(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន ៣៣៣បណ្ណ ស្មើនឹង ៥១៤គ្រួសារ នៅក្នុងភូមិបឹងបី និងភូមិព្រែកអាំ ឃុំរបស់មង្គល ស្រុកមោងឫស្សី។
ពិធីនេះបានឡើងនៅក្នុងបរិវេណវត្តកូនក្អែក ស្ថិតក្នុងភូមិ កូនក្អែក ឃុំរបស់មង្គល ស្រុកមោងឫស្សី ដោយមានការចូលរួមពីអភិបាលស្រុកមោងឫស្សី, មន្រ្តីជំនាញប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបាត់ដំបង, ប្រធានមន្ទីរ អង្គភាពនានា ជុំវិញខេត្ត, អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទាំង២ភូមិចូលរួមផងដែរ។
លោក សួន សុភា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបាត់ដំបង បានឱ្យដឹងថា ការងារចុះបញ្ជីដីធ្លីនៅក្នុងខេត្តបាត់ដំបង បានរៀបចំក្រុមចុះបញ្ជីចំនួន១១ក្រុម មានកម្លាំងចំនួន ២២០នាក់។ ការអនុវត្តការងារចុះបញ្ជីបង្ហើយក្បាលដីបានអនុវត្តចាប់ផ្តើមពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤រហូតមកដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ សម្រេចបានការវាស់វែងក្បាលដីចំនួន ១៨៧,៧១៤ក្បាលដី។ ក្បាលដីដែលត្រូវវាស់វែងបង្ហើយមានចំនួន ៧៩,៣៣៧ក្បាលដីទៀត គ្រោងនឹងបញ្ចប់ការវាស់វែងនៅត្រឹមខែកក្កដា ឆ្នាំ២០២៥ខាងមុខនេះ។
ថ្លែងក្នុងឱកាសនោះលោក សុខ លូ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បាផ្ដោតការយកចិត្តទុកដាក់ខ្ពស់ ទៅលើការវាស់វែង និងចេញប្លង់កម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋឱ្យបានឆាប់រួចរាល់ដើម្បីឈានទៅបញ្ចប់បញ្ហាទំនាស់ដីធ្លី។
លោក សុខ លូ បានណែនាំប្រជាពលរដ្ឋត្រូវរក្សាដីធ្លីដែលទទួលបានកម្មសិទ្ធិនេះឱ្យបានល្អ កុំលក់ដូរប្រសិនបើមិនមានការចាំបាច់ ដើម្បីទុកសម្រាប់ប្រើប្រាស់បង្កបង្កើនផល និងចែកជូនដល់កូនចៅជំនាន់នាន់ក្រោយ ក៏ដូចជារក្សាលំនឹងជីវភាពរស់នៅប្រចាំថ្ងៃ ខណៈដីធ្លីពិតជាសំខាន់ខ្លាំងណាស់ព្រោះមនុស្សមានកំណើនឡើងជាបន្តបន្ទាប់ ប៉ុន្តែដីធ្លីមិនកើននោះទេ។
លោកអភិបាលខេត្តក៏បានអំពាវនាវប្រជាពលរដ្ឋដែលគ្មានដីពិតប្រាកដទៅដាក់ពាក្យស្នើសុំដីសម្បទានពីរាជរដ្ឋាភិបាលតាមរយៈគោលនយោបាយកម្មវិធីផ្តល់ដីការពារព្រៃរដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព និងត្រូវចៀសវាងការចូលទន្រ្ទានកាន់កាប់ដីព្រៃ និងរំលោភលើដីចំណីផ្លូវជាដើម។
បន្ថែមពីនេះ លោក សុខ លូ ក្រើនរម្លឹកដល់ប្រជាពលរដ្ឋត្រូវអប់រំកូនចៅចៀសឆ្ងាយពីគ្រឿងញៀនចូលរួមរាយការណ៍អំពីបញ្ហាគ្រឿងញៀន គោរពច្បាប់ចរាចរណ៍ ចូលរួមថែរក្សាអនាម័យបរិស្ថាន បង្កើនការចិញ្ចឹមសត្វ និងដាំដំណាំបន្លែបង្ការផ្សេងៗជុំវិញផ្ទះដើម្បីលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃកាន់តែប្រសើរឡើង។
ឆ្លៀតក្នុងឱកាសនេះដែរ លោក សុខ លូ បានអញ្ជើញដឹកនាំក្រុមការងារចុះប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងថវិកាមួយចំនួនជូនពលរដ្ឋចាស់ជរាចំនួន៣គ្រួសារ នៅតាមគេហដ្ឋានដែលពុំអាចទៅទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដោយផ្ទាល់បានផងដែរ៕