(ភ្នំពេញ)៖ ថ្លែងក្នុងឱកាសអញ្ជើញដឹកនាំ វេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ នៅថ្ងៃទី១៨ ខែមីនា ​ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជាថ្ងៃនេះ ៥៥ឆ្នាំមុន ចាប់ផ្តើមរអិលចូលភ្លើងសង្គ្រាម តែ៥៥ឆ្នាំក្រោយ កម្ពុជាកំពុងមានសន្តិភាព ហើយបន្តជំរុញកិច្ចអភិវឌ្ឍន៍។

នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥នេះ គឺជាខួបទី៥៥ នៃព្រឹត្តិការប្រវត្តិសាស្ដ្ររដ្ឋប្រហារទម្លាក់ សម្ដេចព្រះនរោត្តម សីហនុ ព្រះប្រមុខរដ្ឋ ដោយក្រុមសេនាប្រមុខលន់ នល់ និងទ្រង់ សិរីមតៈ ដែលជាហេតុធ្វើឲ្យកម្ពុជា ឈានជើងដល់មាត់ព្រោះមរណៈ នៃភ្លើងសង្គ្រាម ការទម្លាក់គ្រាប់បែក អំពើហិង្សា និងអសន្ដិសុខបានមកញាំញីប្រជាពលរដ្ឋគ្មានស្រាកស្រាន្ដ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ថ្ងៃនេះ ៥៥ឆ្នាំមុន គឺចំថ្ងៃ១៨ មីនា ១៩៧០ ដែលព្រឹត្ដិការណ៍សំខាន់មួយ នៅក្នុងប្រវត្ដិសាស្ដ្រខ្មែរ បានជំរុញប្រទេសយើង ឲ្យធ្លាក់ក្នុងភ្លើងសង្គ្រាម ដែលថ្ងៃនោះ គឺជាថ្ងៃចាប់ផ្ដើម នៃភាពមិនច្បាស់លាស់ នៃអនាគតរបស់ប្រទេសជាតិ។ តែថ្ងៃនេះ ៥៥ឆ្នាំក្រោយ គឺយើងអង្គុយនៅទីនេះ នៅក្នុងសុខសន្ដិភាព អង្គុយជជែកគ្នា អំពីរួមគ្នាយ៉ាងម្ដេចទៀត ដើម្បីបម្រើប្រជាជនឲ្យកាន់តែល្អ ហើយថ្ងៃនេះ គឺជាថ្ងៃនៃការពិភាក្សាគ្នា»

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា បើប្រៀបធៀបមើលថ្ងៃដូចគ្នា ៥៥ឆ្នាំមុន គឺខុសគ្នាស្រឡះ ដែលយើងកំពុងតែនាំប្រទេសយើង ប្រកបដោយភាពជឿជាក់ ភាពច្បាស់លាស់ នៅក្នុងសុខសន្ដិភាព។

ជាមួយគ្នានេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានចូលរួមអបអរសាទរ នូវសមិទ្ធផលដែលធ្វើបានរួមគ្នា រវាងកម្ពុជាជាមួយនឹងដៃគូអភិវឌ្ឍន៍ទាំងជាតិ និងអន្ដរជាតិផងដែរ។

ជាពិសេស ប្រជាពលរដ្ឋ បានរួមគ្នាកសាងប្រទេស តាមបែបបទនៃវិមជ្ឈការ និងវិសហមជ្ឈការ ដែលធានាឲ្យបាន តាមរយៈការពង្រឹងលិទ្ធប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ និងការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាប័ន្ន។ នេះជាការគូសបញ្ជាក់ របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត។

សូមជម្រាបថា ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ គឺជាខួបលើកទី៥៥ នៃព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏ជូរចត់មួយកើតឡើងក្នុងប្រទសកម្ពុជា នោះគឺរដ្ឋប្រហារធម្មនុញ្ញ ដែលទម្លាក់អតីតព្រះប្រមុខរដ្ឋសម្តេចព្រះ នរោត្តម សីហនុ។

រដ្ឋប្រហារតាមរយៈសម្លេងបោះឆ្នោតទម្លាក់សម្តេចនៅក្នុងរដ្ឋសភានាពេលនោះ បាននាំឱ្យប្រទេសធ្លាក់ចូលក្នុងភ្លើងសង្គ្រាម។ រដ្ឋប្រហារ រៀបចំឡើងដោយលោកសេនាប្រមុខ លន់ នល់ និងគាំទ្រដោយសហរដ្ឋអាមេរិក មិនត្រឹមធ្វើឱ្យសង្គ្រាមស៊ីវិលបានឆាបឆេះប៉ុណ្ណោះទេ ថែមទាំងបានរុញច្រានកម្ពុជា ឱ្យធ្លាក់ចូលក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហមថែមទៀត។

