(ភ្នំពេញ)៖ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥នេះ បច្ចុប្បន្ននេះ ប្រជាពលរដ្ឋកម្ពុជា នៅតែបន្តទទួលបានព័ត៌មានប្រកបដោយភាពសម្បូរបែប ត្រឹមត្រូវ និងមានសុវត្ថិភាព រីឯការបិទទ្វារ ផ្អាកប្រតិបត្តិការភ្នាក់ងារផ្សាយព័ត៌មានរបស់អាមេរិក គឺមិនបានប៉ះពាល់ដល់ការផ្តល់ព័ត៌មាននៅក្នុងប្រទេសកម្ពុជានោះទេ។

ជាមួយគ្នានេះដែរ លោក ទេព អស្នារិទ្ធ បានបន្តថា វិស័យសារព័ត៌មានទាំងនៅក្នុងប្រទេស និងនៅលើពិភពលោក គឺយើងបានមើលឃើញជាក់ស្តែងថា វិស័យសារព័ត៌មាន មានការប្រែប្រួលជាច្រើន ហើយក្នុងនោះផលវិបាកដែលបានកើតចេញពីការប្រែប្រួលនេះ គឺបាននាំឱ្យមានការបិទទ្វារស្ថាប័នព័ត៌មាន ផ្អាកប្រតិបត្តិការ សកម្មភាពផ្សព្វផ្សាយព័ត៌មាន កំពុងកើតមានឡើងនៅក្នុងតំបន់ ក៏ដូចជាពិភពលោកទាំងមូល។

ចំណុចនេះ ត្រូវបានលោក ទេព អស្នារិទ្ធ បានលើកឡើងពីមូលហេតុធំៗចំនួន២ ក្នុងចំណោមមូលហេតុផ្សេងទៀតទៅតាមបរិបទនៃប្រទេសនីមួយៗ។ មូលធំៗទាំង២នេះ រួមមាន៖ គឺកត្តាសេដ្ឋកិច្ច និងឥទ្ធិពលដែលបានកើចេញពីរបត់យុគសម័យឌីជីថល ឬអាចមានការបូកផ្សំរួមគ្នានឹងកត្តានយោបាយថែមទៀតក៏ថាបាន ដូចជាករណីជាក់ស្តែងមានស្រាប់នៅក្នុងសហរដ្ឋអាមេរិក កាលពីចុងសប្តាហ៍កន្លងទៅនេះ។

អ្នកនាំពាក្យក្រសួងព័ត៌មាន បានបន្ថែមថា ការសម្រេចចិត្តរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ដែលបញ្ឈប់ការគាំទ្រមូលនិធិសម្រាប់ប្រព័ន្ធផ្សព្វផ្សាយ បានប៉ះពាល់ដល់ភ្នាក់ងារដែលស្ថិតនៅក្នុងចង្កោមនៃប្រព័ន្ធផ្សព្វផ្សាយសកលរបស់សហរដ្ឋអាមេរិក ដែលគេបានស្គាល់ថាជា USA Global Media ឬ USA GM បើតាមព័ត៌មានដែលត្រូវបានផ្សព្វផ្សាយពេញពិភពលោកហើយនោះ ហើយការសម្រេចរបស់ប្រធានាធិបតី អាមេរិក ធ្វើឡើងក្រោមមូលហេតុចាំបាច់ ដើម្បីសន្សំថវិការបស់រដ្ឋាភិបាលអាមេរិក ក្នុងរដ្ឋបាលដឹកនាំដោយលោក ដូណាល់ ត្រាំ ដើម្បីធ្វើបង្កើនប្រសិទ្ធភាព និងបំបាត់អំពើពុករលួយ។

លោកបានឱ្យដឹងថា បើតាមប្រភពព័ត៌មានមួយចំនួនទៀតបានផ្សាយ បានឱ្យដឹងថា ភ្នាក់ងារព័ត៌មានដែលរងផលប៉ះពាល់ចេញពីការសម្រេចនេះ រដ្ឋបាលរបស់លោក ដូណាស់ ត្រាំ បានអះអាងថា ភ្នាក់ងារព័ត៌មានទាំងនេះ មិនបានបម្រើផលប្រយោជន៍ដល់សង្គមជាតិអាមេរិកនោះទេ ប៉ុន្តែ វាគ្រាន់តែជាឧបករណ៍នយោបាយរបស់អាមេរិកតែប៉ុណ្ណោះ។

«ដូច្នេះ ហើយវាជារបត់ថ្មីមួយទៀត ដែលពិភពលោកបានជួបប្រទះ ខណៈនេះនៅក្នុងសាធារណមតិ មានសំណួរមួយចំនួនបានកើតឡើងជុំវិញសេចក្តីសម្រេចរបស់ប្រធានាធិបតី សហរដ្ឋអាមេរិក ថាតើវាបានគំរាមកំហែង ឬគំរាមកំហែងដល់សិទ្ធិសេរីភាពដល់អ្នកសារព័ត៌មាន នៃភ្នាក់ងារនានាដែលទទួលរងការបញ្ឈប់ពីការងាររបស់ខ្លួនដែរ ឬទេ ហើយថាតើសារព័ត៌មាននានា អង្គការ ឬតួអង្គដែលពាក់ព័ន្ធដែលធ្វើការក្នុងវិស័យសារព័ត៌មាននេះ នឹងឆ្លុះបញ្ចាំងព្រឹត្តិការណ៍មួយនេះយ៉ាងណា និងក្នុងកម្រិតណានៅក្នុងរបាយការណ៍របស់ខ្លួន។ ទាំងនេះគឺជាសំណួរដែលគេបានចោទសួរឡើងនៅក្នុងសាធារណមតិ រហូតទល់ម៉ោងនេះ»។ នេះជាការលើកឡើងបន្ថែមរបស់អ្នកនាំពាក្យក្រសួងព័ត៌មាន។

