(ភ្នំពេញ)៖ លោកវរសេនីយ៍ឯក ហារ៉ា តាកាស៊ី (Hara Takashi) សេនានុព័ន្ធយោធាជប៉ុនថ្មី ប្រចាំកម្ពុជា បានបញ្ជាក់ថា ជប៉ុននឹងបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែប្រសើរ ហើយលោកថានឹងជួយជំរុញរដ្ឋាភិបាល និងកងស្វ័យការពារជប៉ុន ក្នុងការផ្តល់អាហារូបករណ៍ដល់នាយទាហាន នៃកងយោធពលខេមរភូមិន្ទ និងជួយហ្វឹកហ្វឺនដល់កងកម្លាំងមួយខៀវកម្ពុជាបន្ថែមទៀត។

ការបញ្ជាក់បែបនេះរបស់លោកសេនានុព័ន្ធយោធាជប៉ុនថ្មី បានធ្វើឡើងក្នុងឱកាសនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ អនុញ្ញាតឱ្យលោកចូលជួប សម្តែងការគួរសម និងបង្ហាញមុខ ក្នុងឱកាសលោកត្រូវបានប្រមុខកងស្វ័យការពារជប៉ុន តែងតាំងជាប្រធានការិយាល័យសេនានុព័ន្ធយោធាជប៉ុន ប្រចាំកម្ពុជា នៅអគ្គបញ្ជាការដ្ឋាននាទីក្រុងភ្នំពេញ នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥នេះ។

ក្នុងជំនួបនោះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក្នុងនាមថ្នាក់ដឹកនាំក្រសួងការពារជាតិ និងអគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះលោកវរសេនីយ៍ឯក ហារ៉ា តាកាស៊ី (Hara Takashi) ដែលបានចូលសម្តែងការគួរសម និងបង្ហាញមុខចំពោះថ្នាក់ដឹកនាំ នៃកងយោធពលខេមរភូមិន្ទ ដោយបញ្ជាក់ថា នេះជាលើកទីមួយហើយ ដែលការិយាល័យសេនានុព័ន្ធយោធាអមស្ថានទូតរបស់ជប៉ុន បានដាក់និវេស្សនដ្ឋានរបស់ខ្លួនប្រចាំរាជធានីភ្នំពេញ ដើម្បីពង្រឹងពង្រីកចំណងទាក់ទង នៃការរិតចំណងសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល កងទ័ពប្រទេសទាំងពីរ កម្ពុជា-ជប៉ុន ឱ្យកាន់តែប្រសើរ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ សង្ឃឹមថា ការតែងតាំងលោកវរសេនីយ៍ឯក ហារ៉ា តាកាស៊ី ជានាយការិយាល័យសេនានុព័ន្ធ របស់កងស្វ័យការពារជប៉ុន ប្រចាំកម្ពុជា គឺជាការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលជប៉ុន ដើម្បីពង្រឹងពង្រីកការទំនាក់ទំនងរវាងកងទ័ពទាំងពីរឱ្យកាន់តែស៊ីជម្រៅថែមទៀត លើកិច្ចសហប្រតិបត្តិការកន្លងមកដែលកងទ័ពប្រទេសទាំងពីរធ្លាប់ប្រាស្រ័យទាក់ទងគ្នា តាមរយៈសេនានុព័ន្ធយោធាចាស់ បញ្ចប់អាណត្តិ ដែលបានបំពេញភារកិច្ចនៅកម្ពុជា មាននិវេស្សនដ្ឋាននៅទីក្រុងហាណូយ ប្រទេសវៀតណាម នាពេលកន្លងមក។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានរម្លឹកថា ទំនាក់ទំនងរវាងជប៉ុន និងកម្ពុជា មានការរីកចម្រើន និងមានទំនាក់ទំនងនឹងគ្នាតាំងពីយូរលង់ណាស់មកហើយ។ ជាក់ស្តែងកាលពីអតីតកាលជិត ៣០ឆ្នាំមុន ក្រោយបញ្ចប់សង្គ្រាមលើកលោកទី២ ជប៉ុនបានបញ្ជូនកងទ័ពរបស់ខ្លួនជាលើកដំបូងមកកាន់កម្ពុជា ក្នុងនាមជាកងកម្លាំងរក្សាសន្តិភាព អង្គការសហប្រជាជាតិ ដើម្បីជួយដល់កម្ពុជា ក្នុងការស្វែងរកដំណោះស្រាយ នយោបាយបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា ពិសេសដែរនោះ គឺជាលើកដំបូងរបស់ប្រទេសជប៉ុនហើយ ដែលបានបញ្ចេញកងកម្លាំងចេញក្រៅប្រទេស ក្នុងបេសកកម្មរបស់អង្គការសហប្រជាជាតិមកកម្ពុជាមុនគេ ហើយប្រធានអាជ្ញាធរបណ្ដោះអាសន្នរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា កាលនោះគេហៅកាត់ថា អ៊ុនតាក់ UN គឺលោក យ៉ាស៊ូស៊ី អាកាស៊ី ក៏ជាជនជាតិជប៉ុនផងដែរ។