រដ្ឋប្រហារថ្ងៃទី១៨ មីនានោះហើយ បានផ្លាស់ប្តូររបបពីរាជានិយម ក្លាយជារបបសាធារណរដ្ឋខ្មែរ, បង្កើតទិដ្ឋភាពនៃព្រឹត្តិការណ៍ចូលក្នុងព្រៃតស៊ូដើម្បីរំដោះជាតិ, មនុស្សស្លាប់រាប់ម៉ឺនសែននាក់ ដោយសារសង្គ្រាម និងក្រោយមកមានព្រឹត្តិការណ៍សម្លាប់រង្គាលក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។

ព្រឹត្តិការណ៍រត់ចូលព្រៃតស៊ូសាជាថ្មី ដោយបានរំដោះប្រទេសនៅថ្ងៃទី៧ មករា ឆ្នាំ១៩៧៩, ព្រឹត្តិការណ៍ដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើកម្ពុជារយៈពេល១២ឆ្នាំ ដោយសហគមន៍អន្តរជាតិ។
ទិដ្ឋភាពការចរចារវាងក្រុមខ្មែរបដិបក្ខ ដែលយល់ព្រមលើការឈប់បាញ់គ្នា និងក្រោយមកមានការយាងមាតុភូមិនិវត្តន៍របស់សម្តេចព្រះ នរោត្តម សីហនុ និងការឡើងគ្រងរាជ្យសម្បត្តិសាជាថ្មី។ ការចូលអន្តរាគមន៍របស់បេសកកម្មអង្គការសហប្រជាជាតិ ដែលដំបូងចាប់ផ្តើមពី UNAMIC ដល់ UNTAC។

ការបោះឆ្នោតសកលខែឧសភា ឆ្នាំ១៩៩៣ ដោយពេលនោះភាគីខ្មែរក្រហម បែរជាធ្វើពហិកា។ ការបង្កើតរាជរដ្ឋាភិបាលថ្មីលើកដំបូង តាមរយៈការបោះឆ្នោតសកល។ ការចាកចេញរបស់បេសកកម្មអង្គការសហប្រជាជាតិ ដែលបន្សល់ទុកនូវសង្គ្រាមបន្តរវាងអតីតរាជរដ្ឋាភិបាលជាមួយក្រុមទ័ពព្រៃខ្មែរក្រហម។

ការដាក់ចេញនូវនយោបាយឈ្នះឈ្នះ ផ្តួចផ្តើមដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីពន្លត់ភ្លើងសង្គ្រាមស៊ីវិល និងតាមរយៈនយោបាយឈ្នះឈ្នះ រយៈពេល១០៥២យប់ និងថ្ងៃសង្គ្រាមស៊ីវិល និងភាពកលយុគក្នុងប្រទេសកម្ពុជារយៈពេលជិត៣០ឆ្នាំ ត្រូវបានពន្លត់អស់ទាំងស្រុង នៅថ្ងៃទី២៩ ធ្នូ ឆ្នាំ១៩៩៨។

ដូច្នេះបើគ្មានរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ ក៏កម្ពុជាមិនធ្លាក់ចូលក្នុងភ្លើងសង្គ្រាម និងបើគ្មានព្រះរាជបន្ទួលអំពាវនាវរបស់ព្រះអង្គឱ្យពលរដ្ឋខ្មែរ ចូលក្នុងព្រៃម៉ាគីដើម្បីការតស៊ូនោះទេ ក៏គ្មានប្រវត្តិការតស៊ូរបស់យុវជន ហ៊ុន សែន ដែលលោកគឺជាឥស្សរជនលេចធ្លោខ្លាំងជាងគេបំផុត ក្នុងការជួយស្រោចស្រង់ប្រទេសកម្ពុជា។

ដែលមុននោះប្រទេសកម្ពុជា ស្ទើរក្លាយជាសាកសពមួយទៅហើយ ប៉ុន្តែក្រោមនយោបាយរបស់សម្តេចតេជោ ហ៊ុន សែន, កម្ពុជា អាចរស់ឡើងវិញ តាំងពីបាតដៃទទេ រហូតដល់មានការអភិវឌ្ឍដូចបច្ចុប្បន្ន និងប្រកបដោយភាពលេចធ្លោថែមទៀតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ទាំងនេះ គឺជាតថភាពនៃប្រវត្តិសាស្ត្រជាតិ៕