(កំពង់ធំ)៖ លោក សាយ គឹមឡម ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្ទោង ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥នេះ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងចែកអំណោយជូនគ្រួសារ មានពិការភាព ងាយរងហានិភ័យ និងរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៨គ្រួសារនៅ ភូមិត្រពាំងជ័រ និងភូមិប្រាសាទ ក្នុងឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ ។

ក្នុងឱកាសនោះដែរលោកបានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោក នួន ផារ័ត្ន ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ដែលសម្តេច និងលោកតែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់ ដល់សុខទុក្ខជីវភាព គ្រួសារ មានពិការភាព ងាយរងហានិភ័យ និងរងគ្រោះផ្សេងៗគ្រប់ពេលវេលា។

ទន្ទឹមនឹងនេះលោកបានណែនាំដល់ អាជ្ញាធរឃុំចំណាលើ ត្រូវយកចិត្តទុកដាក់លើសុខុមាលភាពទូទៅ ជាពិសេសពេលពេលគាត់មានបញ្ហាសុខភាព ​ត្រូវជួយណែនាំក្នុងការទៅថែរក្សាព្យាបាលជំងឺ​ នៅមណ្ឌល​សុខភាព​ចំណាលើ ឬមន្ទីរពេទ្យបង្អែកស្ទោងដោយប្រើប័ណ្ណក្រីក្រ ឬសមធម៌ដែលព្យាបាលដោយឥតគិតថ្លៃ ជាគោលនយោបាយដ៏យកចិត្តទុកដាក់ខ្ពស់បំផុត របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការលើកកម្ពស់សេដ្ឋកិច្ចប្រជាពលរដ្ឋ ហើយប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ។

លោកបានសង្កត់ធ្ងន់ថា ក្នុងនាមអាជ្ញាធរភូមិ ឃុំ ត្រូវតែមានភាពប្រាកដប្រជា និងស្គាល់ពលរដ្ឋឲ្យច្បាស់ ជាពិសេសជនមានពិការភាពងាយរងហានិភ័យឬជួបឧបទ្ទវហេតុផ្សេងៗ ហើយមិនត្រូវទុកពលរដ្ឋណាម្នាក់​ដាច់បាយស្លាប់​ដោយអាជ្ញាធរពុំបានដឹង ឬដេកឈឺស្លាប់ដោយពុំយកទៅព្យាបាលនៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាពដើម្បីសង្គ្រោះនោះឡើយ។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋទាំង៨គ្រួសារខាងលើ ក្នុងមួយគ្រួសារៗទទួលបាននូវអង្ករ ១បេ មី១កេស ទឹកត្រី១យួរ និងទឹកស៊ីអ៊ីវ ១យួរផងដែ៕