(កែប)៖ រដ្ឋបាលខេត្តកែប តាមរយៈលិខិតចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ ម្សិលមិញ បានណែនាំគ្រប់មន្ទីរអង្គភាព ជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក អាជ្ញាធរមូលដ្ឋាន វិស័យឯកជន អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ គ្រឹះស្ថានសាធារណៈ ម្ចាស់ភោជនីយដ្ឋាន អាហារដ្ឋាន សហគមន៍ ប្រជាពលរដ្ឋ និងបណ្តាញសារព័ត៌មានជាតិនិងអន្តរជាតិ ចូលរួមធ្វើការជំរុញឱ្យមានការចូលរួមរើសសំរាម សំណល់ប្លាស្ទិក សំអាតអនាម័យបរិស្ថាន នៅតាមមូលដ្ឋាន តាមដងផ្លូវក្នុងខេត្តនិងតាមផ្លូវជាតិ ធ្វើឱ្យមានភាពស្អាតជាប្រចាំ។
លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានជំរុញក្នុងសេចក្តីណែនាំរបស់រដ្ឋបាលខេត្តដល់អ្នកពាក់ព័ន្ធទាំងអស់ ធ្វើការប្រមូលទុកដាក់សំរាម សំណល់ប្លាស្ទិក ឱ្យបានត្រឹមត្រូវ តាមកន្លែងបំពេញការងារ មូលដ្ឋានរបស់ខ្លួន ជៀសវាងកាដុតនិងបោះចោល មិនត្រឹមត្រូវ ដែលអាចបង្កឱ្យប៉ះពាល់ ដល់សោភ័ណភាព ប៉ះពាល់ដល់សុខភាព មនុស្ស សត្វ ជីវៈចម្រុះ និងគុណភាពបរិស្ថាន។ លើសពីនេះលោកអភិបាលខេត្ត បានណែនាំជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធ មានការដាំដើមឈើ នៅតាមផ្លូវ តាមមូលដ្ឋាន ដើម្បីបង្កើនគម្របបៃតង បង្កើនភាពស្រស់ស្អាតដល់ទីក្រុង ទីប្រជុំជន និងតាមមូលដ្ឋាន។
លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួអបរិស្ថាន បានថ្លែងអំណរគុណដល់អាជ្ញាធរគ្រប់ថ្នាក់ អ្នកពាក់ព័ន្ធទាំងអស់ និងគ្រួសារស្រឡាញ់បរិស្ថាន ដែលបានបន្តយកចិត្តទុកដាក់ ចូលរួមធ្វើសកម្មភាពរើសសំរាម សម្អាតមូលដ្ឋាន និងបានពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែម ជាអាទិភាពលើការពង្រឹងការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន សំណល់ប្លាស្ទិក និងសំណល់គ្រោះថ្នាក់ ដើម្បីធានាឱ្យគ្រប់ទីប្រជុំជន សហគមន៍ សាលារៀន មានសេវាប្រមូល ដឹកជញ្ជូន និងទីលានទុកដាក់សំរាម ប្រកបដោយប្រសិទ្ធភាព ដើម្បី «រៀបចំសម្អាតផ្ទះយើងឱ្យស្អាត» ត្រៀមទទួលភ្ញៀវទេសចរណ៍ អ្នកវិនិយោគជាតិ និងអន្តរជាតិបន្ថែមទៀត។
សូមបញ្ជាក់ថា ក្រសួងបរិស្ថានបានដាក់ចេញយុទ្ធនាការ «ផ្លូវស្អាត គ្មានសំរាមប្លាស្ទិក» ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ ក្នុងគោលបំណង ជំរុញយុទ្ធនាការសម្អាតតាមមូលដ្ឋាន ដើម្បីធានាបានសណ្តាប់ធ្នាប់ល្អ សោភ័ណភាពស្អាត រួមទាំងភាពស្អាតលើដងផ្លូវ ឆ្ពោះទៅកម្ពុជា ដែលជាផ្ទះរបស់យើងទាំងអស់គ្នាស្អាត។ យុទ្ធនាការ «ផ្លូវជាតិស្អាត គ្មានសំរាមប្លាស្ទិក» បានកំពុងអនុវត្តជាបណ្តើរៗនៅតាមមូលដ្ឋាន នៃរដ្ឋបាលរាជធានី និងខេត្តមួយចំនួន ជាបណ្តើរៗស្របនឹង យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលសសរស្តម្ភទី១ ផ្តោតលើ «ភាពស្អាត»។ «ភាពស្អាត» ក្នុងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន គឺសំដៅដល់ភាពស្អាតចេញពីក្នុងចិត្ត និងភាពស្អាត ទាំងបរិស្ថានរស់នៅលើដី លើមេឃ និងក្នុងទឹក៕