(សៀមរាប)៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាស្តីពីការចាប់ផ្តើមសិក្សា និងវិភាគសន្តិសុខទឹកក្នុងអាងទន្លេសាប នាព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥នេះ។
សិក្ខាសាលានេះរៀបចំឡើងដោយអាជ្ញាធរទន្លេសាប ធនាគារពិភពលោក (WB) នាយកដ្ឋានកិច្ចការបរទេសនិងពាណិជ្ជកម្មអូស្រ្តាលី (DFAT) ភាពជាដៃគូទឹកនៃប្រទេសអូស្រ្តាលី (AWP) និងភាពជាដៃគូសន្តិសុខទឹកនិងអនាម័យសកល (GWSP) ដែលប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ នៅខេត្តសៀមរាប។
លោករដ្ឋមន្ត្រី ថោ ជេដ្ឋា ក្នុងនាមប្រធានអាជ្ញាធរទន្លេសាប បានមានប្រសាសន៍ថា៖ «បឹងទន្លេសាប គឺជាបឹងធម្មជាតិទឹកសាបដ៏ធំជាងគេបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាអាងស្តុកទឹកធម្មជាតិដ៏ធំមួយដែលជួយកាត់បន្ថយទឹកជំនន់នៅតំបន់ខ្សែទឹកខាងក្រោមនៃទន្លេមេគង្គ ជាឋបនីយជីវមណ្ឌលដ៏មានសារៈសំខាន់ដែលជួយគាំពារជីវៈចម្រុះច្រើនប្រភេទ ជាជង្រុកស្បៀងដែលទ្រទ្រង់សង្គម-សេដ្ឋកិច្ច របស់ប្រជាពលរដ្ឋមូលដ្ឋាន និងសង្គមជាតិទាំងមូល និងជាមជ្ឈមណ្ឌលវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីរបស់អ្នកស្រុក»។
លើសពីនេះ លោករដ្ឋមន្ត្រីបានបញ្ជាក់ឱ្យដឹងថា សក្តានុពលដ៏ធំសម្បើមនៃតំបន់ទន្លេសាបបានជំរុញឱ្យប្រទេសកម្ពុជាបង្កើតបាននូវសមិទ្ធផលជាតិសំខាន់ៗរួមមាន មច្ឆជាតិ ធារាសាស្រ្ត និងទេសចរណ៍ ដែលរួមចំណែកក្នុងការលើកកម្ពស់ផលិតភាពកសិកម្ម និងបង្កើតឱកាសការងារបង្កើនប្រាក់ចំណូល និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ។ ដែលត្រូវរួមគ្នាការពារឱ្យមានប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព ទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានលើកឡើងថា «យើងត្រូវរួមគ្នាការពារតំបន់ទន្លេសាប ដែលជាអត្តសញ្ញាណរបស់ជាតិយើង ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស» ។
ជាចុងក្រោយ លោករដ្ឋមន្ត្រីបានបង្ហាញនូវជំនឿយ៉ាងមុតមាំថា សិក្ខាសាលាថ្ងៃនេះនឹងក្លាយជាវេទិកាពិភាក្សារវាងអ្នករៀបចំគោលនយោបាយ អ្នកសិក្សាស្រាវជ្រាវបច្ចេកទេសបែបវិទ្យាសាស្រ្ត ដៃគូអភិវឌ្ឍន៍ និងសហគមន៍មូលដ្ឋាន ដើម្បីទទួលបានធាតុចូលដ៏សំខាន់ ក្នុងការដោះសា្រយនូវរាល់បញ្ហាស្មុគស្មាញដែលទាក់ទងនឹងអាងទន្លេសាប សំដៅជំរុញដល់ការគ្រប់គ្រងធនធានទឹកនៅតំបន់ទន្លេសាប ប្រកបដោយយុទ្ធសាស្រ្ត និងចក្ខុវិស័យវែងឆ្ងាយ ធានាបាននូវសន្តិសុខទឹក និងបង្កើនភាពធន់របស់ប្រព័ន្ធអេកូឡូស៊ីបឹងទន្លេសាប ក្នុងបរិបទនៃការអភិវឌ្ឍ និងកំណើនសម្ពាធពីសកម្មភាពនានារបស់មនុស្ស និងបម្រែបម្រួលអាកាសធាតុ ព្រមទាំងការថែរក្សាការពារ និងអភិរក្សធនធានធម្មជាតិដែលជាប់ពាក់ព័ន្ធជាមួយវិសាលភាពនៃបឹងធម្មជាតិដ៏សំខាន់នេះ៕