(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានថ្លែងបញ្ជាក់ថា វេទិកាស្តីពី ទំនៀមជំនុំច្បាប់ខ្មែរ៖ ទស្សនវិជ្ជាតាមបែបប្រពៃណី ប្រៀបបានទៅនឹងផែនទីបង្ហាញផ្លូវមួយ ដើម្បីបណ្តុះទម្លាប់ប្រកបដោយសីលធម៌ គុណធម៌ សុជីវធម៌ ការចូលរួមគោរពច្បាប់ ប្រពៃណី សាសនា និងបានបណ្តុះទស្សនៈ មនសិការជាតិដល់យុវជនខ្មែរ។

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងដូចនេះនារសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥នេះ នាឱកាសអញ្ជេីញជាអធិបតីក្នុងពិធីបិទវេទិកា ស្តីពី ទំនៀមជំនុំច្បាប់ខ្មែរ៖ ទស្សនវិជ្ជាតាមបែបប្រពៃណី ដោយមានការចូលរួមពីលោក ហ៊ែល ចំរើន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកនាយករងសាលាភូមិន្ទរដ្ឋបាល លោក លោកស្រី វាគ្មិន កិត្តិយស និងមន្ត្រីជាន់ខ្ពស់ សិស្សមន្ត្រីក្រមការនៃសាលាភូមិន្ទរដ្ឋបាលជាច្រើនរូប នៅសាលាភូមិន្ទរដ្ឋបាល។

វេទិកាជំនុំច្បាប់ខ្មែរ ត្រូវបានរៀបចំឡើងក្នុងគោលបំណង (ទី១).បង្ហាញអំពីអត្ថិភាពនៃអត្តសញ្ញាណច្បាប់ និងទស្សនច្បាប់ខ្មែរពីបុរាណ (ទី២).ការផ្សារភ្ជាប់គ្នានៃដំណើរវិវត្តច្បាប់ទំនៀមមកច្បាប់ទំនើបតាមប្រព័ន្ធច្បាប់របស់បារាំងចាប់តាំងពីការរៀបចំនូវរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាដំបូងឆ្នាំ១៩៤៧។

ក្នុងឱកាសនៃវេទិកាជំនុំច្បាប់ខ្មែរ លើកទី២នេះ បាននាំមកនូវបទបង្ហាញដូចជា៖ អត្តសញ្ញាណនៃវប្បធម៌ច្បាប់ និងយុត្តិធម៌ខ្មែរ, អត្តសញ្ញាណនៃវប្បធម៌ច្បាប់ និងយុត្តិធម៌ខ្មែរ តាមពុទ្ធោវាទ, ការវិវត្តនៃស្ថាប័នខ្មែរពីសម័យហ្វូណនរហូតដល់បច្ចុប្បន្ន, ទំនៀមពីបុរាណតាមរយៈសិលាចារឹក, ការដាក់ទណ្ឌកម្មនៅសម័យបុរាណ ផ្អែកលើសិលាចារឹក, និង វិវាទដីធ្លី និងដំណោះស្រាយសម័យបុរាណ។

បន្ថែមពីនេះលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានកោតសរសើរ និងថ្លែងអំណរគុណដល់វាគ្មិនកិត្តិយសដែលបានធ្វើបទបង្ហាញឆ្លុះបញ្ចាំងពីទិដ្ឋភាពច្បាប់នាសម័យបុរាណជូនដល់អង្គវេទិកាឱ្យបានយល់ដឹងពីទស្សនវិជ្ជាក្នុងការគ្រប់គ្រងរដ្ឋរបស់ខ្មែរពីសម័យមុន ព្រមទាំងបានគូសបញ្ជាក់ពីសារៈសំខាន់នៃវេទិកានេះ ផ្តោតលើអារ្យធម៌មួយអាចកើតឡើងទៅបាន ត្រូវផ្សារភ្ជាប់ការរៀនសូត្រទាំងក្នុងស្រុកផងនិងក្រៅស្រុកផង ព្រមទាំងផ្សារភ្ជាប់រវាងសេដ្ឋកិច្ច ប្រព័ន្ធគ្រប់គ្រងរដ្ឋ ប្រព័ន្ធច្បាប់ ប្រព័ន្ធទស្សនវិជ្ជាជាដើម។

អារ្យធម៌មួយអាចងើបឡើង ការវិវត្តនិងធ្លាក់ចុះ មាននិន្នាការប្រហាក់ប្រហែលគ្នាដោយផ្ដោតសំខាន់លើចំណេះដឹង (ច្បាប់)។ នាសម័យបុរាណមិនឃើញមានការសរសេរច្បាប់លើសិលាចារឹក ដោយហេតុច្បាប់ទាំងនោះ ត្រូវបានរួមបញ្ជូលទៅក្នុងសាសនា ជំនឿ ដូចជាជឿលើព្រះ ជឿបុណ្យ បាប ការលេីកទឹកចិត្ត ទោសទណ្ឌ ហើយមានឥទ្ធិពលខ្លាំងលើផ្នត់គំនិតប្រជារាស្ត្រ ដែលនេះជាប្រព័ន្ធច្បាប់បុរាណបង្កប់ទៅក្នុងសាសនា។

លោកបណ្ឌិតសភាចារ្យ ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោក លោកស្រី ជាសាស្ត្រាចារ្យ និងជាវាគ្មិនទាំងអស់ ដែលបានខិតខំប្រឹងប្រែងស្រាវជ្រាវ ចងក្រង និងបានចូលរួមធ្វើបទបង្ហាញ ដែលការចូលរួម និងកិច្ចខិតខំប្រឹងប្រែងទាំងនេះប្រៀបបានទៅនឹងផែនទីបង្ហាញផ្លូវមួយ ដើម្បីបណ្តុះទម្លាប់ប្រកបដោយសីលធម៌ គុណធម៌ សុជីវធម៌ ការចូលរួមគោរពច្បាប់ ប្រពៃណី សាសនា និងបានបណ្តុះទស្សនៈ មនសិការជាតិ និងឧត្តមគតិវិជ្ជមាន ក្នុងការអភិរក្ស អភិវឌ្ឍ និងបង្កើតនវានុវត្តន៍លើការងារសិល្បៈ វប្បធម៌ជាតិ ការពង្រឹងប្រសិទ្ធភាពនៃការស្រាវជ្រាវ ការចងក្រង និងការផ្សព្វផ្សាយគុណតម្លៃ ប្រវត្តិសាស្ត្រនៃសំណង់បេតិកភណ្ឌ វត្ថុបុរាណ ស្ថានីយ៍បុរាណ សិលាចារឹក សាស្ត្រាស្លឹករឹត ក្បួនច្បាប់បុរាណ ប្រពៃណីទំនៀមទំលាប់ ចរិយាធម៌ខ្មែរ និងវប្បធម៌កតញ្ញូជាតិ សំដៅចូលរួមលើកកម្ពស់កិត្យានុភាពជាតិ៕