(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានលើកទឹកចិត្តក្នុងការតែងតាំងលោក GANGAN Malik ជាទូតសុច្ឆន្ទៈទេសចរណ៍កម្ពុជា ដើម្បីបន្តជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាដ៏សម្បូរបែបទៅកាន់ប្រជាជនក្នុងពិភពលោក ជាពិសេសគឺប្រជាពលរដ្ឋឥណ្ឌា។

ការលើកទឹកចិត្តនេះ ធ្វើឡើងនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ក្នុងឱកាសដែល លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ អនុញ្ញាតជូន លោក GAGAN Malik តារាបូលីវូតដ៏ល្បី (តួសម្តែងជាព្រះពុទ្ធ) ចូលជួបសម្តែងការគួរសម និងការស្នើសុំគំាទ្រ ព្រមទាំងអនុសាសន៍ដ៏ខ្ពង់ខ្ពស់លើ គម្រោងកញ្ចប់ទស្សនកិច្ចទេសចរណ៍បែបសាសនារបស់លោក ពីបណ្តាប្រទេសនានាជាពិសេសពីប្រទេសឥណ្ឌាមកប្រទេសកម្ពុជានារដូវកាលបៃតង (Green Season) ខាងមុខ។

ក្នុងឱកាសជំនួបនេះ លោក ហួត ហាក់ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចប្រឹងប្រែងផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា កត្តាសុខសន្តិភាព ស្ថានភាពនយោបាយ សង្គម សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពទេសចរពិតនៅកម្ពុជា និងផ្តល់ការគាំទ្រចំពោះគម្រោងកញ្ចប់ទស្សនកិច្ចថ្មីនេះ ដោយលោក ក៏បានលើកទឹកចិត្តតែងតាំងលោក GANGAN Malik ជាទូតសុច្ឆន្ទៈទេសចរណ៍កម្ពុជា ដើម្បីបន្តជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាដ៏សម្បូរបែបទៅកាន់ប្រជាជនក្នុងពិភពលោក ជាពិសេសគឺប្រជាពលរដ្ឋឥណ្ឌា៕