(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលបណ្តុះបណ្តាលបច្ចេកទេសម៉ាស៊ីនត្រជាក់ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបំពាក់ឱ្យសិស្សនូវជំនាញដែលទាក់ទងនឹងឧស្សាហកម្ម ហើយតាមរយៈមជ្ឈមណ្ឌលនេះ និង ការបណ្តុះបណ្តាលបច្ចេកទេសបន្ថែមទៀតនោះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងវិស្វករកម្ពុជាជំនាន់ក្រោយ និងជំរុញការរីកចំរើនផ្នែកបច្ចេកវិទ្យា។
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងយ៉ាងដូចនេះនាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥នេះ នាឱកាសដែលលោក និងលោក Atsushi Ueno ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា អញ្ជើញសម្ពោធជាផ្លូវការមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសម៉ាស៊ីនត្រជាក់ និងការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រុមហ៊ុន ប៉ាណាសូនិក និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ដើម្បីធ្វើការផ្ដល់នូវម៉ាស៊ីនត្រជាក់ចុងក្រោយបង្អស់ សម្រាប់ធ្វើការបណ្តុះបណ្តាលនៅក្នុងមជ្ឈមណ្ឌលនេះផងដែរ។
លោកបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា តាមរយៈការផ្តល់នូវសម្ភារបរិក្ខារទំនើបៗនិងការបណ្តុះបណ្តាលតាមស្តង់ដារនេះ យើងបណ្ដុះបណ្ដាលសិស្សនិស្សិតនូវជំនាញចាំបាច់ និងសំខាន់ក្នុងការជំរុញនូវកំណើនសេដ្ឋកិច្ចជាតិនិងវិស័យឧស្សាហកម្ម។ លោកក៏បានកោតសរសើរចំពោះការគាំទ្រជាបន្តបន្ទាប់របស់ក្រុមហ៊ុន ប៉ាណាសូនិក តាមរយៈការបរិច្ចាគឧបករណ៍ ម៉ាស៊ីនត្រជាក់ កម្មវិធីបណ្តុះបណ្តាល និងជំនួយផ្នែកអប់រំជាបន្តបន្ទាប់ដល់វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ផងដែរ។
បន្ថែមពីនេះលោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ក៏លើកទឹកចិត្តឱ្យមានការចូលរួមពីវិស័យឯកជនជួយបណ្តុះបណ្តាលទៅលើជំនាញឧស្សាហកម្មបច្ចេកវិទ្យាដល់យុវជនកម្ពុជា ឲ្យបានកាន់តែច្រើនឡើងបន្ថែមទៀត ដើម្បីកសាងកម្លាំងការងារដែលមានជំនាញខ្ពស់សម្រាប់កំណើនសេដ្ឋកិច្ចជាបន្តបន្ទាប់របស់កម្ពុជា និងបានលើកទឹកចិត្តដល់និស្សិតឱ្យចាប់យកឱកាសនេះ ដើម្បីរៀនពីអ្នកដឹកនាំក្នុងឧស្សាហកម្ម និងទទួលបានបទពិសោធន៍ជាក់ស្តែងផងដែរ។
នាឱកាសនោះដែរលោក Atsushi Ueno បានបង្ហាញក្តីសង្ឃឹមថា និស្សិតបញ្ចប់ការសិក្សាផ្នែកវិស្វកម្មដែលត្រូវបានគាំទ្ររួមគ្នាដោយវិស័យសាធារណៈ និងឯកជនរបស់ប្រទេសជប៉ុន នឹងដើរតួយ៉ាងសកម្មនៅក្នុងក្រុមហ៊ុនជប៉ុនជាច្រើននាពេលអនាគត។ ការរួមចំណែករបស់ពួកគេពិតជាមានសារៈសំខាន់ក្នុងការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចដ៏រឹងមាំរវាងប្រទេសជប៉ុន និងកម្ពុជា។