លោក ទេព អស្នារិទ្ធ បានបន្តថា សម្រាប់នៅកម្ពុជាវិញ មានប្រព័ន្ធផ្សព្វផ្សាយប្រពៃណីមួយចំនួនតូចបានបិទទ្វារ ក្រោមមូលហេតុនៃវិបត្តិហិរញ្ញវត្ថុ និងការកើនឡើងនូវវត្តមាននៃប្រព័ន្ធផ្សព្វផ្សាយបែបទំនើប ដែលជានិន្នាការសកល។ ប៉ុន្តែ ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋដែលមានអាយុកាល៤៦ឆ្នាំ ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយរបស់ឯកជនជាច្រើនផ្សេងទៀត នៅក្នុងប្រទេសកម្ពុជា បាននិងកំពុងបោះជំហានទៅមុខដោយស្វាហាប់ និងបានវិវត្តន៍ខ្លួនទាន់ពេលវេលាស្របតាមការវិវត្តន៍នៃបច្ចេកវិទ្យា និងតម្រូវការក្នុងសង្គមឌីជីថល បច្ចុប្បន្ន ក៏ដូចទៅអនាគត។

បន្ថែមពីនេះ លោកទេព អស្នារិទ្ធ បានបន្ថែមថា កាសែតកម្ពុជា របស់ជាតិដែលមានវ័យចំណាស់បំផុតមួយ ត្រូវបានក្រសួងព័ត៌មាន ក្រោមការដឹកនាំរបស់លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វើឱ្យមានដំណើរការឡើងវិញ ក្នុងរយៈពេលជាង១ឆ្នាំមកហើយ។ ការសម្រេចឱ្យដំណើរការកាសែតកម្ពុជាឡើងវិញនេះ គឺធ្វើឡើងបន្ទាប់ពីកាសែតដែលមានវ័យចំណាស់របស់រដ្ឋមួយនេះ ត្រូវបានផ្អាក់ដំណើរការអស់រយៈពេលជាង១៧ឆ្នាំ ខណៈដែលប្រព័ន្ធផ្សព្វផ្សាយប្រពៃណី និងប្រព័ន្ធផ្សព្វផ្សាយរដ្ឋនៅក្នុងប្រទេសខ្លះនៅលើពិភពលោក បែរជាត្រូវបិទទ្វារ និងស្លាប់ជាបន្តបន្ទាប់ទៅវិញ។

អ្នកនាំពាក្យក្រសួងព័ត៌មាន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ការទទួលព័ត៌មានរបស់ប្រជាពលរដ្ឋកម្ពុជា នៅតែបន្តប្រកបដោយភាពសម្បូរបែប រីឯការបិទទ្វារ ផ្អាកប្រតិបត្តិការភ្នាក់ងារផ្សាយព័ត៌មានរបស់អាមេរិក គឺមិនបានប៉ះពាល់ដល់ការផ្តល់ព័ត៌មាននោះទេ»

ទន្ទឹមនឹងនេះដែរ លោក ទេព អស្នារិទ្ធ បានលើកឡើងថា បច្ចុប្បន្ន កម្ពុជាមានអង្គភាពសារព័ត៌មានទាំងប្រពៃណី និងទំនើបចំនួន ១,៦២០អង្គភាព មានសមាគមសារព័ត៌មានចំនួន២៦ ព្រមទាំងមានអ្នកសារព័ត៌មាន ជាង៨ពាន់នាក់ កំពុងបំពេញការងាររបស់ខ្លួនដោយពេញលេញ ដោយសេរី សុវត្ថិភាព និងអនុវត្តតាមក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មានបានត្រឹមត្រូវ។ ដើម្បីធ្វើយ៉ាងណាបន្តធានាសិទ្ធិទទួលបានព័ត៌មានត្រឹមត្រូវ ប្រកបដោយសុវត្ថិភាពរបស់ប្រជាពលរដ្ឋ និងចូលរួមបន្តលើកកម្ពស់សេរីភាពសារព័ត៌មាន ខណៈសេរីភាពសារពព័ត៌មាននៅកម្ពុជា ត្រូវបានអ្នកសារពព័ត៌មានបានផ្តល់ពិន្ទុថា មានភាពល្អប្រសើរនៅក្នុងឆ្នាំ២០២៤។

ក្រសួងព័ត៌មាន សូមផ្តោតការលើកទឹកចិត្ត និងផ្តល់ការជួយជ្រោមជ្រែងដល់អ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មានឱ្យបន្តពង្រឹងសមត្ថភាពរបស់ខ្លួន ក៏ដូចជាខិតខំធ្វើយ៉ាងណាស្វែងរកឱកាសបង្កើតភាពជាដៃគូ កិច្ចសហការចម្រុះទាំងស្ថាប័នរដ្ឋ និងឯកជន ដើម្បីធ្វើយ៉ាងណាចូលរួមលើកកម្ពស់វិស័យសារព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា ឱ្យកាន់តែមានភាពរីកចម្រើនថែមទៀត និងធានាសុវត្ថិភាពព័ត៌មានជូនប្រជាពលរដ្ឋ៕