(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង (ខេមបូឌា) និងជានាយកប្រតិបត្តិនៃសម្ព័ន្ធ Royal Group បានអញ្ជើញជា អធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងទេសចរណ៍ និងធនាគារ វីង (ខេមបូឌា) ស្តីពីការប្រើប្រាស់សេវាកម្មរបស់ធនាគារ វីង (ខេមបូឌា) ម.ក សម្រាប់ប្រតិបត្តិការទទួលកម្រៃសេវាពីសេវាសាធារណៈ តាមប្រព័ន្ធទូទាត់អេទ្បិចត្រូនិច។
ពិធីចុះហត្ថលេខានេះ ធ្វើឡើងនាល្ងាចថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ ដោយមាន លោក សុង តុងហាប់ រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងលោក Dmytro Kolechko នាយកប្រតិបត្តិធនាគារ វីង (ខេមបូឌា) ជាហត្ថលេខីលើអនុស្សរណៈនៃការយោគយល់នេះ ផ្តោតសំខាន់ទៅលើចលករនៅក្នុងការជំរុញការផ្តល់សេវាសាធារណៈកាន់តែមានប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព តម្លាភាព ភាពទាន់ពេលវលា និងកាន់តែខិតជិតប្រជាពលរដ្ឋ ដើម្បីឆ្លើយតបទៅនឹងបំណងប្រាថ្នា និងតម្រូវកាន់តែខ្ពស់របស់ប្រជាជន នាពេលបច្ចុប្បន្ន៕