(ព្រះសីហនុ)៖ លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ និងលោក អ៉ឹម សុខធី ប្រធានលេខាធិការដ្ឋានក្រុមការងារ ជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ជាមួយក្រុមហ៊ុនវិនិយោគដែលទទួលបានការលើកទឹកចិត្តតាមរយៈ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ» ឆ្នាំ២០២៤-២០២៥ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត អភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ និងអ្នកវិនិយោគ សរុបចំនួន១២៩នាក់។
លោក ម៉ាង ស៊ីណេត បានថ្លែងថា រដ្ឋបាលខេត្ត នឹងជួយសម្របសម្រួលដល់លោក លោកស្រី ជាអ្នកវិនិយោគទាំងអស់ ដែលបានទទួលការលើកទឹកចិត្ត និង ការអនុញ្ញាតផ្សេងៗ ពីក្រុមការងារពិសេសជំរុញការវិនិយោគខេត្តព្រះសីហនុ។ លោកបន្ថែមថា ក្នុងករណីជួបការលំបាក និង បញ្ហាប្រឈម រដ្ឋបាលខេត្តស្វាគមន៍ទទួលយក និង រីករាយរកដំណោះស្រាយរួមគ្នា សំដៅឱ្យការសាងសង់ និង ការប្រកបរបរអាជីវកម្ម ទទួលបានជោគជ័យ ដែលតាមនេះ, ក៏ជាជោគជ័យរបស់រដ្ឋបាលខេត្តផងដែរ ព្រោះយើងដើរលើផ្លូវតែមួយ ។
លោកអភិបាលខេត្ត បានគូសរំលេចថា ការដាក់ចេញនូវវិធានការ និង យន្តការ ដែលមានលក្ខណៈជាកញ្ចប់ប្រទាក់ក្រឡាមុតស្រួច និងសាមញ្ញ ក្នុង «កម្មវិធីពិសេសជំរុញ ការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» របស់រាជរដ្ឋាភិបាល ក្នុងគោលបំណង ដើម្បីស្ដារ និង ជំរុញកំណើនសេដ្ឋកិច្ចខេត្តព្រះសីហនុ ក្នុងដំណាក់កាលនៃវិបត្តិសេដ្ឋកិច្ចពិភពលោក ដែលរងផលប៉ះពាល់ពីការរាតត្បាតជំងឺកូវីដ-១៩ ពិសេសការដោះស្រាយគម្រោងវិនិយោគពាក់ព័ន្ធនឹងអគារកំពុងជាប់គាំង។
លោក អ៉ឹម សុខធី បានជម្រាបជូនអង្គប្រជុំថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឱ្យបន្ត «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» រហូតដល់ដំណាច់ឆ្នាំ ២០២៥។
លោកប្រធានលេខាធិការដ្ឋាន បានគូសបញ្ជាក់ថា គិតមកដល់ខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានសម្រេចជាគោលការណ៍ផ្ដល់ការលើកទឹកចិត្ត ដល់គម្រោងវិនិយោគ ចំនួន ២៦៩ គម្រោង ក្នុងនោះគម្រោងវិនិយោគពាក់ព័ន្ធនឹងអគារកំពុងជាប់គាំងមានចំនួន ១២៣ គម្រោង, គម្រោងវិនិយោគដែលពុំពាក់ព័ន្ធនឹងអគារជាប់គាំង ជាគម្រោងថ្មី ១១៣គម្រោង, គម្រោងពង្រីក មានចំនួន ២៣ គម្រោង និង គម្រោងមានស្រាប់មាន ១០គម្រោង៕