(ភ្នំពេញ)៖ យោងតាមរបាយការណ៍របស់ការរិយាល័យព័ត៌មានឥណទាន (CBC) បានឲ្យដឹងថា ប្រជាពលរដ្ឋមានជាង ៥លាននាក់ បានប្រើប្រាស់ឥណទានមានទឹកប្រាក់ជិត ៦០ពាន់លានដុល្លារ នៅឆ្នាំ២០២៤។

បើតាម CBC ការផ្តល់ឥណទានទាំងនេះមានរាជធានីខេត្តចំនួន៣ ដែលប្រើប្រាស់ឥណទានច្រើនជាងគេ គឺរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តសៀមរាប ដោយស្រូបចំណែក ៦០% នៃសមតុល្យឥណទានសរុប។

យោងតាមរបាយការណ៍បញ្ជាក់ថា «សមតុល្យឥណទាននៅក្នុងឆ្នាំ២០២៤ មានចំនួនសរុប ២៣៦ ៤២៩ ២៦៦លានរៀល (ប្រហែល៥៨ពាន់លានដុល្លារ) ដែលមានប្រជាជនប្រើប្រាស់ចំនួន ៥.០៤លាននាក់ នៅក្នុង២៥ រាជធានីខេត្ត»

របាយការណ៍បញ្ជាក់ថា ក្នុងនោះរាជធានីភ្នំពេញមាន បរិមាណឥណទានច្រើនជាងគេចំនួន ១១៩ ០២១ ៩៤៧លានរៀល ស្មើនឹង៥០% នៃសមតុល្យឥណទានទូទាំងប្រទេស និងមានអ្នកខ្ចីប្រាក់សរុបចំនួន ៦៩.៦ម៉ឺននាក់ បន្ទាប់មក គឺខេត្តកណ្តាលមានបរិមាណឥណទានចំនួន ១២ ៦៩៧ ៦៤៩លានរៀល ស្មើនឹង៥ភាគរយ នៃសមតុល្យឥណទានទូទាំងប្រទេស​ និងមានអ្នកខ្ចីប្រាក់សរុបចំនួន ៣៩.៤ម៉ឺននាក់។ ខេត្តសៀមរាប គឺជាខេត្តបន្ទាប់ដែលមានបរិមាណឥណទានខ្ពស់លំដាប់ទី៣ គឺប្រមាណ ១០ ៣០៧ ៣៥៨លានរៀល ស្មើនឹង ៤%នៃសមតុល្យឥណទានទូទាំងប្រទេស និងមានអ្នកខ្ចីប្រាក់សរុបចំនួន ៣២.៤ ម៉ឺននាក់។ ចំណែកខេត្តដែលមានបរិមាណឥណទានទាប ជាងគេចំនួន៣មានដូចជា ខេត្តមណ្ឌលគិរី ខេត្តប៉ៃលិន និងខេត្តកែប។

សម្រាប់ការប៉ាន់ស្មានអំពីទំហំទីផ្សារវិញ គិតត្រឹមចុងឆ្នាំ២០២៤ អត្រានៃអ្នកប្រើប្រាស់ឥណទានលក្ខណៈបុគ្គលជាមធ្យម ក្នុងខេត្តនីមួយៗមានប្រមាណ ៥១%ធៀបនឹងចំនួនប្រជាជនសរុប ដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅខេត្តចំនួន៣ ដែលមានអត្រាប្រើប្រាស់ឥណទានច្រើនជាងគេគឺ ខេត្តកំពង់ស្ពឺ ៦៥%, ខេត្តស្វាយរៀង ៦៤% និងខេត្តកំពង់ធំ ៦០% ខេត្តចំនួន២ ដែលនៅមានអត្រាអ្នកប្រើប្រាស់ឥណទានទាប គឺខេត្តបន្ទាយមានជ័យ និងខេត្តត្បូងឃ្មុំ។

បើមើលទៅលើគុណភាពឥណទានវិញ ជារួមអត្រានៃការសងត្រឡប់យឺតលើសពី៩០ថ្ងៃ មានចំនួន៦.០៣% ត្រឹមចុងឆ្នាំ២០២៤។

ប្រភពដដែលបញ្ជាក់ថា រូបវន្តបុគ្គល និងក្រុមហ៊ុន ឬសហគ្រាសមានប្រហែល ៧៦% ដែលមានកម្ចីជាមួយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុតែ១ នៅទូទាំងប្រទេស។ អតិថិជនលក្ខណៈបុគ្គល និងក្រុមហ៊ុន ឬសហគ្រាសមានទំនាក់ទំនងខ្ចីជាមួយ ២ស្ថាប័ន មានអត្រាប្រមាណ ២០% ហើយជាមួយ៣ស្ថាប័នមានប្រហែល ៤%។ ខេត្តត្បូងឃ្មុំ ខេត្តមណ្ឌលគិរី និងខេត្តកែប មានអត្រាអ្នកខ្ចីប្រាក់តែពី ១ស្ថាប័ន ខ្ពស់ជាងគេលើសពី ៨០% ដែលជាអត្រាមួយល្អ៕