(កំពង់ធំ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានផ្ដល់ស្ពានថ្មីឆ្លងកាត់ស្ទឹងសែន ជូនដល់ប្រជាពលរដ្ឋរស់នៅមូលដ្ឋានឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។
លោក ឃីម សុឃាង អភិបាលស្រុកប្រាសាទសំបូរ បានលើកឡើងថា ចក្ខុវិស័យកម្ពុជារបស់រាជរដ្ឋាភិបាលអណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានដាក់ចេញបេសកកម្មជាប្រវត្តិសាស្ត្រ ដើម្បីពន្លឿនការអភិវឌ្ឍ ឈានឆ្ពោះទៅកាន់ កម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ តាមរយៈការដាក់ចេញ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលមានបាវចនា៥ គឺ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយផ្អែកលើអាទិភាពគន្លឹះចំនួន៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល។
លោកបន្តថា «ប្រយោជន៍ នៃស្ពាននេះបានបម្រើផ្នែកសេដ្ឋកិច្ច និងសង្គម មានសក្ដានុពលសម្រាប់ការទំនាក់ទំនង ទទួលសេវាសង្គម និងសេវាសាធារណៈជូនប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋសប្បាយចិត្តរីករាយយ៉ាងខ្លាំងដោយឃើញ ពីទឹកចិត្តថ្នាក់ដឹកនាំ បានយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋ។ សូមឲ្យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានសុខភាពល្អ បន្តដឹកនាំនាវាកម្ពុជាឲ្យកាន់តែរីកចម្រើនថែមទៀត»។
សូមជម្រាបថា ស្ពានបេតុងមានប្រវែង ១៤៤ម៉ែត្រទទឹង ៨ម៉ែត្រកម្ពស់ ១៥ម៉ែត្រ និងសាងសង់ផ្លូវបេតុង ៣០០ម៉ែត្រ ដោយភ្ជាប់ពីចំណុចភូមិឈូកស្ទឹង ឃុំឈូក ទៅភូមិបឹងខ្វែក ឃុំស្រើង ស្រុកប្រាសាទសំបូរ ស្ថាបនាដោយកង វិស្វកម្មតេជោ ហ៊ុន សែន សៀមរាប (ក្រុមក) ស្ថាបនារយៈ១២ខែ ដោយចាប់គិតពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ រហូតដល់ដំណាច់ខែធ្នូ ឆ្នាំ២០២៥ នេះជាសមិទ្ធផលថ្មីមួយទៀតសម្រាប់ខេត្តកំពង់ធំ ដែលជាស្ពានទី៩ឆ្លងកាត់ស្ទឹងសែន តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ៕