(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំដល់ក្រសួងស្ថាប័នពាក់ព័ន្ធ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវអនុវត្តការរើសមន្រ្តី «រើសឱ្យចំ បំពេញឱ្យត្រូវ រក្សាឱ្យនៅ» ដើម្បីធ្វើឱ្យការចំណាយថវិកាលើបន្ទុកបុគ្គលិក និងការគ្រប់គ្រងមន្រ្តីនៅមូលដ្ឋាន កាន់តែមានប្រសិទ្ធិភាព។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញដឹកនាំវេទិកាវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ នាថ្ងៃទី១៨ ខែមីនាឆ្នាំ២០២៥នេះ។
ផ្អែកលើផែនការតម្រូវការបុគ្គលិក សម្តេចបវរធិបតី បានណែនាំឱ្យក្រសួងមុខងារសាធារណៈ ក្រសួងមហាផ្ទៃ និងក្រសួងស្ថាប័នពាក់ព័ន្ធត្រូវរៀបចំគោលការណ៍ និងនិតិវិធី ដើម្បីអនុវត្តវិធានការចាំបាច់ ដែលរួមមាន វិធានការទី១. សិក្សាលទ្ធភាពផ្តល់គោលនយោបាយលើកទឹកចិត្ត និងផ្តល់ឱកាសតាមការស្ម័គ្រចិត្ត និងការផ្ទេរបុគ្គលិកដែលមានជំនាញវិជ្ជាជីវៈ ពីមន្ទីរ ក្រសួងស្ថាប័នឱ្យទៅនៅបម្រើការ តាមរដ្ឋបាលក្រុង ស្រុក ពោលគឺពីថ្នាក់ជាតិទៅថ្នាក់ក្រោមជាតិក្នុងករណីដែលមាន។ វិធានការទី២. គឺផ្តល់ការណែនាំដល់ការគាំទ្រដល់រដ្ឋបាលក្រុង/ស្រុក ក្នុងការជ្រើសរើសបុគ្គលិក ផ្អែកលើកិច្ចព្រមព្រៀង ដើម្បីបំពេញមុខដំណែង វិជ្ជាជីវៈដែលត្រូវការចាំបាច់ ឈរលើគោលការកុណាធិបតេយ្យតម្លាភាព និងយុត្តិធម៌ និងគោលការណ៍រើសឱ្យចំ បំពេញឱ្យត្រូវ រក្សាឱ្យនៅ។
សម្តេចបវរធិបតី បានគូសបញ្ជាក់ថា ការជ្រើសរើសមន្រ្តីតាមគោលការណ៍នេះ ដើម្បីធានាពីលទ្ធភាពនៃការចំណាយថវិកាលើបន្ទុកបុគ្គលិក និងការគ្រប់គ្រងមន្រ្តីនៅមូលដ្ឋានឱ្យបានឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធិភាព។
សម្តេចបានគូសបញ្ជាក់យ៉ាងដូច្នេះថា «បើយើងចាយច្រើនទៅលើបន្ទុកបុគ្គលិក បានន័យលុយសម្រាប់វិនិយោគផ្សេងៗ គឺកាន់តែថយ អ៊ីចឹងបានន័យថា ការគ្រប់គ្រងការជ្រើសរើស ត្រូវធ្វើយ៉ាងណាធានា ទី១.ប្រសិទ្ធការងារ ត្រូវធ្វើយ៉ាងណាឱ្យដោយធានានូវគណនេយ្យភាព និងតម្លាភាពនៃការងារ និងសិទ្ធិក្នុងការធ្វើ ទី២.គឺការគ្រប់គ្រងមន្រ្តី គឺបរិមាណនិងគុណភាព ត្រូវផ្អែកទៅលើសមត្ថភាពរបស់មន្រ្តីរបស់យើងឱ្យចំ បានន័យថាមានមន្រ្តីសមល្មម ធ្វើការឱ្យប្រសិទ្ធភាពខ្ពស់ អីចឹងបើមានគ្នាច្រើន ថវិកាប៉ុន្មានយើងចែកគ្នាបានតិចៗ តែបើយើងមានមន្រ្តីសមល្មម សម្យនឹងទំហំការងារ ថវិកាដែលយើងទម្លាក់ឱ្យនោះ គឺអាចចូលទៅដល់ការពង្រឹងមន្រ្តីដែលមានស្រាប់ បូកជាមួយនឹងថវិកាដែលសល់សម្រាប់ការវិនិយោគទូទៅ។ នេះហើយគឺជាកិច្ចការនៅក្នុងការកែទម្រង់រដ្ឋបាល និងកែទម្រង់មុខងារសាធារណៈរបស់យើង នៅក្នុងអាណត្តិនេះ ដើម្បីធ្វើការវាយតម្លៃឡើងវិញ ពិនិត្យវិភាគមុខងារ ដើម្បីធ្វើឱ្យក្រសួងស្ថាប័នថ្នាក់ជាតិ និងថ្នាក់រដ្ឋបាលថ្នាក់ក្រោមជាតិ ទៅមុខទៀត គឺ យើងធានាបែបនេះ»។
ទន្ទឹមគ្នានេះ សម្តេចបានណែនាំឱ្យពិនិត្យលើការជ្រើសរើសមន្រ្តីជាប់កិច្ចសន្យា ត្រូវឱ្យមាននិយាមច្បាស់លាស់ និងមានត្រួតពិនិត្យត្រឹមត្រូវ ដើម្បីរើសឱ្យចំ និងត្រូវមានវិធានក្នុងបណ្តុះបណ្តាល ហើយប្រគល់ភារកិច្ចឱ្យចំគោលដៅ។
លើសពីនេះទៅទៀត ក្នុងការផ្ទេរបុគ្គលិកនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ពីកន្លែងមួយទៅកន្លែង ត្រូវមានការទទួលខុសត្រូវ និងគ្រប់គ្រងឱ្យបានច្បាស់ ជាពិសេសក្នុងវិស័យសំខាន់ៗដូចជាវិស័យសុខាភិបាល (ពេទ្យ) និងវិស័យអប់រំ (គ្រូបង្រៀន) កុំឱ្យទៅគរនៅកន្លែងដែលលើសស្រាប់ តែត្រូវបំពេញនៅកន្លែងដែលខ្វះខាត៕