(បាត់ដំបង)៖ មានភ្លៀងធ្លាក់រាយប៉ាយលាយឡំជាមួយខ្យល់កន្រ្តាក់ ធ្វើឲ្យស្រុកក្រុងមួយចំនួន រងសម្ពោធក្រោមឥទ្ធិពលខ្យល់បក់បោកខ្លាំងរហូតបំផ្លាញផ្ទះប្រជាពលរដ្ឋអស់ចំនួន២៧៣ខ្នង។ ក្រោយទទួលបានព័ត៌មាន លោក សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ បានចាត់ឱ្យក្រុមប្រតិបត្តិសាខាខេត្តសហការជាមួយអនុសាខាកាកបាទក្រហមកម្ពុជាស្រុកថ្មគោល ស្រុកឯកភ្នំ និងក្រុមកាកបាទក្រហមឃុំ ចុះពិនិត្យ និងវាយតម្លៃនៃផលប៉ះពាល់ ដែលបានទទួលរងគ្រោះដោយខ្យល់កន្រ្តាក់នាពេលកន្លងទៅ។
សូមបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ ក្នុងភូមិសាស្រ្តក្រុងស្រុកមួយចំនួនមានភ្លៀងលាយឡំមកជាមួយខ្យល់កន្ត្រាក់ បណ្តាលឱ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋសរុប២៧៣ខ្នង ក្នុងនោះប៉ើងដំបូលទាំងស្រុង៣០ខ្នង ប៉ើងដំបូលធ្ងន់ធ្ងរចំនួន១២៥ខ្នង ប៉ើងដំបូលដោយអន្លើៗចំនួន១១៧ខ្នង លើស្រុកចំនួន៩ស្រុក លើឃុំចំនួន១៣៩រួមមាន៖
*ទី១៖ ស្រុកថ្មគោល ប៉ះពាល់លើកឃុំចំនួន១ ក្នុងភូមិចំនួន៥ ក្នុងនោះខូចខាតផ្ទះសំបែងរបស់ប្រជាពលរដ្ឋចំនួន៩២ខ្នងផ្ទះ ក្នុងនោះប៉ើងដំបូលទាំងស្រុង៤ខ្នងផ្ទះ ប៉ើងដំបូលធ្ងន់ធ្ងរចំនួន៤២ ខ្នងផ្ទះ ប៉ើងដំបូលដោយអន្លើៗចំនួន ៤៦ខ្នងប៉ះពាលសាលារៀន២ខ្នង និងសាលាឃុំចំនួន១។
*ទី២៖ ស្រុកឯកភ្នំ ប៉ះពាល់លើកឃុំចំនួន២ ក្នុងភូមិចំនួន៥ ក្នុងនោះខូចខាតផ្ទះសំបែងរបស់ប្រជាពលរដ្ឋចំនួន៦៩ខ្នង ក្នុងនោះប៉ើងដំបូលទាំងស្រុង៩ខ្នងផ្ទះ ប៉ើងដំបូលធ្ងន់ធ្ងរចំនួន១៦ ខ្នងផ្ទះនិង ប៉ើងដំបូលដោយអន្លើៗចំនួន៤៤ខ្នង។
*ទី៣៖ ស្រុកបវេល ប៉ះពាល់លើកឃុំចំនួន២ ក្នុងភូមិចំនួន៥ ក្នុងនោះខូចខាតផ្ទះសំបែងរបស់ប្រជាពលរដ្ឋចំនួ៥១ខ្នងផ្ទះ ក្នុងនោះប៉ើងដំបូលទាំងស្រុង១១ខ្នងផ្ទះ ប៉ើងដំបូលធ្ងន់ធ្ងរចំនួន៤០ខ្នងផ្ទះ។
*ទី៤៖ ស្រុកសំពៅលូន ប៉ះពាល់លើកឃុំចំនួន២ ក្នុងភូមិចំនួន៣ ក្នុងនោះខូចខាតផ្ទះសំបែងរបស់ប្រជាពលរដ្ឋចំនួ២៦ខ្នងផ្ទះ ក្នុងនោះប៉ើងដំបូលទាំងស្រុង១ខ្នងផ្ទះ ប៉ើងដំបូលធ្ងន់ធ្ងរចំនួន១២ខ្នងផ្ទះ និង ប៉ើងដំបូលដោយអន្លើៗចំនួន១៣ខ្នង។
*ទី៥៖ ស្រុកសំឡូត ប៉ះពាល់លើកឃុំចំនួន២ ក្នុងភូមិចំនួន៣ ក្នុងនោះខូចខាតផ្ទះសំបែងរបស់ប្រជាពលរដ្ឋចំនួ១៩ខ្នងផ្ទះ ក្នុងនោះប៉ើងដំបូលទាំងស្រុង៣១ខ្នងផ្ទះ ប៉ើងដំបូលធ្ងន់ធ្ងរចំនួន៧ខ្នងផ្ទះ និង ប៉ើងដំបូលដោយអន្លើៗចំនួន៩ខ្នងក្នុងនោះ រន្ទះបាញ់បណ្តាលឲ្យរបួសមនុស្សម្នាក់ផងដែរ។
*ទី៦៖ ស្រុកកំរៀង ប៉ះពាល់លើកឃុំចំនួន១ ក្នុងភូមិចំនួន៣ ក្នុងនោះខូចខាតផ្ទះសំបែងរបស់ប្រជាពលរដ្ឋចំនួ១៣ខ្នងផ្ទះ (ស្មើ១២គ្រួសារ) ក្នុងនោះប៉ើងដំបូលទាំងស្រុង១ខ្នងផ្ទះ ប៉ើងដំបូលធ្ងន់ធ្ងរចំនួន៧ខ្នងផ្ទះ និង ប៉ើងដំបូលដោយអន្លើៗចំនួន៥ខ្នង។
*ទី៧៖ ស្រុកគ្រក្រឡ ប៉ះពាល់១ឃុំ លើភូមិចំនួន១ បណ្តាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋចំនួន១ខ្នងផ្ទះ។
*ទី៨៖ ស្រុករុក្ខគីរី ប៉ះពាល់១ឃុំ លើភូមិចំនួន១ បណ្តាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋចំនួន១ខ្នងផ្ទះ។
*ទី៩៖ ស្រុកបាណន់ បណ្តាលឲ្យរន្ទះបាញ់ស្លាប់មនុស្សម្នាក់។
ក្នុងឱកាសចុះពិនិត្យតាមខ្នងផ្ទះនេះ ក្នុងនាមសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង, លោក យ៉ាន ឧត្តម ក៏បានអំពាវនាវប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នជាប់ជានិច្ចចំពោះបាតុភូតធម្មជាតិ ដែលអាចនឹងកើតឡើងជាយថាហេតុ និងត្រូវឆាប់រាយការណ៍មកអាជ្ញាធរដែនដី ដើម្បីក្រុមការងារចុះជួយបានទាន់ពេលវេលាផងដែរ។
សូមបញ្ជាក់ថា ក្រុមគ្រួសាររងគ្រោះទាំងអស់ នឹងទទួលអំណោយមនុស្សធម៌ពីសាខាខេត្ត អនុសាខាស្រុក និងក្រុមការងារចុះមូលដ្ឋានជាបន្តបន្ទាប់ផងដែរ៕