈានជើងមកដល់មាត់ជ្រោះមរណៈដ៏សែនអាក្រក់បំផុតក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន។ សង្រ្គាម ការទម្លាក់គ្រាប់បែក អំពើហិង្សារ អសន្តិសុខបានមកញាំញីប្រជាពលរដ្ឋគ្មានស្រាកស្រាន្ត រហូតដល់ការដួលរំលំទៅនៃរបបសាធារណរដ្ឋខ្មែរ។
ក្រោយរដ្ឋប្រហារ ១៨មីនា កង់ប្រវត្តិសាស្រ្តបានខិតជិតទៅរកមហាសោកនាដកម្មដ៏គួរឲ្យសោកសង្រែងជាទីបំផុត ដែលយើងមិនធ្លាប់ស្គាល់។ អំពើប្រល័យពូជសាសន៍ ការសម្លាប់រង្គាល ទារុណកម្ម និងការងារដោយបង្ខំ បានសម្លាប់ប្រជាជនអស់ជិត ៣លាននាក់ ត្រឹមរយៈពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃ។
ក្រោយថ្ងៃរំដោះ ៧មករា យើងត្រូវការពេលវេលាច្រើនណាស់ទម្រាំកសាងជាតិ ឲ្យរស់រានមានជីវិតឡើងវិញ ស្របពេលដែលមានសម្ពាធពីគ្រប់មជ្ឈដ្ឋាន រាប់បញ្ចូលទាំងហានិភ័យ នៃការវិលត្រលប់មកវិញនៃរបបប្រល័យពូជសាសន៍។ ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋយើងនៅពេលនោះបានតស៊ូប្រឹងប្រែង ខាំមាត់សង្កត់ចិត្តអត់ធ្មត់យ៉ាងខ្ពស់បំផុតខិតខំការពារជាតិ ក្នុងកាលៈទេសៈដ៏លំបាកនោះ ព្រមទាំងពុះពារ លះបង់សព្វបែបយ៉ាងដើម្បីទទួលបានមកវិញនូវសុខសន្តិភាព។
យើងត្រូវការពេលវេលាជិត២ទសវត្សរ៍ទៀត ទើបយើងទទួលបានផ្លែផ្កា នៃសន្តិភាពពេញលេញ ចាប់ផ្តើមការកសាងអភិវឌ្ឍជាតិលើគ្រប់វិស័យ។
មេរៀនប្រវត្តិសាស្រ្តមួយនេះ គឺជាការដាស់ស្មារតីដល់អ្នកជំនាន់ក្រោយ ឲ្យស្វែងយល់ពីភាពផុយស្រួយ នៃសន្តិភាព និងការបំផ្លិចបំផ្លាញនៃសង្រ្គាម។ ព្រឹត្តិការណ៍នេះក៏បានបង្រៀនយើងផងដែរថា គ្មានអ្នកណាស្រលាញ់ជាតិយើងជាងជនជាតិយើង ដែលមានកំណើត និងបានរស់រានមានជីវិតលើទឹកដីយើងនោះទេ។ ការលាបពណ៌ នយោបាយជ្រុលនិយម រើសអើង និងការស្អប់ខ្ពើមគឺជាប្រភព នៃការបែកបាក់សាមគ្គីភាពផ្ទៃក្នុង ដែលនេះជាអ្វីដែលនាំដល់ការចុះខ្សោយនៃប្រជាជាតិយើងក្នុងអតីតកាល»៕