តាមរយៈជំនួបនេះ នាយឧត្តមសេនីយ៍ បានន្តថា ក្រោយមកទៀតក៏មានការទំនាក់ទំនងជាច្រើនដែលថ្នាក់ដឹកនាំទាំងពីរបានធ្វើការផ្លាស់ប្តូរទស្សនកិច្ចគ្នាទៅវិញទៅមក។ ចំណែកឯវិស័យយោធាវិញកម្ពុជា និងជប៉ុន បានផ្លាស់ប្តូរដំណើរទស្សនកិច្ចជាច្រើនដូចជា៖ រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន មកទស្សនកិច្ចនៅកម្ពុជា ហើយថ្នាក់ដឹកនាំរបស់កងយោធពលខេមរភូមន្ទី ក៏បានទៅបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន ពិសេសភាគីជប៉ុន តែងតែបានផ្តល់វគ្គសិក្សា និងហ្វឹកហ្វឺនដល់កងយោធពលខេមរភូមិន្ទុំ ក្រៅពីនោះជប៉ុនក៏ធ្លាប់បានបញ្ជូនកងនាវា និងនាវារបស់ខ្លួនមកចូលសំចតធ្វើទស្សនកិច្ចនៅកម្ពុជាផងដែរ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានឱ្យដឹងថា កងទ័ពជើងទឹកកម្ពុជា បានគ្រោងនឹងរៀបចំទទួលជាលើកដំបូងនៃការចូលចត់របស់នាវាកងទ័ពជើងទឹកជប៉ុននៅមូលដ្ឋានកងទ័ពជើងទឹកសមុទ្ររាមផងដែរ។ នាយឧត្តមសេនីយ៍ ក៏បានថ្លែងនៅអំណរគុណដល់ថ្នាក់ដឹកនាំកងស្វ័យការពារជប៉ុន ដែលកន្លងមកតែងបានជួយក្នុងវិស័យដោះមីននៅកម្ពុជា និងជួយដល់កងកម្លាំងកម្ពុជាដែលចេញទៅបំពេញបេសកកម្មរក្សាសន្តិសភាពបស់អង្គការសហប្រជាតិ នៅបណ្ដាប្រទេសនានាលើសកលលោក។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានបញ្ជាក់ជូនលោកសេនានុព័ន្ធយោធាថ្មី ជប៉ុនថា តាមរយៈនៃការបញ្ចប់បេសកកម្មការទូតយោធារបស់សេនាព័ន្ធយោធាចាស់ នៅកម្ពុជាសង្ឃឹមថា លោកសេនានុព័ន្ធយោធាថ្មី និងបន្តពង្រឹងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរកងទ័ពទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត ជាពិសេសលើវិស័យយោធា។

នាយសេនាធិការចម្រុះបានសំណូមពរភាគីជប៉ុនឱ្យបន្តផ្តល់អាហារូបករណ៍ដល់នាយទាហាន នៃកងយោធពលខេមរភូមិន្ទ មានឱកាសបានទៅសិក្សានៅជប៉ុន និងសូមឱ្យបន្តជួយបណ្តុះបណ្តាលដល់កងកម្លាំងមួកខៀវកម្ពុជា ដែលត្រូវទៅបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ៕