(ភ្នំពេញ)៖ លោក ចាយ បូរិន នារសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ បានអនុញ្ញាតឱ្យលោក Gagan Malik (តារាបូលីវូតដែលមានប្រជាប្រិយសម្តែងជាតួព្រះពុទ្ធ) ចូលជួបសម្តែងការគួរសម ក្នុងឱកាសបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ជំនួបនេះបានធ្វើឡើងនៅទីស្តីការក្រសួង។

ក្នុងឱកាសបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា លោក Gagan Malik បានបង្ហាញពីការចាប់អារម្មណ៍ចំពោះវិស័យព្រះពុទ្ធសាសនា នៅព្រះរាជាណាចក្រកម្ពុជាដោយលោកបានជម្រាបជូនលោករដ្ឋមន្រ្តី អំពីគោលបំណងនៃដំណើរទស្សនកិច្ចមកកាន់កម្ពុជានាឱកាសនេះគឺ៖

ទី១. ដើម្បីជួយផ្សព្វផ្សាយវិស័យទេសចរណ៍វប្បធម៌ និងវិស័យទេសចរណ៍សាសនាជាដើម។

ទី២. សំណើសុំកិច្ចសហប្រតិបត្តិការជាមួយក្រសួងធម្មការនិងសាសនាលើការសិក្សា ព្រះសង្ឃ តាជីយាយជី ពិសេសសមាធិ។

ទី៣. សំណើសុំដង្ហែព្រះសារីរឹកធាតុព្រះពុទ្ធជាម្ចាស់ ពីកម្ពុជាយកទៅតំកល់នៅប្រទេសឥណ្ឌា ដើម្បីគោរពបូជា ជាការបញ្ជាក់បង្ហាញពីចំនងទំនាក់ទំនងរវាងកម្ពុជា-ឥណ្ឌា និងដើម្បីផ្សព្វផ្សាយព្រះសារីរឹកធាតុព្រះពុទ្ធជាម្ចាស់របស់ប្រទេសកម្ពុជាទៅកាន់ប្រជាជនឥណ្ឌាដែលចង់មកទស្សនកិច្ចសិក្សាស្វែងយល់ពីវិស័យពុទ្ធសាសនានៅកម្ពុជាកាន់តែទូលំទូលាយ។

ជាការឆ្លើយតបលោករដ្ឋមន្រ្តី ចាយ បូរិន សូមអរគុណដល់លោក Gagan Malik តារាបូលីវូតដ៏ល្បី (តួសម្តែងជាព្រះពុទ្ធ) បានផ្ញើសារអំពីភាពសម្បូរបែបនៃទេសចរណ៍កម្ពុជា និងបង្ហាញពីកត្តាសុខសន្តិភាព ស្ថានភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការរក្សាបាននូវវប្បធម៌ដ៏សម្បូរបែប បង្ហាញពីសង្គមពិតជាក់ស្តែងនៅកម្ពុជា ជាពិសេសអំពីទេសចរដែលកំពុងមកទស្សនាកម្សាន្តប្រកបដោយសុខសុវត្ថិភាព ជូនដល់ពិភពលោក។

លោករដ្ឋមន្ត្រី ចាយ បូរិន បានបញ្ជាក់ថា ក្រោមគោលនយោបាយរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងបន្តដឹកនាំដ៏ឈ្លាសវៃ និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដឹកនាំប្រទេសទទួលបានសន្តិភាពពេញលេញ និងបានបើកទូលាយឱ្យមានសេរីភាពលើជំនឿសាសនារៀងៗខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវចំពោះសាសនា និងសង្គម។

លោករដ្ឋមន្រ្តី ចាយ បូរិន សង្ឃឹមថាលោក Gagan Malik ជួយផ្សព្វផ្សាយបន្ថែម ពីសមិទ្ធផលរបស់ប្រទេសកម្ពុជា ពីវិស័យសាសនា វិស័យកសិកម្ម វិស័យទេសចរណ៍ និងវិស័យបរិស្ថាន ទៅប្រទេសឥណ្ឌា និងពិភពលោក។

ក្នុងឱកាសបំពេញទស្សនកិច្ចនៅទឹកដីនៃព្រះរាជាណាចក្រកម្ពុជាលោករដ្ឋមន្រ្តី សូមជូនពរដល់ លោក Gagan Malik ទទួលតែសុខសុវត្ថិភាព និងពាំនាំការចងចាំដ៏ល្អនៅទឹកដីប្រទេសកម្ពុជាទៅបង្ហាញប្រជាជនឥណ្ឌា និងពិភពលោកបានស្គាល់កាន់តែច្បាស់ ពីទឹកដីសុវណ្ណភូមិដ៏ចំណាស់និងអច្ឆរិយៈមួយនេះ៕