(ហ៊ឺណាន, ចិន)៖ អ្នកវិនិយោគធំៗចំនួនប្រមាណជា៦០ក្រុមហ៊ុន នៅក្នុងខេត្តហ៊ឺណាន ប្រទេសចិន បានក្លាយជាមុខព្រួញក្នុងកិច្ចប្រឹងប្រែងបញ្ចុះបញ្ចូលកៀរគរឱ្យមកវិនិយោគនៅកម្ពុជា។ ក្រុមហ៊ុនធំៗទាំងនេះ ជាក្រុមហ៊ុនវិនិយោគលើវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម, ឧស្សាហកម្ម, ហេដ្ឋារចនាសម្ព័ន្ធ និងទេសចរណ៍។
ដើម្បីទាញចំណាប់អារម្មណ៍ ក៏ដូចជាផ្សព្វផ្សាយពីសក្តានុពលវិនិយោគនៅកម្ពុជាជូនដល់ក្រុមហ៊ុនវិនិយោគទាំង៦០ក្រុមហ៊ុននេះ នាព្រឹកថ្ងៃអង្គារ ទី១៨ ខែមីនា ឆ្នាំ២០២៥នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សហការជាមួយខេត្តហ៊ឺណាន បានរៀបចំសន្និសីទរួមគ្នាមួយ ស្តីពីការផ្លាស់ប្តូរសេដ្ឋកិច្ច, ពាណិជ្ជកម្ម, វប្បធម៌, និងទេសចរណ៍រវាងកម្ពុជា និងខេត្តហ៊ឺណាន។ សន្និសីទនេះ ធ្វើឡើងមានគោលបំណងផ្សព្វផ្សាយអំពីសក្តានុពល និងកាលានុវត្តភាពវិនិយោគ និងទេសចរណ៍នៅកម្ពុជា ជូនទៅកាន់សហគមន៍ធុរកិច្ច ដែលមានមូលដ្ឋាននៅក្នុងខេត្តហ៊ឺណាន។
លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសម្តែងក្តីសោមនស្សរីករាយក្រៃលែងដែលបានចូលរួមក្នុងសន្នីសិទដ៏មានសារៈសំខាន់នេះ។ តាមរយៈសន្និសីទនេះ លោកឧបនាយករដ្ឋមន្ត្រី បានប្រឹងប្រែងរំលេចអំពីសក្តានុពលវិជ្ជមានរបស់កម្ពុជាលើការវិនិយោគមានជាអាទិ៍ស្ថិរភាពនយោបាយ, ស្ថានភាពម៉ាក្រូសេដ្ឋកិច្ចដែលមានលំនឹងវិជ្ជមាន, កម្លាំងពលកម្មវ័យក្មេងប្រកបដោយថាមវន្ត, រាជរដ្ឋាភិបាលគាំទ្រយ៉ាងខ្លាំងក្លាដល់វិស័យឯកជន, របបវិនិយោគមានភាពទាក់ទាញ និងអនុគ្រោះ និងហេដ្ឋារចនាសម្ព័ន្ធអន្តរមធ្យោបាយ បាននិងកំពុងអភិវឌ្ឍឱ្យកាន់តែមានភាពតភ្ជាប់ និងប្រទាក់ក្រឡាគ្នា។
បន្ថែមពីនេះ លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីគោលនយោបាយនានារបស់រាជរដ្ឋាភិបាលក្នុងការទាក់ទាញវិនិយោគ ការបង្កើនពិពិធកម្មសេដ្ឋកិច្ច និងបានលើកឡើងអំពីបេសកកម្ម និងចក្ខុវិស័យរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងនាមជាសេនាធិការ និងជាច្រកចេញចូលតែមួយរបស់រាជរដ្ឋាភិបាល លើការងារគ្រប់គ្រងការវិនិយោគឯកជន និងតំបន់សេដ្ឋកិច្ចពិសេស ដែលបាននិងកំពុងបន្តខិតខំជំរុញការកែលម្អ ធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងការវិនិយោគ ជាពិសេសការធ្វើឌីជីថលូបនីយកម្ម ក្នុងការផ្តល់សេវាសាធារណៈ។ ជាក់ស្តែងការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (ប្រព័ន្ធ cdcIPM) ដែលសម្រួលដល់វិនិយោគិនក្នុងការដាក់ពាក្យស្នើសុំវិនិយោគបានពីគ្រប់ទីកន្លែង និងគ្រប់ពេលវេលា តាមរយៈប្រព័ន្ធអ៊ីនធឺណេត។
ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល មន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលដែលឆន្ទៈខ្ពស់ក្នុងកិច្ចបម្រើជាតិ និងប្រជាជន ក៏បានបង្ហាញនូវសុទិដ្ឋិនិយមយ៉ាងមុតមាំថា វិនិយោគិន និងធុរជនខេត្តហ៊ឺណាន ដែលអញ្ជើញចូលរួមនាពេលនេះនឹងអញ្ជើញមកសិក្សាស្វែងយល់ដោយផ្ទាល់នៅកម្ពុជា ក៏ដូចជាពាំនាំនូវបច្ចុប្បន្នភាពនៃបរិយាកាសវិនិយោគនៅកម្ពុជាទៅកាន់សហគមន៍ធុរកិច្ចខេត្តហ៊ឺណានរបស់ខ្លួន ឱ្យកាន់តែទូលំទូលាយបន្ថែមមួយកម្រិតទៀត។
ក្នុងវេទិកានោះ លោក អ៊ិត វិជិត នាយកប្រតិបត្តិក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ក៏បានធ្វើបទបង្ហាញអំពីសក្តានុពលនៃតំបន់ទេសចរណ៍នៅកម្ពុជាទៅកាន់អង្គសន្និសីទផងដែរ។
សូមជម្រាបថា ជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា-ខេត្តហ៊ឺណាន មានឯកសារចំនួន២ ត្រូវបានចុះហត្ថលេខាក្នុងសន្និសីទនេះ។ ឯកសារទាំងពីរនោះរួមមាន៖ ១) អនុស្សរណៈនៃការយោគយល់គ្នារវាងក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា ជាមួយសាលាគុនកុងហ្វូ តេងហ្វេងយ៉ានលូ នៃសំណាក់សៅលីង (Dengfeng Yanlu Kungfu School of Shaolin) និងមហាវិទ្យាល័យបណ្តុះបណ្តាលវិជ្ជាជីវៈអប់រំកាយ ក្រុងចឹងចូវ (Zhengzhou Physical Education Vocational College) និង២) លិខិតសម្តែងបំណងបណ្តាក់ទុនវិនិយោគរបស់ក្រុមហ៊ុន Zhengzhou Agricultural Development Group៕