(ភ្នំពេញ)៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងលោកស្រីវេជ្ជបណ្ឌិត វូ សុភៈទេវី នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញសំណេះសំណាល ជាមួយមន្ត្រីរាជការជានារីនៃទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងឱកាសអបអរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្រ្តីនិងក្មេងស្រីគ្រប់រូប» នៅទីស្តីការគណៈរដ្ឋមន្ត្រី។
ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោក សក់ សេដ្ឋា ទេសរដ្ឋមន្ត្រី, លោកស្រី ផាតឆែម ម៉ារីហ្វ្រង់ ឆែម គាតរិទ្ធី និងលោក ឆែម គាតរិទ្ធី ទេសរដ្ឋមន្ត្រី, លោកស្រីបណ្ឌិត កុយ ពិសី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី, លោកស្រី សុខ ច័ន្ទឆវី រដ្ឋលេខាធិការ តំណាងលោកស្រីកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី, លោកស្រី លោក ដែលជាមន្រ្តីរាជការនៃទីស្តីការគណៈរដ្ឋមន្ត្រីយ៉ាងច្រើនកុះករ។
ក្នុងពិធីសំណេះសំណាលនេះ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានផ្តាំផ្ញើសេចក្តីនឹករលឹករបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការជាស្ត្រី នៅទីស្តីការគណៈរដ្ឋមន្ត្រី។
ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានថ្លែងថា ឆ្នាំ២០២៥ នេះ គឺជាខួបលើកទី១១៤ នៃទិវាអន្តរជាតិនារី ៨មីនា ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូប» ហើយឆ្នាំនេះក៏ជាខួបទី៥០ នៃការទទួលស្គាល់ទិវានារីអន្តរជាតិដោយអង្គការសហប្រជាជាតិ និងជាខួប ៣០ឆ្នាំនៃសេចក្តីថ្លែងការណ៍ទីក្រុងប៉េកាំង។
លោកក៏បានរៀបរាប់អំពីដើមកំណើតនៃទិវានារីអន្តរជាតិ ហើយទិវានារីអន្តរជាតិលើកទីមួយត្រូវបានប្រព្រឹត្តទៅនាថ្ងៃទី១៩ ខែមីនា ឆ្នាំ១៩១១។ ចលនានេះក៏បានរីករាលដាលជាបន្តបន្ទាប់ ហើយឆ្នាំ១៩១៧ បានអនុម័តយកថ្ងៃ៨ មីនា ជាទិវានារីអន្តរជាតិ។
ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបន្តថាស្ថានភាពសិទ្ធិនារីមានការវិវត្តដោយឡែកៗទៅតាមប្រទេសនីមួយៗ ហើយសម្រាប់ប្រទេសកម្ពុជា បានចាប់ផ្តើមឡើងជាប្រជាជាតិមួយ ដោយយកស្រ្តីជាធំ ឬមាតាធិបតេយ្យ ហើយវប្បធម៌នៃមាតាធិបតេយ្យនេះ បានជ្រួតជា្របពេញសង្គមកម្ពុជារហូតមកទល់បច្ចុប្បន្ន ដែលជាការបង្ហាញឱ្យឃើញពីគុណភាពយេនឌ័រ (Gender quality) នៅកម្ពុជាក្នុងប្រវត្តិសាស្រ្តជាងពីរពាន់ឆ្នាំរបស់ខ្លួន ទោះបីជាកម្ពុជាបានទទួលឥទ្ធិពលពីឥណ្ឌានិងចិនដែលសុទ្ធសឹងជាវប្បធម៌បិតាធិបតេយ្យ។
ឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានផ្សារភ្ជាប់សិទ្ធិនារីទៅនឹងទិដ្ឋភាពសង្គម និងមានប្រសាសន៍ថា សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ បានបង្កើតឱកាសជាទូទៅសម្រាប់នារី ហើយបើគ្មានសន្តិភាព និងការអភិវឌ្ឍ សិទ្ធិនារីក៏មិនអាចវិវត្តល្អប្រសើរដូចសព្វថ្ងៃនេះដែរ។
លោកបានរំលឹកអំពីគុណូបការៈដ៏ធំធេងរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាអតីតនាយករដ្ឋមន្រ្តី ដែលបានធ្វើឱ្យប្រទេសកម្ពុជាមានសុខសន្តិភាពពេញលេញបរិបូរណ៌ និងមានកិច្ចអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះ ការលើកកម្ពស់សមភាពយេនឌ័រ តាមរយៈការបង្កើនកូតាមន្ត្រីរាជការជាស្ត្រី និងការបង្កើនភាពអង់អាចដល់ស្រ្តីនិងក្មេងស្រី មានវឌ្ឍនភាពជាបន្តបន្ទាប់ និងមានការទទួលស្គាល់ ទាំងក្នុងកម្រិតតំបន់ និងនៅលើឆាកអន្តរជាតិ។
ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបន្តថារាជរដ្ឋាភិបាលកម្ពុជាបានសម្រេចនូវសមិទ្ធិផលជាច្រើនក្នុងការលើកកម្ពស់សមភាពយេនឌ័រ ដូចជា ការដាក់ចេញនូវយន្តការបញ្ជ្រាបយេនឌ័រកម្រិតជាតិ, នៅតាមវិស័យ និងនៅថ្នាក់ក្រោមជាតិ, គោលនយោបាយអប់រំ, ការបង្កើតអន្តេវាសិកដ្ឋានដោយផ្តល់អាទិភាពទៅលើស្រ្តី បង្កឱកាសឱ្យស្រ្តីមានលទ្ធភាពទទួលបានការងារនិងប្រាក់ចំណូលសមរម្យនិងចូលរួមគាំទ្រអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ, ការដាក់ចេញនូវក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម, វិធានការការពារផ្លូវច្បាប់ជូនស្រ្តី, ការដាក់ចេញវិធានការពិសេស និងបណ្តោះអាសន្ននានា ក្នុងការលើកកម្ពស់តួនាទីស្រ្តី ក្នុងអភិបាលកិច្ច។
ជាក់ស្តែង អត្រាចូលរួមកម្លាំងពលកម្មស្ត្រីនៅកម្ពុជា មានអត្រាខ្ពស់ជាងនៅក្នុងប្រទេសជិតខាង ពិសេសក្នុងវិស័យផលិតកម្ម ប៉ុន្តែដើម្បីបន្តកសាងសមត្ថភាព និងគុណភាពកម្លាំងពលកម្ម លោកបានជំរុញឱ្យស្ត្រីគ្រប់រូបបន្តពង្រឹងជំនាញ (upskill) និងរៀនជំនាញថ្មី (reskill)។ ជារួម ផ្អែកលើទិដ្ឋភាពច្បាប់ និងគោលនយោបាយ កម្ពុជាកំពុងដើរក្នុងផ្លូវត្រូវ យ៉ាងណាមិញ យើងត្រូវតែបន្តដំណើរទៅមុខទៀត ពិសេសក្នុងការអភិវឌ្ឍសមត្ថភាព ការបណ្តុះសហគ្រិនភាព ការតភ្ជាប់ស្ត្រីជាមួយបណ្តាញធុរកិច្ចស្ត្រីដែលទទួលបានជោគជ័យក្នុងការធ្វើអាជីវកម្ម និងការបង្កើនគុណភាពសមភាពយេនឌ័រនៅក្នុងសង្គម។
ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបន្តថាការវិនិយោគរបស់រដ្ឋមួយមុខមិនគ្រប់គ្រាន់ទេ ប៉ុន្តែត្រូវ ទី១. បង្កើនការយល់ដឹងរបស់បុរសលើបញ្ហាយេនឌ័រ, ទី២. ការប្រតិបត្តិនិយាមសង្គមល្អៗ និងនិយាមវប្បធម៌ ថ្នាក់ដឹកនាំត្រូវផ្តល់ជាគំរូល្អដល់ថ្នាក់ក្រោម, ទី៣. កែលម្អច្បាប់ពាក់ព័ន្ធនឹងហិង្សា និងពង្រឹកការអនុវត្តច្បាប់ពាក់ព័ន្ធនឹងយេនឌ័រឱ្យមានប្រសិទ្ធភាព, និងទី៤. បន្តខិតខំលុបបំបាត់ឱ្យអស់អំពើហិង្សាយេនឌ័រ។
ជាកិច្ចបញ្ចប់ ឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានពាំនាំនូវអំណោយរបស់ សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត នូវទឹកប្រាក់ចំនួន ១៥ម៉ឺនរៀល/ម្នាក់ ជូនមន្ត្រីរាជការជាស្ត្រីនៃទីស្តីការគណៈរដ្ឋមន្ត្រី ៩០២នាក់។
គួរបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំប្រកប ដោយចក្ខុវិស័យវែងឆ្ងាយ និងមុតស្រួចរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្ត ផ្តល់អាទិភាពលើការលើកកម្ពស់សមភាពយេនឌ័រ ការទប់ស្កាត់រាល់ទម្រង់នៃអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្ត្រីនិងក្មេងស្រីនៅគ្រប់វិស័យ ជាអាទិភាពនៅក្នុងរបៀបវារៈគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ តាមរយៈការពង្រឹងភាពជាពលរដ្ឋក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ដែលក្នុងនោះ «ស្ត្រី គឺជាស្នូល»៕