លោកបានបន្ថែមថា តាមរយៈកិច្ចសហការជាមួយក្រុមហ៊ុន ប៉ាណាសូនិក នឹងលើកកម្ពស់វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ឱ្យក្លាយទៅជាវិទ្យាស្ថានឈានមុខគេសម្រាប់ការសិក្សាផ្នែក វិស្វកម្មមេកានិកក្នុងប្រទេសកម្ពុជា និងបំពាក់បំប៉នយុវជនកម្ពុជានូវជំនាញចាំបាច់ដើម្បីទទួលបានជោគជ័យក្នុងទីផ្សារការងារពិភពលោក។
លោក Hisakazu Maeda អគ្គនាយកនៃសាខាក្រុមហ៊ុន ប៉ាណាសូនិក អេស៊ា ប៉ាស៊ីហ្វិក បានឱ្យដឹងដែរថា ភាពជាដៃគូនេះជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងបេសកកម្មរួមគ្នាដើម្បីរៀបចំយុវជនកម្ពុជាសម្រាប់អនាគត។ នៅពេលដែលបច្ចេកវិទ្យាជឿនលឿនប្រព័ន្ធអប់រំត្រូវតែវិវឌ្ឍន៍ជាចាំបាច់ ដើម្បីធានាថានិស្សិតទទួលបានជំនាញជាក់ស្តែងបន្ថែមលើចំណេះដឹងទ្រឹស្តី។ គំនិតផ្តួចផ្តើមនេះមិនមែនគ្រាន់តែជាការបើកដំណើរការមជ្ឃមណ្ឌលបណ្តុះបណ្តាលតែប៉ុណ្ណោះទេ វាគឺជាការវិនិយោគយុទ្ធសាស្ត្រក្នុងកម្លាំងពលកម្ម និងការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។
លោកសាស្ត្រាចារ្យបណ្ឌិត ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានឱ្យដឹងដែរថា ភាពជាដៃគូយូរអង្វែង និងប្រកបដោយផ្លែផ្ការវាងក្រុមហ៊ុន ប៉ាណាសូនិក និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) តំណាងឱ្យភាពជាដៃគូឧស្សាហកម្ម-សិក្សាដ៏រឹងមាំ និងបង្ហាញពីមិត្តភាពជិតស្និទ្ធរវាងប្រទេសកម្ពុជានិងជប៉ុន។ ការគាំទ្រជាបន្តបន្ទាប់របស់ក្រុមហ៊ុន តាមរយៈកម្មវិធីបណ្តុះបណ្តាលកម្រិតខ្ពស់ អាហារូបករណ៍ កម្មសិក្សា និងសិក្ខាសាលា គឺជាចលករយ៉ាងសំខាន់ក្នុងការរៀបចំអនាគតរបស់និស្សិត នេះជាការរួមចំណែកយ៉ាងសកម្មដល់វឌ្ឍនភាពឧស្សាហកម្មរបស់កម្ពុជា។
គួរជម្រាបដែរថា ចាប់តាំងពីឆ្នាំ២០១៩មក ប៉ាណាសូនិក បានផ្តល់អាហារូបករណ៍ដល់និស្សិត វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ជាច្រើននាក់។ អាហារូបករណ៍នេះអនុញ្ញាតឱ្យពួកគេ អាចបន្តការសិក្សាដោយមិនមានឧបសគ្គផ្នែកហិរញ្ញវត្ថុ ហើយក្រុមហ៊ុនក៏បានសម្របសម្រួលកម្មវិធីកម្មសិក្សាសម្រាប់និស្សិតឆ្នាំចុងក្រោយនៅក្នុងផ្នែកវិស្វកម្មមេកានិក ដោយផ្តល់ឱ្យពួកគេនូវបទពិសោធន៍ជាក់ស្តែង និងឱកាសដើម្បីបង្កើនជំនាញបច្ចេកទេសរបស់ពួកគេ។ និស្សិតបញ្ចប់ការសិក្សាដែលមានទេពកោសល្យជាច្រើនត្រូវបានផ្តល់ការងារជាមួយក្រុមហ៊ុន ប៉ាណាសូនិក ព្រមទាំងក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខផ្សេងទៀតតាម រយៈគំនិតផ្តួចផ្តើមទាំងនេះផងដែរ៕