(ភ្នំពេញ)៖ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា កាលពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ ស៊ើបអង្កេត ប្រមូលបានភស្តុតាង និងអនុវត្តតាមដីកាបញ្ជាឱ្យចូលខ្លួនរបស់ព្រះរាជអាជ្ញា ព្រមទាំងមានការសម្របសម្រួល នីតិវិធីពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យ០៤នាក់។

ជនសង្ស័យ០៤នាក់ រួមមាន៖

ទី១. ឈ្មោះ ឡុក អូរីដេ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ អាជីវករ ទីលំនៅបច្ចុប្បន្នសង្កាត់សំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង
ទី២. ឈ្មោះ មុត រិន ភេទប្រុស អាយុ៧៨ឆ្នាំ មុខរបរសមាជិកក្រុមប្រឹក្សាស្រុក ទីលំនៅបច្ចុប្បន្នឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម
ទី៣. ឈ្មោះ កាន់ គុន ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរជំទប់ទី២ឃុំតាប្រុក ទីលំនៅបច្ចុប្បន្នឃុំតាប្រុក ស្រុកចំការលើ ខេត្តកំពង់ចាម
និងទី៤. ឈ្មោះ ម៉ៅ ហេន ភេទប្រុសអាយុ៦២ឆ្នាំ មុខរបរជំទប់ទី២ឃុំជយោ ទីលំនៅបច្ចុប្បន្នឃុំជយោ ស្រុកចំការលើខេត្តកំពង់ចាម ដោយក្នុងចំណោមជនសង្ស័យទាំង០៤នាក់ គឺមានជនសង្ស័យ០៣នាក់ ជាសកម្មជនគណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរ នៅស្រុកចំការលើ ខេត្តកំពង់ចាម។

ជនសង្ស័យទាំង០៤នាក់ ត្រូវបានសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាំខ្លួនមកសាកសួរដោយយោងតាមចម្លើយសារភាព និងភស្តុតាង ពួកគេពិតជាបានប្រើប្រាស់បណ្តាញសង្គមយកមកធ្វើសកម្មភាព ញុះញង់ និងអុជអាលតាមរយៈបំភ្លៃព័ត៌មានខុសពីការពិត បង្កឱ្យប៉ះពាល់ដល់សន្តិសុខសង្គម និងកិត្តិយសថ្នាក់ ដឹកនាំនៃព្រះរាជាណាចក្រកម្ពុជា ដែលជាអំពើត្រូវចាត់ជាបទល្មើសព្រហ្មទណ្ឌ។

សូមបញ្ជាក់ថា ការឃាត់ខ្លួនជនសង្ស័យខាងលើគឺសមត្ថកិច្ចអនុវត្តទៅតាមអង្គហេតុ និងអង្គច្បាប់នៃការប្រព្រឹត្ត បទល្មើសដែលមានចែងក្នុងក្រមព្រហ្មទណ្ឌដោយមិនជាប់ពាក់ព័ន្ធនឹងរឿងនយោបាយ ឬការគាបសង្កត់ បំភិតបំភ័យ និង ការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយដល់សមាជិកគណបក្សនយោបាយណាមួយឡើយ។

អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមបដិសេធ និងច្រានចោលទាំងស្រុងការចោទប្រកាន់ទាំង បំពាន ដោយគ្មានមូលដ្ឋានច្បាស់លាស់របស់គណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរ ដែលចុះផ្សាយនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥។ នៅក្នុងសង្គមនីតិរដ្ឋ ការអនុវត្តវិធានការច្បាប់ទៅលើបុគ្គលដែលបានធ្វើសកម្មភាពបង្កូចសណ្តាប់ធ្នាប់សាធារណៈ គឺជាមូលដ្ឋានគ្រឹះនៃសន្តិសុខសង្គម៕