(ភ្នំពេញ)៖ ក្រសួងបរិស្ថាន បានសហការជាមួយដៃគូពាក់ព័ន្ធ លែងក្រពើភ្នំពូជសុទ្ធចំនួន ១០ក្បាលជាលើកដំបូង ទៅក្នុងតំបន់ដាច់ស្រយាលឆ្ងាយពីមនុស្សក្នុងឧទ្យានជាតិវីរៈជ័យ ក្នុងភូមិសាស្រ្តខេត្តរតនគីរី បន្ទាប់ពីប្រភេទនេះបានបាត់វត្តមានពីឧទ្យានជាតិនេះក្នុងរយៈពេលជាង ២០ឆ្នាំកន្លងមក។

ក្រុមការងារជំនាញ បានប្រើប្រាស់បច្ចេកវិទ្យាថ្មីចុងក្រោយ ដោយប្រើឧបករណ៍កត់ត្រា សម្លេង ដើម្បីតាមដានការបំផ្លាស់ទី និងការរស់រានមានជីវិតរបស់សត្វក្រពើភ្នំ ដែលជាការផ្តល់នូវទិន្នន័យដ៏មានសារសំខាន់ក្នុងការងារអភិរក្ស និងស្តារវត្តមានក្រពើភ្នំប្រភេទនេះ។

រហូតមកដល់បច្ចុប្បន្ននេះ ក្រពើភ្នំពូជសុទ្ធជិត២០០ក្បាល ត្រូវបានលែងចូលទៅក្នុងទីជម្រកធម្មជាតិ ដាច់ស្រយាលពីមនុស្សរស់នៅ និងមានសុវត្ថិភាពនៅតំបន់ជួរភ្នំក្រវាញ ភាគនិរតីនៃប្រទេសកម្ពុជា និងមានសំបុកពងកូនក្រពើភ្នំចំនួន៦០ក្បាល ត្រូវបានរកឃើញនៅក្នុងតំបន់ជួរភ្នំក្រវាញនេះផងដែរ។ ដោយឡែក ឧទ្យានជាតិវីរៈជ័យ ធ្លាប់មានវត្តមានក្រពើភ្នំរស់នៅក្នុងតំបន់ធម្មជាតិតាំងពីយូរយារណាស់មកហើយ ដូច្នេះកិច្ចខិតខំប្រឹងប្រែងដើម្បីស្តារវត្តមានប្រភេទនេះ នៅក្នុងតំបន់នេះអាចនឹងទទួលបានជោគជ័យ៕