(ពោធិ៍សាត់)៖ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន និងលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញជួបសំណេះសំណាល ជាមួយកម្លាំងបោសសំអាតមីន និងចុះទស្សនកិច្ចការបោសសម្អាតចម្ការមីន របស់អង្គការ THE HALO TRUST ដែលកំពុងបំពេញបេសកកម្មការងារ នៅចំណុចរមណីយដ្ឋានថ្មដាតូច ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ពិធីនេះបានការចូលរួមពីលោក ទូច ភាព អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ក្រុមការងារអាជ្ញាធរមីន អាជ្ញាធរស្រុកឃុំ តំណាងប្រជាពលរដ្ឋ និងកម្លាំងបោសសំអាតមីន របស់អង្គការ THE HALO TRUST យ៉ាងច្រើនកុះករ។
លោក ញ៉ុង បូណា តំណាងអង្គការ THE HALO TRUST បានឱ្យដឹងថា កាលពីឆ្នាំ២០២៣ អង្គការរបស់លោក បានទទួលការអនុញ្ញាតឱ្យចុះស្រាវជ្រាវផលប៉ះពាល់ដោយសារមីន នៅភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ នឹងបានរកឃើញចម្ការមីន ចំនួន១១កន្លែង លើផ្ទៃដីចំនួន១២៥ហិកតា។ អង្គការ THE HALO TRUST បានដាក់ពង្រាយកម្លាំងបោសសម្អាតមីន ចំនួន១១ក្រុម ដែលមានអ្នកបោសសម្អាតមីន ចំនួន១១០នាក់ ក្រោមជំនួយឧបត្ថម្ភពី អាឡឺម៉ង់ (GFFO), អាមេរិក (PM/WRA), អង់គ្លេស (FCDO), ស្វីស (SDC), អៀកឡង់ (IRISH) និងកាណាដា (CANADA)។
លោកបន្ត ថា រហូតមកដល់ពេលនេះអង្គការ THE HALO TRUST បានធ្វើការបោសសម្អាតមីនបានចំនួន ៧ចម្ការ មានផ្ទៃដីចំនួន ៣២.៣ហិកតា រកឃើញមីនចំនួន១៥០គ្រាប់ និងគ្រាប់មិនទាន់ផ្ទុះចំនួន៤គ្រាប់។ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ អង្គការរបស់លោកបានធ្វើការរៀបចំកម្មវិធីផ្ទេរប្រគល់ដីបោសសម្អាតរួច ជូនរមណីយដ្ឋានថ្មដាតូច មន្ទីរបរិស្ថាន និងប្រជាពលរដ្ឋ ដែលទទួលអាស្រ័យផលពីព្រៃធម្មជាតិទាំងនោះ ក្រោមការសម្របសម្រួលពីអគ្គលេខាធិការរងអាជ្ញាធរមីន។ ពីមុនមក អង្គការយើងខ្ញុំ ធ្លាប់បានចូលរួមបោសសម្អាតមីន គាំទ្រដល់វិស័យទេសចរណ៍ ដែរ តែមានលក្ខណៈទ្រង់ទ្រាយតូច ដូចជាការបោសសម្អាតមីនតាមប្រាសាទ និងតាមរមណីយដ្ឋាននានា។
នាឱកាសនោះលោក ខូយ រីដា បានថ្លែងអំណរគុណដល់គម្រោងបោសសម្អាតមីន នៅរមណីយដ្ឋានថ្មដាតូច ដែលជាគម្រោងដ៏ធំមួយរបស់អង្គការ THE HALO TRUST ធ្វើការបោសសម្អាតមីន ដើម្បីគាំទ្រដល់វិស័យទេសចរណ៍ក្នុងខេត្ត និងបានជួយសង្គ្រោះអាយុជីវិតភ្ញៀវទេសចរ ទាំងជាតិ និងអន្តរជាតិ ដែលអាចកើតមានជាយថាហេតុ។ គម្រោងនេះប្រព្រឹត្តទៅបានក៏ដោយសារតម្រូវការចាំបាច់ របស់រដ្ឋបាលខេត្តពោធិ៍សាត់ ដែលបានស្នើសុំ និងពិភាក្សាគ្នា រហូតមានការឯកភាព ពីអគ្គលេខាធិការអាជ្ញាធរមីន។
លោកបណ្ឌិត លី ធុជ បានថ្លែងឱ្យដឹងអំពីគោលបំណងនៃទស្សនកិច្ចការបោសសម្អាតមីន របស់អង្គការ THE HALO TRUST នាឱកាសនេះ គឺដើម្បីសិក្សាស្វែងយល់ ពីការបោសសម្អាតមីន គាំទ្រដល់វិស័យទេសចរណ៍ និងដើម្បីបញ្ចៀសពីការគ្រោះថ្នាក់ ដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋ ដែលទទួលអាស្រ័យផលពីព្រៃធម្មជាតិ នៅតំបន់នេះ។
លោកបណ្ឌិត បានថ្លែងទៀតថា អាជ្ញាធរមីន ដោយទទួលការគាំទ្រទស្សនវិស័យវែងឆ្ងាយទៅអនាគត របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា គឺសម្តេចមានបំណងចង់កែប្រែអតីតតំបន់សង្គ្រាម ដែលពោរពេញទៅដោយស្នាមបង្ហូរឈាម និងចំការមីន ដូចនៅស្រុកវាលវែង ឃុំថ្មដានេះ បានក្លាយទៅជាទំបន់ទេសចរណ៍ដ៏ទាក់ទាញ សម្រាប់ភ្ញៀវទេសចរជាតិ-អន្តរជាតិ មកលេងកម្សាន្ត។ ជាមួយគ្នានោះ ការបោសសម្អាតមីន ក៏គាំទ្រដល់វិស័យអភិវឌ្ឍន៍នានា តាមតម្រូវការរបស់ខេត្ត ។
លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា តាមរយៈការចុះពិនិត្យជាក់ស្តែងលើទីតាំងចម្ការមីនដែលបោសសំអាតរួច និងចុចកំទេចគ្រាប់រួចមក យើងឃើញថា ការកំទេចក្បាលគ្រាប់១គ្រាប់ គឺស្មើនឹងយើងបានជួយសង្គ្រោះអាយុជីវិតប្រជាជនស្លូតត្រង់១គ្រួសារ ផ្ទុយទៅវិញការចុចកំទេចគ្រាប់ ចំនួន៣គ្រាប់ គឺហាក់ស្នើនឹងយើងបានជួយសង្គ្រោះអាយុជីវិតប្រជាជនស្លូតត្រង់ បាន៣គ្រួសារផងដែរ៕