(ហ៊ឺណាន, ចិន)៖ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញថ្នាក់ដឹកនាំ និងអ្នកវិនិយោគនៅក្រុងចឹងចូវ ខេត្តហ៊ឺណាន ប្រទេសចិន មកទស្សនកិច្ចនៅកម្ពុជា និងស្វែងរកឱកាសបង្កើតតំបន់សេដ្ឋកិច្ចពិសេសកសិ-ឧស្សាហកម្មនៅកម្ពុជា។
សំណើនេះធ្វើឡើង ក្នុងជំនួបរវាងលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជាមួយ លោក អាន វៃ (An Wei) លេខាបក្សប្រចាំក្រុងចឹងចូវ នាព្រឹកថ្ងៃអង្គារ ទី១៨ ខែមីនា ឆ្នាំ២០២៥។ ជំនួបនេះធ្វើឡើង ក្នុងគោលបំណងពិភាក្សាអំពីលទ្ធភាពនៃការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យវិនិយោគ និងទេសចរណ៍រវាងប្រទេសទាំងពីរ។
ក្នុងជំនួបនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោកស្រី សឿង រដ្ឋចាវី ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសចិន, គណៈប្រតិភូនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា។
មានមតិស្វាគមន៍ លោកលេខាបក្សប្រចាំក្រុងចឹងចូវ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូកម្ពុជាដែលបានអញ្ជើញមកកាន់ក្រុងចឹងចូវ។ ទន្ទឹមនឹងនេះ លោក អាន វៃ ក៏បានជម្រាបជូនគណៈប្រតិភូអំពីវឌ្ឍនភាពថ្មីៗនៃការអភិវឌ្ឍក្រុងចឹងចូវ ដែលជាទីប្រសព្វរវាងវប្បធម៌បុរាណ និងសហសម័យ។
លេខាបក្សប្រចាំក្រុងចឹងចូវរូបនេះ បានបង្ហាញសុទិដ្ឋិនិយមថា ដំណើរបេសកកម្មរបស់ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល នឹងទាក់ទាញបានគម្រោងវិនិយោគជាច្រើនពីខេត្តហ៊ឺណានឱ្យទៅបណ្តាក់ទុនវិនិយោគនៅកម្ពុជា ដើម្បីចូលរួមចំណែកលើកកម្ពស់វិបុលភាពសហគមន៍វាសនារួមកម្ពុជា-ចិន។
ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងអំណរគុណសមភាគីសម្រាប់បដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅជូនគណៈប្រតិភូកម្ពុជានាឱកាសបំពេញបេសកកម្មជំរុញ និងទាក់ទាញវិនិយោគនៅខេត្តហ៊ឺណាន ដែលជាបេសកកម្មក្រៅប្រទេសដំបូងគេបង្អស់ប្រចាំឆ្នាំ២០២៥ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
លោកឧបនាយករដ្ឋមន្ត្រី បានកោតសរសើរសម្រាប់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចយ៉ាងឆាប់រហ័សរបស់ក្រុងចឹងចូវដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និងឧស្សាហកម្មដ៏សំខាន់នៅតាមបណ្តោយទន្លេលឿងរបស់ខេត្តហ៊ឺណាន។
ឧបនាយករដ្ឋមន្ត្រីក៏បានយកឱកាសនេះ ជម្រាបជូនភាគីមិត្តចិនអំពីបច្ចុប្បន្នភាពថ្មីៗនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងបរិយាកាសវិនិយោគនៅកម្ពុជា។ លោកឧបនាយករដ្ឋមន្ត្រីអញ្ជើញគណៈប្រតិភូរដ្ឋបាលក្រុងចឹងចូវ និងតំណាងសហគ្រាសប្រចាំក្រុងចឹងចូវ ពិនិត្យលទ្ធភាព និងឱកាសបំពេញទស្សនកិច្ចការងារនៅកម្ពុជា ដើម្បីមកសិក្សាស្វែងយល់អំពីសក្តានុពល និងកាលានុវត្តភាពវិនិយោគដ៏សម្បូរបែប ជាពិសេសពិនិត្យលទ្ធភាពរៀបចំតំបន់សេដ្ឋកិច្ចពិសេសលើវិស័យកសិ-ឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិសេសលើអនុវិស័យអេឡិចត្រូនិក ដែលអាចដើរតួនាទីបំពេញបន្ថែមពីលើខ្សែច្រវាក់ផលិតកម្ម ដែលមានស្រាប់នៅខេត្តហ៊ឺណាន៕