(ភ្នំពេញ)៖ លោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងលោក ហេង សួរ រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥នេះ បានចុះសំណេះសំណាលសួរសុខទុក្ខ ប្រជាពលរដ្ឋ ដែលមកទទួលសេវាពិនិត្យ ព្យាបាលជំងឺនៅមន្ទីរពេទ្យព្រះអង្គឌួង ដែលប្រើប្រាស់មូលនិធិសមធម៌ និងប័ណ្ណ ប.ស.ស។
ការចុះរួមគ្នានេះគឺក្នុងគោលបំណង ដើម្បីស្វែងយល់បន្ថែមពីប្រសិទ្ធភាពនៃការប្រើប្រាស់មូលនិធិសមធម៌ និងបណ្ណ ប.ស.ស ដែលប្រជាជនបានយកបណ្ណនេះ មកទទួលសេវាសុខាភិបាលនៅតាមមន្ទីរពទ្យ ហើយនេះជាការលើកទឹកចិត្ដរបស់រាជរដ្ឋាភិបាល ជូនប្រជាពលរដ្ឋយើងយកមកប្រើប្រាស់ សំដៅការផ្តល់ការគាំពារដល់ពលរដ្ឋមកពីគ្រួសារក្រីក្រ ឱ្យទទួលបានសេវាសុខភាព ប្រកបដោយសមធម៌ គុណភាព ស័ក្តិសិទ្ធភាព និងប្រសិទ្ធភាពដោយមិនមានហានិភ័យផ្នែកហិរញ្ញវត្ថុ។
ក្នុងឱកាសនោះដើម្បីផ្ទៀងផ្ទាត់ថា ប្រជាពលរដ្ឋដែលមកទទួលសេវាសុខាភិបាល ពិតជាទទួលបានសេវាកម្មប្រកបដោយការយកចិត្ដទុកដាក់ពីក្រុមគ្រូពេទ្យ និងក្រុមការងារ ប.ស.ស ប្រចាំការនៅមន្ទីរពេទ្យព្រះអង្គឌួង លោកសាស្ដ្រាចារ្យ ឈាង រ៉ា រួមទាំងលោក ហេង សួរ បានចុះសំណេះសំណាលដោយផ្ទាល់ជាមួយប្រជាពលរដ្ឋ។
ជាលទ្ធផលប្រជាពលរដ្ឋ បានសម្ដែងការសប្បាយចិត្ដ ពីការបម្រើសេវាសុខាភិបាលនៅមន្ទីរពេទ្យព្រះអង្គឌួង ពិសេសបង្ហាញនូវសេចក្ដីរំភើបជាពន់ពេកចំពោះថ្នាក់ដឹកនាំ ដែលខិតខំប្រឹងប្រែងអស់ពីលទ្ធភាព ដើម្បីធ្វើយ៉ាងណាផ្ដល់សេវាសុខាភិបាលដោយប្រើប្រាស់មូលនិធិសមធម៌ និងប័ណ្ណ ប.ស.ស មិនឱ្យរងចំាយូរ និងបម្រើសេវាដោយមិនរើសអើង ហើយមានប្រសិទ្ធភាពខ្ពស់។
ចំនួនអ្នកជំងឺមកទទួលសេវានៅមន្ទីរពេទ្យជាធម្យមក្នុងមួយថ្ងៃមាន អ្នកជំងឺពិនិត្យពិគ្រោះក្រៅចំនួន ២៥០០-៣០០០នាក់ អ្នកជំងឺសម្រាកពេទ្យ ៤៥០-៦១០នាក់ អ្នកជំងឺវះកាត់ចំនួន ២០០នាក់។ ក្នុងចំណោមអ្នកជំងឺទាំងអស់ គិតជាភាគរយ មានអ្នកជំងឺបង់ថ្លៃប្រហែល ២៥% អ្នកជំងឺបសស ៥០% អ្នកជំងឺសមធម៌ ១៥% និងអ្នកជំងឺលើកលែងថ្លៃ ១០%។ ក្នុងនោះចំនួនអ្នកជំងឺពិនិត្យពិគ្រោះក្រៅ ក្នុងឆ្នាំ២០២៤ មាន ៨០៦,១៥៤នាក់ កើនឡើងចំនួន ២៣០,៤៥៩នាក់ បើធៀបនឹងឆ្នាំ២០២៣ ស្នើនឹង ៣៦%។
ការកើនឡើងនៃប្រជាពលរដ្ឋមកទទួលសេវា នៅមន្ទីរពេទ្យព្រះអង្គឌួង ដោយសារទទួលបានភាពជឿទុកចិត្ដពីប្រជាពលរដ្ឋ ក្នុងនោះក្រុមគ្រូពេទ្យ និងបុគ្គលិកមន្ទីរពេទ្យមានក្រមសីលធម៌ វិជ្ជាជីវៈនិងបច្ចេកទេសខ្ពស់ និងការផ្តល់សេវារហ័ស ដោយក្នុងមួយថ្ងៃត្រូវផ្តល់ការពិនិត្យជូនអ្នកជំងឺឱ្យរួចរាល់ (1day system)។
សម្រាប់នៅថ្ងៃទី១៩ ខែមីនានេះ អ្នកជំងឺដែលមកទទួលសេវានៅមន្ទីរពេទ្យព្រះអង្គឌួង ប្រមាណជិត ៣ពាន់នាក់ ក្នុងនោះបង់ប្រាក់ ជាង៥០០នាក់ ប្រើប្រាស់បណ្ណ ប.ស.ស ជាង ១៦០០នាក់, មូលនិធិសមធម៌ជិត៥០០នាក់ និងលើកលែងបង់ថ្លៃ ចំនួនប្រមាណ ១០០នាក់៕