(ភ្នំពេញ)៖ លោក​ ម៉ម អំណត់ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីភាព ក្នុងកម្មវិធីសំណេះសំណាលប្រគល់កុំព្យូទ័រយួរដៃ និងវិញ្ញាបនបត្រ ជូននិស្សិតជ័យលាភីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោចំនួន ៥០០នាក់។

ពិធីនោះមានការចូលរួមពីថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ និងនិស្សិតនៃសាកលវិទ្យាល័យចំនួន ៦រួមមាន៖
* បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT)
* សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP)
* វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC)
* សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP)
* សាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM)
* សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន (Paragon.U)

ក្នុងពិធីនេះ លោក​ ម៉ម អំណត់​ បានមានប្រសាសន៍ណែនាំនិស្សិតឈ្វេងយល់ឱ្យបានច្រើនពីចក្ខុវិស័យ និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ សម្រាប់អភិវឌ្ឍន៍ខ្លួនអោយចំគោលដៅ ដើម្បីក្លាយជាធនធានដ៏មានសមត្ថភាព ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសនាពេលអនាគត។

លើសពីនោះទៅទៀត លោកបានបន្ថែមទៅលើការប្រើប្រាស់បច្ចេកវិទ្យា AI ដែលបង្កើតឱ្យមានព័ត៌មាន​មិនពិតជាច្រើននៅលើបណ្តាញសង្គម ដូច្នេះឯកឧត្តមបានផ្តល់អនុសាសន៍ដល់និស្សិត និងប្រជាពលរដ្ឋទូទៅឱ្យមានការត្រិះរិះពិចារណាឱ្យបានខ្ពស់មុននឹងជឿលើព័ត៌មានណាមួយ ជៀសវាងការមានការភាន់ច្រឡំ ឬគ្រោះថ្នាក់ផ្សេងៗដែលអាចមានចំពោះខ្លួនឯង គ្រួសារ និងសង្គមជាតិ៕