(ភ្នំពេញ)៖ ការងារសាងសង់ស្ថានីយបូមទឹកលូ៥ ស្ថិតក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ គម្រោងទាំងមូល គិតត្រឹមថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ សម្រេចបាន ៧៥% នៃគម្រោង។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងនារសៀលថ្ងៃទី១៨ ខែមិនាថា ការសាងសង់ស្ថានីយបូមទឹកលូ៥ ដោយបំពាក់បន្ថែមម៉ូទ័របូមទឹកខ្នាតធំ ទំហំមុខកាត់ ១.៥ម៉ែត្រ ចំនួន ២គ្រឿង និងទំហំមុខកាត់ ១ម៉ែត្រ ចំនួន១គ្រឿង មានសមត្ថភាពបូមទឹក ១២ម៉ែត្រគូប ក្នុង១វិនាទី នៃគម្រោងផែនការវិនិយោគហេដ្ឋារចនាសម្ព័ន្ឋប្រព័ន្ឋលូ និងប្រព័ន្ឋរំដោះទឹកសម្រាប់បញ្ចៀសការជន់លិច ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

លោកប្រធានមន្ទីរ បានបញ្ជាក់ថា ស្ថានីយ៍បូមទឹកនេះ នឹងកាត់បន្ថយការជន់លិចដោយទឹកភ្លៀងនៅតំបន់ខាងត្បូង និងខាងកើតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្នុងភូមិសាស្ត្រខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ទៀតថា ដោយអនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា គម្រោងសាងសង់ស្ថានីយបូមទឹកលូ៥ បានចាប់ផ្តើមបើកការដ្ឋាន សាងសង់កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ ដោយគ្រោងបញ្ចប់នៅដំណាច់ខែមិថុនា ឆ្នាំ២០២៥ ខាងមុខ។

លោកបញ្ជាក់ថា ចំពោះវឌ្ឍនភាពនៃការសាងសង់ស្ថានីយបូមទឹកលូ៥ គម្រោងទាំងមូល គិតត្រឹមថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ សម្រេចបាន ៧៥% នៃគម្រោង៕