(សៀមរាប)៖ លោក ចៅ ម៉ៅមុន្នី សមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានដឹកនាំក្រុមការងារចុះចែកអំណោយ សួរសុខទុក្ខ និងសំណេះសំណាល ជាមួយប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន៣៣គ្រួសារ ចំនួន៦ឃុំ ក្នុងស្រុកពួក រួមមាន៖ ឃុំពួក ឃុំសសរស្តម្ភ ឃុំរើល ឃុំដូនកែវ ឃុំត្រីញ័រ ឃុំកែវពណ៌។ ក្នុងនោះ ផ្ទះដែលរលំទាំងស្រុងមានចំនួន ៤គ្រួសារ និងរបើកដំបូលចំនួន ៨គ្រួសារផងដែរ។
ក្នុងឱកាសនោះ លោក ចៅ ម៉ៅមុន្នី បានសម្ដែងនូវការសោកស្ដាយចំពោះការខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិ ជាពិសេសបងប្អូនរស់នៅក្នុងស្រុកពួក ដែលនេះជាគ្រោះមហន្តរាយបង្កដោយធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ។
លោកបន្តថា ជាមួយនឹងការចុះសួរសុខទុក្ខនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាលោក ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ក៏បានបង្ហាញនូវការសោកស្ដាយ និងបន្តយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខ ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះគ្រប់រូប ដោយមិនប្រកាន់ វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។
លោក ចៅ ម៉ៅមុន្នី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋាននេះទាំងអស់ ត្រូវស្វែងយល់បន្ថែមពីភាពរឹងមាំ នៃលំនៅឋាន ដើម្បីបង្ការ និងការពារហានិភ័យ ដែលបង្កដោយគ្រោះធម្មជាតិ។
អំណោយដែលបានផ្ដល់ជូន រួមមាន៖ គ្រួសារផ្ទះរបើកដំបូលក្នុងមួយគ្រួសារទទួលបាន អង្ករ ៣០គីឡូក្រាម មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ ស័ង្កសី ១០សន្លឹក មី ១កេស ទឹកត្រី ១យួរ ត្រីខ ១យួរ ស្ករស ១គីឡូក្រាម អំបិល ១គីឡូក្រាម និងថវិកា ៥ម៉ឺនរៀល។
ដោយឡែក គ្រួសារដែលផ្ទះរលំទាំងស្រុងទទួលបាន៖ អង្ករ៣០គីឡូក្រាម មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ ស័ង្កសី ១៦សន្លឹក មី១កេស ទឹកត្រី១យួរ ត្រីខ១យួរ ស្ករស១គីឡូក្រាម អំបិល១គីឡូក្រាម និងថវិកា១៥ម៉ឺនរៀល។
ចំណែកអ្នករបួសម្នាក់ទទួលបាន អង្ករ៣០គីឡូក្រាម មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ មី១កេស ទឹកត្រី១យួរ ត្រីខ១យួរ ស្ករស ១គីឡូក្រាម អំបិល ១គីឡូក្រាម និងថវិកា ២០ម៉ឺនរៀល៕