(ភ្នំពេញ)៖ លោកបណ្ឌិត ហ៊ែល ចំរើន រដ្ឋលេខាធិការ និងជាអនុប្រធានប្រចាំការ ក្រុមប្រឹក្សានីតិកម្មនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីបើកវេទិកាស្តីពី ទំនៀមជំនុំច្បាប់ខ្មែរ៖ ទស្សនវិជ្ជាច្បាប់បែបប្រពៃណី ដោយមានការអញ្ជើញចូលរួមពីតំណាងមកពីក្រសួង ស្ថាប័នពាក់ព័ន្ធនានា និងថ្នាក់ដឹកនាំនៃសាលាភូមិន្ទរដ្ឋបាល រួមនិងសិស្សមន្ត្រីជាន់ខ្ពស់ និងសិស្សមន្ត្រីក្រមការ ជាច្រើនរូប នៅសាលាភូមិន្ទរដ្ឋបាល។

ថ្លែងនាឱកាសនោះ លោកបណ្ឌិត ហ៊ែល ចំរើន បានឱ្យវេទិកាស្តីពី ទំនៀមជំនុំច្បាប់ខ្មែរ៖ ទស្សនវិជ្ជាច្បាប់បែបប្រពៃណី រៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយឲ្យបានស៉ីជម្រៅនូវកម្រងឯកសារសិក្សាសាកល្បងអំពីទស្សនវិជ្ជាច្បាប់ខ្មែរពីបុរាណ និងជាការបង្កើតឱកាសដល់យុវជនខ្មែរ យើងឲ្យបានទទួលនៅឱកាសក្រលេកមើលឃើញពីខ្លួនឯង ក្រឡេកមើលឲ្យឃើញអំពីច្បាប់ វប្បធម៌ សីសធម៌ ទស្សនៈវិជ្ជារបស់ខ្មែរយើង។

វេទិកាស្តីពីទំនៀមជំនុំច្បាប់ខ្មែរ៖ ទស្សនវិជ្ជាច្បាប់បែបប្រពៃណី រៀបចំឡើងក្រោមពីរដំណាក់កាល ៖ ដំណាក់កាលទី១ ផ្តោតទៅលើច្បាប់បុរាណខ្មែរ និងដំណាក់កាលទី២ គឺទំនៀមជំនុំច្បាប់ខ្មែរ ដែលផ្តោតទៅលើច្បាប់ខ្មែរ យើង នាពេលបច្ចុប្បន្ន។

នៅក្នុងឱកាសនេះលោករដ្ឋលេខាធិការ បានលើកឡើងថា គម្រោងបន្ទាប់ពីច្បាប់បុរាណ និងច្បាប់បែបបារាំង គម្រោងថ្មីជាបន្តបន្ទាប់ទៀត គឺការសិក្សាស្រាវជ្រាវច្បាប់បែបជាទស្សនៈវិជ្ជារបស់អ្នកប្រាជ្ញខ្មែរយើងបន្ថែម ទៅលើច្បាប់ផ្សេងៗទៀត។ ក្រោមការយកចិត្តទុកដាក់ខ្ពស់ និងការគាំទ្រពីសម្តេចហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឆ្នាំ២០២៥នេះ កម្រងច្បាប់ខ្មែរបែបបារាំង នឹងត្រូវបោះពុម្ពចេញផ្សាយជាស្ថាពរ។

នៅក្នុងឱកាសនេះដែរលោកបណ្ឌិត ហ៊ែល ចំរើន បានមាន ប្រសាសន៍បញ្ជាក់ថា ក្នុងមនសិការគាស់កកាយមកវិញនូវកំណប់ជាតិ, វេទិកាពេញមួយថ្ងៃ ដែលពិភាក្សាលើច្បាប់បុរាណ ឬច្បាប់ទំនៀម ដោយមានក្រសួង ស្ថាប័នជាតួអង្គពាក់ព័ន្ធ ក្នុងស្មារតី «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» ចូលរួមជាវាគ្មិន បង្ហាញនិងពិភាក្សា កាន់តែមានលក្ខណៈស៊ីជម្រៅ និងប្រទាក់ក្រឡាគ្នាថែមទៀត ក្រោមទម្រង់ជាវិទ្យាសាស្រ្ត នីតិសាស្រ្ត ប្រវត្តិសាស្រ្ត ប្រពៃណីទំនៀមទម្លាប់ អរិយធម៌ ពុទ្ធិវិជ្ជា ទស្សនវិជ្ជា បុរាណវិទ្យា នរវិទ្យា ហើយប្រធានបទទាំង៦ ដែលវាគ្មិននឹងធ្វើបទបង្ហាញរួមមាន៖

ទី១៖ បទបង្ហាញស្ដីពី «អត្តសញ្ញាណនៃវប្បធម៌ច្បាប់និងយុត្តិធម៌ខ្មែរ» ពីបុរាណ នៅមុនពេលដែលប្រទេសកម្ពុជារបស់យើងទទួលរងនូវឥទ្ធិពលនៃច្បាប់របស់បារាំងនៅឆ្នាំ១៩៦៣។ ទី២៖ បទបង្ហាញស្ដីពី «អត្តសញ្ញាណនៃច្បាប់និងយុត្តិធម៌ខ្មែរ តាមរយៈពុទ្ធោវាទ»។ ទី៣៖ បទបង្ហាញស្ដីពី ការវិវត្តនៃស្ថាប័នខ្មែរពីសម័យហ្វូណន ដល់បច្ចុប្បន្ន ។ទី៤៖ បទបង្ហាញស្ដីពី ទំនៀមពីបុរាណតាមរយៈសិលាចារឹក។ ទី៥៖ បទបង្ហាញស្ដីពី ការដាក់ទណ្ឌកម្មនៅសម័យបុរាណ ផ្អែកតាមសិលាចារឹក និងទី៦៖ បទបង្ហាញស្ដីពីវិវាទដីធ្លី និងដំណោះស្រាយសម័យបុរាណ។

គួរបញ្ជាក់ថា ក្រុមប្រឹក្សានីតិកម្មនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងសាលាភូមិន្ទរដ្ឋបាល ធ្លាប់បានរៀបចំសិក្ខាសាលា និងវេទិកាតាមលម្អាននេះជាបន្តបន្ទាប់ ពោលគឺ សិក្ខាសាលាផ្សព្វផ្សាយពីកម្រងច្បាប់ខ្មែរពីបុរាណ កាលពីឆ្នាំ២០១៦ ជូនសិស្សមន្ត្រីជាន់ខ្ពស់ និងសិស្សមន្ត្រីក្រមការ នៃសាសាភូមិន្ទរដ្ឋបាល ចំនួន ៣២៨នាក់  និងវេទិកាជំនុំច្បាប់ខ្មែរកាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ កន្លងទៅ ដែលជាមាគ៌ាត្រួសត្រាយ សម្រាប់វេទិកានាវេលានេះ។

តាមរយៈវេទិកាជំនុំច្បាប់ខ្មែរកាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ ស្នាដៃមួយបានប្រសូត្រឡើងជាសមិទ្ធផលគួរជាទីមោទនៈនោះ គឺសៀវភៅដែលត្រូវ បានប្រសិទ្ធនាមថា កម្រងឯកសារសិក្សាសាកល្បងអំពីទស្សនវិជ្ជាច្បាប់ខ្មែរពីបុរាណ៕